១៨-ឧសភា-២០១២៖ កម្មការិនី ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា បង្ហាញស្នាមត្រូវគ្រាប់កាំភ្លើង
ក្នុងពេលកញ្ញាតវ៉ា នៅខេត្តស្វាយរៀង
តុលាការខេត្តស្វាយរៀង បានបញ្ចប់ការពិនិត្យលទ្ធផលនៃការស៊ើបអង្កេតលើសំណុំរឿងបាញ់ប្រហារលើហ្វូងកម្មករនៅក្រុងបាវិត ដែលមានជនជាប់ចោទអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត នោះរួចរាល់ហើយ។
ប៉ុន្តែរហូតមកដល់ពេលនេះ សំណុំរឿងក្ដីនេះកំពុងស្ថិតក្នុងដៃព្រះរាជអាជ្ញា ដើម្បីបន្តនីតិវិធីកំណត់ពេលវេលាបើកសវនាការ។
ក្រុមកម្មករនារីដែលជាជនរងគ្រោះដោយការបាញ់ប្រហារនៅរោងចក្រកៅវ៉េ (Kao Way) កំពុងទន្ទឹងរង់ចាំតុលាការខេត្តស្វាយរៀង បើកសវនាការលើសំណុំរឿងរបស់ពួកគេឲ្យបានឆាប់រហ័ស និងបានសម្ដែងក្ដីព្រួយបារម្ភពីសុវត្ថិភាពក្នុងគ្រាដែលពួកគេទៅធ្វើការដើម្បីជីវភាពរស់នៅប្រចាំថ្ងៃនោះ។
កម្មការិនី ប៊ុន ចិន្តា ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោម ៣នាក់ បានថ្លែងនៅថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ថា ការអូសបន្លាយរឿងក្ដីនេះ បានធ្វើអោយនាងបន្តរស់នៅក្នុងភាពភ័យខ្លាច។ នាងចង់ឲ្យតុលាការខេត្តស្វាយរៀង ឆាប់ដំណើរការសវនាការលើរឿងក្ដីនេះឲ្យបានឆាប់រហ័ស។
កម្មការិនី ប៊ុន ចិន្តា៖ «ឥឡូវខ្ញុំអត់ដឹងដែរណា ព្រោះអីខ្ញុំនៅចាំមើលគេដែរ ព្រោះអីឥឡូវស្ងាត់តែហ្មង។ គេអត់មានផ្ដល់ដំណឹងអីឲ្យខ្ញុំផងហ្នឹង ប៉ុន្មានខែ យូរហើយដែរ។ ខ្ញុំចង់ឲ្យគេបើកសវនាការឆាប់ៗដែរ ឲ្យរឿងហ្នឹងឆាប់ចប់។ ខ្ញុំមិនចង់ឲ្យរឿងហ្នឹងវែងឆ្ងាយទេ ព្រោះអីរឿងហ្នឹងវែងឆ្ងាយកាលណា នៅរាល់ថ្ងៃខ្ញុំកាន់តែភ័យ ចេះតែព្រួយបារម្ភទៅ ព្រោះអីខ្ញុំធ្វើការរាល់ថ្ងៃ មិនអ្នកនរណាគេនេះខ្លះ»។
កម្មការិនី ៣នាក់ នៅរោងចក្រកៅវ៉េ ត្រូវបាញ់អោយរបួសធ្ងន់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ មានឈ្មោះ អ៊ុន ចិន្តា ឬ ប៊ុន ចិន្តា របួសដើមទ្រូងលើដោះឆ្វេងធ្លាយទៅក្រោមក្លៀកខាងឆ្វេង។ កែវ នា រងរបួសដៃស្ដាំ និង នុត សុខន របួសដៃស្ដាំ និងខ្នង។ ពួកគេបានដាក់ពាក្យប្ដឹង លោក ឈូក បណ្ឌិត ជនសង្ស័យនៃការបាញ់ប្រហារនោះ ពីបទមនុស្សឃាតដោយចេតនា។
មេធាវីការពារក្ដីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ស៊ីអ៊ិលអ៊ីស៊ី (CLEC) អ្នកស្រី សារី បុត្រចរិយា មានប្រសាសន៍ថា ក្រុមមេធាវីមិនទាន់បានទទួលព័ត៌មានពីតុលាការចំពោះពេលវេលានៃការបើកសវនាការនោះទេ។ ពួកគេកំពុងចាំមើលការវិវឌ្ឍនៅក្នុងកំឡុងខែវិច្ឆិកា នេះ៖ «យើងគ្រាន់ដឹងថា ចៅក្រមស៊ើបអី គេបានស៊ើបសួរអីចឹងណា។ ប្រហែលជាឥឡូវហ្នឹង យើងត្រូវចាំពេលសវនាការ។ ព័ត៌មាននេះ យើងអត់ទាន់បានទទួលដែរ និយាយទៅដូចវារៀងស្ងាត់បន្តិចដែរ។ យើងអត់ទាន់ដឹងថាសវនាការពិតប្រាកដថ្ងៃណា»។
វិទ្យុអាស៊ីសេរី បានព្យាយាមទូរស័ព្ទជាច្រើនលើកទៅប្រធានតុលាការខេត្តស្វាយរៀង លោក ពេជ្រ ឈឿត និងព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា នៅថ្ងៃទី២ វិច្ឆិកា ប៉ុន្តែអ្នកលើកទូរស័ព្ទថាលោកជាប់រវល់។
ព្រះរាជអាជ្ញា លោក ហ៊ីង ប៊ុនជា កាលពីពេលកន្លងទៅ បានសម្រេចចោទប្រកាន់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនាចំពោះការបាញ់ប្រហារអោយរបួសកម្មការិនី ៣នាក់នៅរោងចក្រកៅវ៉េ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
យ៉ាងនេះក្ដី មកដល់ពេលនេះទាំងកម្មការិនីដែលជាជនរងគ្រោះ និងអ្នកការពារសិទ្ធិមនុស្ស បានដាក់ការសង្ស័យថា អាចនឹងមានជនជាប់ចោទថ្មីម្នាក់ទៀតផ្សេងពីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។ ករណីនេះ បានជំរុញឲ្យពួកគេនៅតែទទូចអោយតុលាការបើកសវនាការឲ្យបានឆាប់រហ័ស ហើយថាមិនគួរបន្លាយពេលវេលាលើកករណីនេះតទៅទៀតឡើយ៕
No comments:
Post a Comment
yes