សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

មេ​ចោរ​ប្លន់ ចាប់​ជំរិត​ដ៏​ល្បី​ធ្លាប់​ធ្វើ​សកម្មភាព​រាប់​មិន​អស់​ចាប់​ខ្លួន​បាន​នៅ​កំពង់ធំ


កំពង់ធំៈ មេចោរ​ប្លន់ ចាប់​ជំរិត​ដ៏​ល្បី​ឈ្មោះ​ម្នាក់ និង​គូកន​ពីរ​នាក់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​តិច​៦ខេត្ត ក្រុង នៅ​ក្នុង​ប្រទេស​អស់​ជាង​១០​ឆ្នាំ​មក​នេះ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ធំ ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃ​ចន្ទ​ទើប​កន្លង​ទៅ។
ឧត្ដមសេនីយ៍ត្រី ផាន់ សុផេង ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្រុម​នេះ បាន​ធ្វើ​ឡើង​ដោយ«ហ្មត់ចត់» «ប្រុងប្រយ័ត្ន» និង ក្រោម«ការ​អង្កេត​តាមដាន​យ៉ាង​លម្អិត»ជិត​បី​ឆ្នាំ​ហើយ ទើប​អាច​ចាប់​ខ្លួន​កំពូល​មេចោរ​និង​គូកន​ទាំង​ពីរ​នាក់​នេះ​បាន ប៉ុន្តែ បក្ខ​ពួក​គេ​បីនាក់​ទៀត​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។
លោក​បញ្ជាក់​ថា៖ «យើង​អាច​ចាប់​ខ្លួន​គេ​បាន​នៅ​ពេល​នេះ ក្រោយ​ពី​មាន​ភ្នាក់ងារ​សម្ងាត់​បាន​រាយការណ៍​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ​មក​ប្រាប់​ពី​ពួក​គេ​រៀប​គម្រោង​ប្លន់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ»។
លោក​បន្ត​ថា សមត្ថកិច្ច​ស្ទាក់​ឆែកឆេរ​ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​ពេល​ពួក​គេ​ទាំង​ពីរ​នាក់​កំពុង​ជិះ​ម៉ូតូ និង​ម្នាក់​ទៀត​ជិះឡាន នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ នៅ​ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។

