ក្រុមបាតុករទាមទារឲ្យដោះលែងលោក ម៉ម សូណង់ដូ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃល្ងាចថ្ងៃសុក្រម្សិលមិញ ដោយអះអាងថាករណីរបស់លោកម៉មសូណង់ដូគឺជារឿងក្តីឧក្រិដ្ឋ តែមិនមែនជារឿងនយោបាយទេ។នេះជាប្រតិកម្មលើកទី២ហើយដែលរដ្ឋាភិបាលបានធ្វើក្នុងសប្តាហ៍នេះទៀត ដើម្បីឆ្លើយតបទៅនឹងការរិះគន់ទៅលើការកាត់ទោសលោក ម៉ម សូណង់ដូ។ កាលពីថ្ងៃអង្គការ មន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោកកែវរ៉េមីក៏បានបញ្ចេញប្រតិកម្មតាមរយៈសន្និសីទកាសែតមួយដែរដើម្បីបំភ្លឺករណីនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថា ករណីរបស់លោកម៉មសូណង់ដូគឺជារឿងក្តីឧក្រិដ្ឋ តែមិនមែនជារឿងនយោបាយទេ។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាប្រទេសកម្ពុជាគឺជាសង្គមប្រជាធិបតេយ្យបើកចំហ និងគោរពនីតិវិធីច្បាប់ត្រឹមត្រូវតែក្នុងនាមជានីតិរដ្ឋកម្ពុជាត្រូវតែអនុវត្តន៍នីតិវិធីច្បាប់របស់ខ្លួនដោយមិនអាចអនុញ្ញាតឲ្យមានអបគមន៍បានទេ។
អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា ករណីរបស់លោកម៉មសូណង់ដូនិងគូកនរបស់គាត់មិនមែនជារឿងសេរីភាពសម្តែងមតិហើយក៏មិនទាក់ទងនឹងឯករាជ្យភាពឬអព្យាក្រឹតភាពរបស់តុលាការដែរ។សេចក្តីថ្លែងការណ៍បានពន្យល់ថាតុលាការបានសម្រេចសេចក្តីករណីលោកម៉មសូណង់ដូដោយផ្អែកលើភស្តុតាងយ៉ាងជាក់ស្តែង។លោកម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ អាយុ ៧២ឆ្នាំ ត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសកាលពីថ្ងៃទី១ ខែតុលាឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំក្រោមបទចោទប្រកាន់ថា ជាមេខ្លោងនៃចលនាបង្កើតតំបន់អបគមន៍នៅក្នុងភូមិ ប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរនេះបានបង្កឲ្យមានប្រតិកម្មជាច្រើន។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប គណបក្សប្រឆាំង អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដើម្បីរិះគន់ប្រព័ន្ធតុលាការកម្ពុជាថា មិនឯករាជ្យ និងស្ថិតក្រោមឥទ្ធិពលនយោបាយ។ ក្រុមអ្នករិះគន់សុទ្ធតែបានសម្តែងការព្រួយបារម្ភ និងបានអំពាវនាវឲ្យដោះលែងលោកម៉ម សូណង់ដូរជាបន្ទាន់។ ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសពន្យល់ថាអ្នកនៅខាងក្រៅងាយណាស់ក្នុងការធ្វើសេចក្តីថ្លែងការណ៍ដោយគ្មានភស្តុតាងច្បាស់លាស់។ សេចក្តីថ្លែងការណ៍ទាំងនោះទៀតសោត មានគោលដៅប៉ុនប៉ងជះឥទ្ធិពលលើតុលាការកម្ពុជាដែលធ្វើឲ្យខូចដល់ឯករាជ្យនិងអព្យាក្រឹតភាពរបស់តុលាការ។
នេះជាលើកទី២ហើយនៅក្នុងសប្តាហ៍នេះ ដែលរដ្ឋាភិបាលបញ្ចេញប្រតិកម្មជាសាធារណៈចំពោះករណីលោកម៉ម សូណង់ដូ។ កាលពីថ្ងៃអង្គារ លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីក៏បានបញ្ចេញប្រតិកម្មតាមរយៈសន្និសីទកាសែតមួយដោយលោកបានហៅប្រតិកម្មគាំទ្រលោកម៉មសូណង់ដូ ថាជាការបង្កើតវប្បធម៌គាំទ្រអ្នកទោស ហើយបែរជាមកប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ទៅវិញ។ បីថ្ងៃក្រោយមក អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក៏បានបញ្ចេញប្រតិកម្មម្តង៕
No comments:
Post a Comment
yes