Friday, November 2, 2012

ជន​រងគ្រោះ​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​ការ​បើក​សវនាការ​សំណុំ​រឿង​លោក ឈូក បណ្ឌិត

១៨-ឧសភា-២០១២៖ កម្មការិនី ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា បង្ហាញ​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង
 ក្នុង​ពេល​កញ្ញា​តវ៉ា នៅ​ខេត្ត​ស្វាយរៀង

តុលាការ​ខេត្ត​ស្វាយរៀង បាន​បញ្ចប់​ការ​ពិនិត្យ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​បាញ់​ប្រហារ​លើ​ហ្វូង​កម្មករ​នៅ​ក្រុង​បាវិត ដែល​មាន​ជន​ជាប់​ចោទ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នោះ​រួច​រាល់​ហើយ។
ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សំណុំ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា ដើម្បី​បន្ត​នីតិវិធី​កំណត់​ពេល​វេលា​បើក​សវនាការ។
ក្រុម​កម្មករ​នារី​ដែល​ជា​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នៅ​រោងចក្រ​កៅវ៉េ (Kao Way) កំពុង​ទន្ទឹង​រង់ចាំ​តុលាការ​ខេត្ត​ស្វាយរៀង បើក​សវនាការ​លើ​សំណុំ​រឿង​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស និង​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​គ្រា​ដែល​ពួក​គេ​ទៅ​ធ្វើ​ការ​ដើម្បី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ។

កម្មការិនី ប៊ុន ចិន្តា ដែល​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម ៣​នាក់ បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី២ ខែ​វិច្ឆិកា ថា ការ​អូស​បន្លាយ​រឿង​ក្ដី​នេះ បាន​ធ្វើ​អោយ​នាង​បន្ត​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច។ នាង​ចង់​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ឆាប់​ដំណើរ​ការ​សវនាការ​លើ​រឿង​ក្ដី​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។
កម្មការិនី ប៊ុន ចិន្តា៖ «ឥឡូវ​ខ្ញុំ​អត់​ដឹង​ដែរ​ណា ព្រោះ​អី​ខ្ញុំ​នៅ​ចាំ​មើល​គេ​ដែរ ព្រោះ​អី​ឥឡូវ​ស្ងាត់​តែ​ហ្មង។ គេ​អត់​មាន​ផ្ដល់​ដំណឹង​អី​ឲ្យ​ខ្ញុំ​ផង​ហ្នឹង ប៉ុន្មាន​ខែ យូរ​ហើយ​ដែរ។ ខ្ញុំ​ចង់​ឲ្យ​គេ​បើក​សវនាការ​ឆាប់ៗ​ដែរ ឲ្យ​រឿង​ហ្នឹង​ឆាប់​ចប់។ ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​ហ្នឹង​វែង​ឆ្ងាយ​ទេ ព្រោះ​អី​រឿង​ហ្នឹង​វែង​ឆ្ងាយ​កាល​ណា នៅ​រាល់​ថ្ងៃ​ខ្ញុំ​កាន់​តែ​ភ័យ ចេះ​តែ​ព្រួយ​បារម្ភ​ទៅ ព្រោះ​អី​ខ្ញុំ​ធ្វើ​ការ​រាល់​ថ្ងៃ មិន​អ្នក​នរណា​គេ​នេះ​ខ្លះ»
កម្មការិនី ៣​នាក់ នៅ​រោងចក្រ​កៅវ៉េ ត្រូវ​បាញ់​អោយ​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ មាន​ឈ្មោះ អ៊ុន ចិន្តា ឬ ប៊ុន ចិន្តា របួស​ដើម​ទ្រូង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ក្រោម​ក្លៀក​ខាង​ឆ្វេង។ កែវ នា រង​របួស​ដៃ​ស្ដាំ និង នុត សុខន របួស​ដៃ​ស្ដាំ និង​ខ្នង។ ពួក​គេ​បាន​ដាក់​ពាក្យ​ប្ដឹង លោក ឈូក បណ្ឌិត ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នោះ ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។
មេធាវី​ការពារ​ក្ដី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ស៊ី​អ៊ិល​អ៊ី​ស៊ី (CLEC) អ្នកស្រី សារី បុត្រចរិយា មាន​ប្រសាសន៍​ថា ក្រុម​មេធាវី​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​តុលាការ​ចំពោះ​ពេល​វេលា​នៃ​ការ​បើក​សវនាការ​នោះ​ទេ។ ពួក​គេ​កំពុង​ចាំ​មើល​ការ​វិវឌ្ឍ​នៅ​ក្នុង​កំឡុង​ខែ​វិច្ឆិកា នេះ៖ «យើង​គ្រាន់​ដឹង​ថា ចៅក្រម​ស៊ើប​អី គេ​បាន​ស៊ើបសួរ​អីចឹង​ណា។ ប្រហែល​ជា​ឥឡូវ​ហ្នឹង យើង​ត្រូវ​ចាំ​ពេល​សវនាការ។ ព័ត៌មាន​នេះ យើង​អត់​ទាន់​បាន​ទទួល​ដែរ និយាយ​ទៅ​ដូច​វា​រៀង​ស្ងាត់​បន្តិច​ដែរ។ យើង​អត់​ទាន់​ដឹង​ថា​សវនាការ​ពិត​ប្រាកដ​ថ្ងៃ​ណា»
វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទូរស័ព្ទ​ជា​ច្រើន​លើក​ទៅ​ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង លោក ពេជ្រ ឈឿត និង​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា នៅ​ថ្ងៃ​ទី២ វិច្ឆិកា ប៉ុន្តែ​អ្នក​លើក​ទូរស័ព្ទ​ថា​លោក​ជាប់​រវល់។
ព្រះរាជអាជ្ញា លោក ហ៊ីង ប៊ុនជា កាល​ពី​ពេល​កន្លង​ទៅ បាន​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ចំពោះ​ការ​បាញ់​ប្រហារ​អោយ​របួស​កម្មការិនី ៣​នាក់​នៅ​រោងចក្រ​កៅវ៉េ កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។
យ៉ាង​នេះ​ក្ដី មក​ដល់​ពេល​នេះ​ទាំង​កម្មការិនី​ដែល​ជា​ជន​រងគ្រោះ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស បាន​ដាក់​ការ​សង្ស័យ​ថា អាច​នឹង​មាន​ជន​ជាប់​ចោទ​ថ្មី​ម្នាក់​ទៀត​ផ្សេង​ពី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។ ករណី​នេះ បាន​ជំរុញ​ឲ្យ​ពួក​គេ​នៅ​តែ​ទទូច​អោយ​តុលាការ​បើក​សវនាការ​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ថា​មិន​គួរ​បន្លាយ​ពេល​វេលា​លើក​ករណី​នេះ​ត​ទៅ​ទៀត​ឡើយ៕

No comments:

Post a Comment

yes