លោក​បន្ត​ថា ក្នុង​ពេល​ឃាត់​ខ្លួន​ពួក​គេ​ដែល​ជិះ​ម៉ូតូ គេ​បាន​រើ​បម្រះ​បម្រុង​គេច​ខ្លួន បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​បណ្តាល​ឲ្យ​នាយ​នគរបាល​ម្នាក់​រងរបួស​ស្មា និង​របួស​ចោរ​ប្លន់​ម្នាក់​ដែរ ប៉ុន្តែ​ពុំមាន​ស្លាប់​ទេ។ សមត្ថកិច្ច​រឹបអូស​បាន​កាំភ្លើង កា-៥៤ មួយ​ដើម គ្រាប់​២​បង់ ស្មើ​នឹង​១៦​គ្រាប់ និង​ម៉ូតូ​ហុងដា​ស៊េរី​ឆ្នាំ ២០០៧ ពណ៌​ខ្មៅ​មួយ​គ្រឿង។
លោក​បាន​បញ្ជាក់​ប្រាប់​ថា មេចោរ ដែល​ត្រូវ​ចាប់​ខ្លួន​មាន​ឈ្មោះ តុង ហួន ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ជ្រៃ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ឯ​គូកន​ម្នាក់​ទៀត​ឈ្មោះ សូត្រ សឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប និង​ឈ្មោះ ញៀ វៃ អាយុ ៣៥​ឆ្នាំ រស់​នៅ​ខេត្ត​សៀមរាប​ដែរ។ ចំណែក​មន្ត្រី​នគរបាល​រងរបួស​ឈ្មោះ ម៉ន  ចាន់ថេន  អាយុ ២៤ ឆ្នាំ នៅ​ស្រុក​បារាយណ៍។
លោក​ថ្លែង​បន្ត​ថា មេ​ចោរ​ប្លន់ តុង ហួន គឺជា«កំពូល​មេចោរ» ដែល​ធ្វើ​សកម្មភាព​ប្លន់ ជំរិត តាំងពី​ចុង​ឆ្នាំ ១៩៩៩ មក និង​ជា​មេចោរ​ប្លន់ ដែល​សាហាវ ឃោរឃៅ​បំផុត បើ​ទោះ​ជា​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ក៏ដោយ ក៏​គេ​នៅ​ហ៊ាន​គំរាម​សមត្ថកិច្ច​ដោយ​មិន​ខ្លាច​ញញើត​បន្តិច​ឡើយ។
លោក​បាន​ប្រាប់​ថា៖ «តុង ហួន គេ​គំរាម​ទៅ​កម្លាំង​ប៉ូលិស​ថា ចុះ​បើ​ចាប់​អញ​បាន​ហើយ! ម៉េច​មិន​បាញ់​អញ​ចោល​ទៅ! ចាប់​អញ​ដាក់​គុក​ធ្វើ​អី្វ?»។
លោក​បន្តថា កំពូល​មេចោរ​រូប​នេះ បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​បាញ់​សម្លាប់​និង​ចាប់​ជំរិត ហើយ​កម្លាំង​កាយ​គេ​ខ្លាំងក្លា​ដូច​ពួក​កីឡា​កាស។លោក​ថា៖«សមត្ថកិច្ច​របស់​យើង ៥ ទៅ ៦​នាក់ ចាប់​គេ​ម្នាក់​ស្ទើរ​តែ​មិន​ឈ្នះ»។ លោក​បន្តថា ក្រុម​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់ មាន​ដូចជា នៅ​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ចាម ខេត្ត​កំពង់ឆ្នាំង បន្ទាយមានជ័យ ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរ​មានជ័យ ហើយ​មេចោរ​ម្នាក់ ទៀត​មាន​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ធំ​រហូត​ដល់​ទៅ​៦ ករណី ប៉ុន្តែ​គេ​បាន​លាក់​ខ្លួន​និង​លប​លួច​ធ្វើ​សកម្មភាព​ប្លន់​រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​នេះ​តែ​ម្តង។
នៅ​ពេល​សាកសួរ​ពី​សកម្មភាព​ពួក​គេ ក្នុង​អំឡុង​ពេល​កន្លង​មក លោក​ស្នងការ​រូប​នេះ​ប្រាប់ថា លោក​មិន​បាន​ចាំ​ថា មេចោរ​រូប​នេះ​ធ្វើ​សកម្មភាព​ប្លន់​ប៉ុន្មាន​ករណី ហើយ​សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់​ទេ ប៉ុន្តែ​ថា មូលហេតុ​តាម​ចាប់​មេចោរ​រូប​នេះ គឺ​ចាប់​តាំង​ពី​លោក​មក​កាន់​តំណែង​ជា​ស្នងការ​ខេត្ត​ជាង​៣ឆ្នាំ​មក​នេះ បាន​ពិនិត្យ​លើ​សំណុំ​រឿង​អសន្តិសុខ​សំខាន់​នៅ​ក្នុង​ខេត្ត និង​បាន​កំណត់​មុខសញ្ញា​ក្រុម​ចោរ​ប្លន់​មួយ​ក្រុម​នេះ​ហើយ​បាន​ដាក់​កម្លាំង​បង្កប់​តាមដាន​អស់​ពេល​យ៉ាង​យូរ។
លោក​ស្នងការ​ក៏​បាន​សម្តែង​ការ​បារម្ភ​ចំពោះ​មេចោរ​មាន​កម្លាំង​ខ្លាំង​រូប​នេះ ដែល​អាច​បង្ក​ការ​រំខាន​អុកឡុក​នៅ​ក្នុង​ពន្ធនាគារ ខណៈ​ពន្ធនាគារ​ខេត្ត​មាន​សភាព​មិន​សូវ​រឹងមាំ។ លោក​បញ្ជាក់​ដែរ​ថា៖ «ខ្ញុំ​កំពុង​ស្នើ​យោបល់​ទៅ​ឯកឧត្តម​អភិបាល​ខេត្ត និង​ព្រះរាជអាជ្ញា​ខេត្ត ដើម្បី​ផ្ទេរ​មេចោរ​ម្នាក់​នេះ​ទៅ​ដាក់​នៅ​គុក​ព្រៃ​ស ឬក៏​នៅ​គុក​ត្រពាំង​ផ្លុង វិញ»។
គួរ​រំឭក​ថា មេចោរ​ប្លន់​ប្រដាប់​អាវុធ តុង ហួន​ត្រូវ​ជា​បង​មេចោរ​ចាប់​ជំរិត​ឈ្មោះ តុង ហ៊ីម ដែល​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់ កាល​ពី​ឆ្នាំ​២០០៦ នៅ​ភូមិ​ត្រពាំង​ជ្រៃ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ ប៉ុន្តែ ជន​សង្ស័យ តុង ហ៊ីម បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​និង​ត្រូវ​គ្រាប់​ស្លាប់ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នៅ​ពេល​នោះ៕

No comments:

Post a Comment

yes