ប្រជាពលរដ្ឋជនជាតិដើមព្រៅ រស់នៅភូមិកាឡៃតាវ៉ង ឃុំភ្នំកុក ខេត្តរតនគិរី កំពុងព្រួយបារម្ភពីការបាត់បង់ដីធ្វើស្រែចម្ការចិញ្ចឹមជីវិតតាមលក្ខណៈប្រពៃណីជនជាតិដើមភាគតិច។
កាលពីថ្ងៃពុធ ទី២១ ខែវិច្ឆិកា កន្លងទៅ តំណាងប្រជាពលរដ្ឋទាំង ៦គ្រួសារ បានផ្ដិតមេដៃលើពាក្យប្ដឹងសុំកិច្ចអន្តរាគមន៍ពីក្រុមនិស្សិតរាជរដ្ឋាភិបាល ដែលកំពុងវាស់វែងដីជូនប្រជាពលរដ្ឋនៅតំបន់នោះ ឲ្យជួយដោះស្រាយជាមួយក្រុមហ៊ុនសម្បទានឈ្មោះ ម៉ាង យ៉ាង ឲ្យប្រគល់ដី ១០ហិកតារ ដែលក្រុមហ៊ុនបានដាំកៅស៊ូអស់រយៈពេលពីរឆ្នាំកន្លងទៅនេះ បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយយកដីនោះដោយពុំមានដោះស្រាយកាត់ចេញផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋ លោក ប្រានាង កាន់ថៃ មានប្រសាសន៍ថា ការស្វែងរកកិច្ចអន្តរាគមន៍ពីក្រុមនិស្សិតមិនបានលទ្ធផលទេ ក៏ប៉ុន្តែ អ្នកភូមិបានព្យាយាមសុំកិច្ចអន្តរាគមន៍បន្ថែមពីអាជ្ញាធរខេត្ត ដើម្បីត្រួតពិនិត្យករណីរំលោភយកដីប្រជាពលរដ្ឋនោះ។ លោកបន្តថា អតីតក្រុមហ៊ុនគិរីអភិវ្ឍន៍ ដែលទទួលបានអាជ្ញាប័ណ្ណដីសម្បទាននៅតំបន់នោះ គឺជាអ្នកឈូសឆាយយកដី ៨ហិកតារកន្លះ របស់ប្រជាពលរដ្ឋ តាំងពីឆ្នាំ២០១០ ចំណែកការតវ៉ារបស់ប្រជាពលរដ្ឋមិនឃើញមានសមត្ថកិច្ចណាចុះដោះស្រាយនោះទេ ហើយរហូតបច្ចុប្បន្ន ក្រុមហ៊ុនគិរីអភិវឌ្ឍន៍ បានផ្ទេរសិទ្ធិវិនិយោគដីសម្បទាននេះទៅឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ ម៉ាង យ៉ាង ជាអ្នកគ្រប់គ្រងធ្វើអាជីវកម្មដាំកៅស៊ូលើដីនេះជំនួសវិញ។ ក្នុងនោះដែរ ក្រុមហ៊ុនម៉ាង យ៉ាង បានឈូសឆាយយកដីប្រជាពលរដ្ឋអស់មួយហិកតារកន្លះថែមទៀត៖ «គេថាខ្ញុំយកលុយពី ឆេង ឡុក ហ្នឹងណា! យកលុយពី ឆេង ឡុក ហ្នឹងគឺដើមឈើទាលដើមអីហ្នឹងណា មិនមែនដោយសារដីហ្នឹងទេ ដីហ្នឹងគេមិនទាន់ដោះស្រាយទេ ប៉ុន្តែដើមឈើទាលគេសងមែន សងហ្នឹងក្នុងមួយដើមតែ ៣ម៉ឺនរៀលទេ»។
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមអាជ្ញាធរមូលដ្ឋានឃុំភ្នំកុក និងប្រជាពលរដ្ឋអ្នកបាត់បង់ដី បាននាំគ្នាទៅបង្ហាញទីតាំងដីរបស់ប្រជាពលរដ្ឋដែលក្រុមហ៊ុនបានដាំកៅស៊ូមានអាយុ ២ឆ្នាំអស់ទៅហើយ។
