សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

ព្រះ​អង្គ​ម្ចាស់​នៅ​ស៊ុយអែត​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ​ខ្មែរ

121031_5
កម្មក​រ​នៅ​រោង​ចក្រ​ Top Form ក្នុង​ខណ្ឌ​ឫស្សី​កែវ​តវ៉ា​ខែ​មុន​
ភ្នំពេញៈ ការ​អំពាវនាវ​មាន​កាន់​តែង​ខ្លាំង​ឡើង​ៗ នៅ​ក្នុង​ប្រទេស​ស៊ុយអែត​ឲ្យ​ក្រុមហ៊ុន​សម្លៀក​បំពាក់​ពហុជាតិ​សាសន៍ ​ H&M ធ្វើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់​ដេរ​កម្ពុជា ហើយ​ការ​អំពាវនាវ ឥឡូវ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​មាន​ការ​យក​ព្រះទ័យ ទុក​ដាក់​។
ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រ​រិន របស់​កម្ពុជា​ ដែល​មាន​ព្រះជន្ម ៣៨​ ព្រះ​វស្សា គង់​នៅ​ប្រទេស​ស៊ុយអែត អស់​រយៈ​ពេល​ជាង​ ៣០​ឆ្នាំ​មក​ហើយ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ព្រះ​អង្គ​ បាន​និង​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន ​H&M ​ធ្វើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​កាត់​ដេរ​នៅ​រោងចក្រ ក្នុង​ប្រទេស​កម្ពុជា​។​ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា​៖ «​យើង​ចង់​ឲ្យ​មាន​នូវ​ប្រាក់​ឈ្នួល​រស់នៅ​សមរម្យ​មួយ​សម្រាប់​កម្មករ ​ទាំង​នេះ​»។ «​យើង​ចង់​ឲ្យ​ក្រុមហ៊ុន H&M ធ្វើ​ការ​ជំរុញ​ទៅ​ដល់​រោងចក្រ​ដែល​ខ្លួន​បញ្ជា​ទិញ​ឲ្យ​ដោះ​ស្រាយ​បញ្ហា នេះ​»។ ព្រះ​អង្គ​ម្ចាស់ បាន​មាន​បន្ទូល​ទៀត​ថា​ បញ្ហា​ប្រាក់​ឈ្នួល​រស់នៅ​សមរម្យ ដែល​សម្ព័ន្ធ​អង្គការ​សិទ្ធិ​ការងារ Asia Floor Wage Alliance ​បាន​និយាយ​គឺ​មាន​ចំនួន ២៨១​ ដុល្លារ ក្នុង​មួយ​ខែ​ សម្រាប់​កម្មករ​កាត់​ដេរ ហើយ​បញ្ហា​នេះ មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ​ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ស៊ុយអែត កាល​ពី​សប្តាហ៍​មុន។

កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ខឹង​ខ្លាំង ពី​ប្រជាជន​នៅ​ប្រទេស​ស៊ុយអែត គឺ​បន្ទាប់​ពី​មាន​ការ​ចាក់​ផ្សាយ​ភាពយន្ត​ឯកសារ​នៅ​ប៉ុស្តិ៍​ ទូរទស្សន៍​លេខ ៤​របស់​ស៊ុយអែត​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឧស្សាហកម្ម កាត់​ដេរ​កម្ពុជា​ ដែល​មាន​ចំនួន​៦១​ដុល្លារ​ក្នុង​មួយ​ខែ​ប្រសិន​បើ​មិន​រាប់​បញ្ចូល ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ។​
ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា​៖ «ប្រជាជន​នៅ​ស៊ុយអែត​មាន​ក្តី​បារម្ភ​អំពី​បញ្ហា​នេះ។ ​ពួក​គេ​​បារម្ភ​អំពី​លក្ខខណ្ឌ​ការងារ​នៅ​ពី​ក្រោយ​]​អ្វី​ដែល​ពួក​គេ​ បាន​ទិញ​»។​ ព្រះ​អង្គ​បាន​បន្ត​ទៀត​ថា ព្រះ​អង្គ​បាន​ផ្តល់​អនុសាសន៍​ដល់​កិច្ច​ប្រជុំ​ផ្សេង​ៗ​អំពី​លក្ខខណ្ឌ នៅ​ក្នុង​រោងចក្រ​ផ្សេងៗ ​ដែល​ក្រុម​ហ៊ុន H&M បញ្ជា​ទិញ ហើយ​បាន​ស្នើ​សុំ​ការ​អង្គុយ​ជជែក​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​បាន​បដិសេធ​។ ព្រះ​អង្គ​ម្ចាស់​បាន​បន្ត​ថា​៖ «ខ្ញុំ​បាន​ព្យាយាម​និយាយ​ទៅ​កាន់​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​ឆ្លើយ​តប។ ខ្ញុំ​ចង់​ឲ្យពួក​គេ​ដោះស្រាយ​បញ្ហា​នេះ​»។ ព្រះអង្គ​បន្ថែម​ទៀត​ថា​ ក្រុម​សកម្មជន​នៅ​ប្រទេស​ស៊ុយអែត កំពុង​គ្រោង​ធ្វើ​បាតុកម្ម​ជា​សាធារណៈ។
ព្រះ​អង្គ​ ចក្ររិន បាន​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​តែ​ឈ្មុសឈ្មុល​ផង​ដែរ​ក្នុង​ការ ធានា​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ។​
ក្រុមហ៊ុន H&M បាន​ថ្លែង​ការពារ ចំពោះ​លក្ខខណ្ឌ​ផ្តល់​ដល់​កម្មករ​នៅ​រោងចក្រ​ដែល​ខ្លួន​បញ្ជា​ទិញ​រួម ​មាន​ដូច​ជា​រោងចក្រ M&V ខេត្ត​កំពង់ឆ្នាំង ដែល​មាន​កម្មករ​រាប់​រយ​នាក់​ដួល​សន្លប់​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​។ លោក Karl-Johan Persson ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ​H&M បាន​ថ្លែង​ថា ក្រុមហ៊ុន H&M កំពុង​ទទួល​រង​សម្ពាធ​ដោយ​អយុត្តិធម៌​តែ​ម្នាក់​ឯង​ពី​សាធារណជន។ ​លោក​ថ្លែង​ថា ក្រុមហ៊ុន​ពិត​ជា​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន បញ្ជា​ទិញ​។
លោក​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​កាសែត​កាល​ពី​សប្តាហ៍​មុន​ថា​៖ « នៅ​ប្រទេស​កម្ពុជា ការ​ពិភាក្សា​ជាមួយ​សហជីព​ ត្រូវ​បាន​ធ្វើ​ឡើង ហើយ​អនុសញ្ញា​រួម ​កំពុង​តែ​អនុវត្ត»។ លោក​បន្ត​ថា​៖ «​វា​ច្បាស់់​ណាស់​ មាន​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ឡើង នោះ​ហើយ​ជា​ហេតុផល​ដែល​យើង​ធ្វើ​ការ​ងារ​ជាមួយ​កម្មវិធី​រោងចក្រ​កាន់​ តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​ក្នុង សង្គម​ប្រសើរ​ឡើង​ស្តីពី​ទីផ្សារ​ការងារ»។
លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​ទទួល​បាន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​ក្រុមហ៊ុន H&M ​មាន​វត្តមាន​នៅ​ទី​នេះ ហើយ​កម្មករ​អាច​នឹង​ក្រ​ទៅៗ​ប្រសិន​បើ​ក្រុមហ៊ុន ដាក់​ការ​បញ្ជា​ទិញ​ទៅ​ប្រទេស​ដទៃ​វិញ។
ក្រុម​អ្នក​តស៊ូ​មតិ​ផ្នែក ការងារ​ដែល​មាន​ឈ្មោះ​ថា យុទ្ធនាការ​សម្លៀក​បំពាក់​ស្អាត បាន​អំពាវ​នាវ​ឲ្យ​ក្រុមហ៊ុន H&M ធ្វើ​ការ​ធានា​ថា កម្មករ​ ទទួល​បាន​ប្រាក់​ខែ​ចំនួន ១៣១​ ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​នេះ​ ជា​តួលេខ​លើក​ឡើង​ដោយ​សហជីព​ឯករាជ្យ និង​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ប្រាក់​ឈ្នួល​រស់នៅ​សមរម្យ៕ 

No comments:

Post a Comment

yes