ជំទប់ទីពីរ ឃុំភ្នំកុក លោក ប៊ុន វ៉ាន់ មានប្រសាសន៍បញ្ជាក់ថា ដីដាំកៅស៊ូនោះពិតជាដីចម្ការចាស់របស់ប្រជាពលរដ្ឋទាំង ៦គ្រួសារ ក៏ប៉ុន្តែបច្ចុប្បន្នបានក្លាយជាចម្ការកៅស៊ូរបស់ក្រុមហ៊ុនអស់។ លោកបន្តថា នឹងធ្វើសេចក្តីរាយការណ៍ករណីនេះជូនអាជ្ញាធរឃុំ ដើម្បីចាត់វិធានការស្វែងរកមូលហេតុនាំឲ្យក្រុមហ៊ុនឈូសឆាយយកដីប្រជាពលរដ្ឋនោះ៖ «ចម្ការចាស់ប្រជាពលរដ្ឋមែន ប៉ុន្តែឈូសឆាយហ្នឹងតាំងពីឆ្នាំ២០១០ ហើយគេដាំពីរឆ្នាំហើយ។ ដីនេះគេអត់ទាន់បានលក់ទេ គេឈូសឆាយយកតែម្តង»។
របាយការណ៍អង្កេតរបស់គម្រោងដីធ្លីនៃសមាគមអាដហុក(ADHOC) ខេត្តរតនគិរី ឲ្យដឹងថា ដីតំបន់សហគមន៍ជនជាតិដើមភូមិកាឡៃតាវ៉ង គឺជាតំបន់ព្រៃ។ មុនពេលរាជរដ្ឋាភិបាលផ្តល់ដីនៅតំបន់នោះជាដីសម្បទានសេដ្ឋកិច្ច ប្រជាពលរដ្ឋជនជាតិដើមព្រៅ រស់នៅអាស្រ័យផលព្រៃឈើធ្វើចម្ការដាំស្រូវវិលជុំ និងប្រកបរបរផលិតទឹកជ័រពីដើមឈើព្រៃ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ជម្លោះដីធ្លីកើតមានឡើងបន្ទាប់ពីអតីតក្រុមហ៊ុនគិរីអភិវឌ្ឍន៍ បានចូលមកបោះទីតាំងឈូសឆាយដីរានព្រៃ ដើម្បីដាំដំណាំកៅស៊ូ ហើយបង្កផលប៉ះពាល់ដីស្រែចម្ការ ដើមឈើផលិតជ័រទឹកមុខរបរប្រពៃណីរបស់អ្នកភូមិ។ លោកបន្តថា ក្រុមហ៊ុនបានសន្យានឹងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដូចជាផ្តល់ប្រាក់សំណងដើមឈើផលិតទឹកជ័ររបស់អ្នកភូមិ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានកាត់ចេញផលប៉ះពាល់ដីចម្ការចាស់របស់ប្រជាពលរដ្ឋ ៦គ្រួសារនោះទេ៖ «ខាងអភិបាលខេត្តបានទទួលលិខិតហ្នឹង គាត់ចង់ដាក់ឲ្យចំៗនេះ គឺជាគោលបំណងរបស់សហគមន៍ ហើយគាត់គិតថា ក្តីសង្ឃឹមពួកគាត់សង្ឃឹមទៅលើក្រុមនិស្សិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានគោលនយោបាយដោះស្រាយជូនពលរដ្ឋ បង្ហាញពីកង្វល់របស់ពួកគាត់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនម៉ាង យ៉ាង សុំអធិប្បាយពីបញ្ហានេះបានទេ ប៉ុន្តែកន្លងទៅនេះ អតីតប្រធានក្រុមហ៊ុនគិរីអភិវឌ្ឍន៍ លោក ឆេង ឡុក ធ្លាប់បានបដិសេធន៍មិនទទួលខុសត្រូវដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋចោទប្រកាន់នោះទៀតទេ ដោយសំអាងថាបានផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុនម៉ាង យ៉ាង អស់ហើយ។
អភិបាលស្រុកវ៉ឺនសៃ លោក ជុំ ងិល មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលសេចក្តីរាយការណ៍បញ្ហាដីប្រជាពលរដ្ឋនោះពីអាជ្ញាធរឃុំភ្នំកុក ក៏ប៉ុន្តែលោកបញ្ជាក់ថា បានចាត់មន្ត្រីប៉ូលិសចុះស្រាវជ្រាវករណីនេះហើយ ដើម្បីរកឲ្យឃើញពីមូលហេតុនៃទំនាស់ទាមទារដីនេះ៖ «គេឈូសហើយពីរឆ្នាំជាងហើយ គេដាំកៅស៊ូធំៗអស់ហើយហ្នឹង ទើបគេមកតវ៉ាជាមួយ ម៉ាង យ៉ាង ឥឡូវនេះ។ តាំងពីជំនាន់ ឆេង ឡុក ម៉េចក៏គាត់មិនតវ៉ា ពេលគេកំពុងដាំដុះហ្នឹង យើងអាចធ្វើការដោះស្រាយ ប៉ុន្តែខ្ញុំឲ្យប៉ូលិសធ្វើការស្រាវជ្រាវមើលចំនួន ៨ហិកតារកន្លះហ្នឹង ជំនាន់ហ្នឹងបានធ្វើការដោះស្រាយជាមួយ ឆេង ឡុក រួចហើយ ប៉ុន្តែយើងចង់បានឯកសារមើល តើការដោះស្រាយពេលនោះមានឯកសារទេ»។
ក្រុមនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញដីធ្លីកំពុងវាស់វែងកាត់ចេញដីប្រជាពលរដ្ឋកំពុងកាន់កាប់ជាក់ស្តែងក្នុងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទឹម ស៊ីណាត មានប្រសាសន៍បញ្ជាក់ដែរថា រាល់បញ្ហាជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនសម្បទាន ក្រុមអាជ្ញាធរពាក់ព័ន្ធព្យាយាមស្រាវជ្រាវរកឲ្យឃើញពីមូលហេតុនៃទំនាស់ដីធ្លីនោះ និងធ្វើការសម្របសម្រួលរវាងភាគីទំនាស់ ដើម្បីបញ្ចប់បញ្ហាមុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ក្នុងករណីទំនាស់មិនអាចសម្របសម្រួលបាន ក្រុមការងារវាស់វែងដីនឹងរក្សាទុកបញ្ហានេះមិនទាន់អាចវាស់វែងជូនប្រជាពលរដ្ឋបាននៅឡើយ៖ «មិនមែនទៅកាត់ក្តីអ្វីទេណា យើងសម្របសម្រួលរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋឲ្យយល់គ្នា ហើយសិក្សាស្រាវជ្រាវមើល តើដីហ្នឹងវាច្បាស់ខាងរបស់ប្រជាពលរដ្ឋ ឬជារបស់ក្រុមហ៊ុន។ យើងសិក្សាឲ្យបានច្បាស់លាស់ពីប្រភពនៃដី»។
របាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ឲ្យដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវាស់វែងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលបានកាន់កាប់ជាក់ស្តែងក្នុងដីក្រុមហ៊ុនសម្បទាន ក្រុមការងារបានវាស់វែងដីជូនប្រជាពលរដ្ឋបានជាង ៥ពាន់ក្បាលដី ក្នុងចំនួនប្រជាពលរដ្ឋជាង ១០០គ្រួសារ និងបានចេញប័ណ្ណកម្មសិទ្ធិបានចំនួនជាង ៥៤០ក្បាលដីហើយ។
យ៉ាងនេះក្តី ប្រជាពលរដ្ឋ ៦គ្រួសារ ដែលអះអាងថា ត្រូវក្រុមហ៊ុនរំលោភយកដីនោះ បានអំពាវនាវសុំឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតករណីនេះឡើងវិញ និងសុំឲ្យជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនគោរពកិច្ចសន្យាកាត់ចេញដីចម្ការចាស់ប្រគល់មកប្រជាពលរដ្ឋវិញ៕
No comments:
Post a Comment
yes