កោះកុងៈ ប្រជាពលរដ្ឋនៅស្រុកបទុមសាគរ ចំនួន ១២ គ្រួសារ ដែលមានជម្លោះដីធ្លី ជាមួយលោក ហេង ហ៊ុយ ដែលជាអ្នកមានម្នាក់ កំពុងព្រួយបារម្ភ ពីការបាត់បង់ដីធ្លី របស់ខ្លួនខណៈដែលគណៈកម្មការដោះស្រាយជម្លោះដីធ្លីខេត្ត បានចុះទៅពិនិត្យដីជម្លោះដោយមិនបានប្រាប់ពីដំណោះស្រាយ។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួល សមាគមអាដហុក ប្រចាំខេត្តកោះកុងបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋទាំង ១២គ្រួសារដែលកំពុងរស់នៅក្នុងភូមិធ្នង់ ឃុំកណ្តោល ស្រុកបទុម សាគរកំពុងព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីអាជ្ញាធរខេត្ត បានចុះទៅកន្លែងដីទំនាស់កាលពីថ្ងៃចន្ទ ហើយមិនបានប្រាប់ពីដំណើរការដោះស្រាយជម្លោះដីធ្លីនោះ។
លោក នាង បូរ៉ាទីណូ បញ្ជាក់ថា៖«ពួកគាត់ព្រួយណាស់ព្រោះអ្វីៗមិនទាន់ច្បាស់លាស់។ មិនដឹងថា ត្រូវបាត់បង់ដី ឬយ៉ាងណា។ លទ្ធផលដែលអាជ្ញាធរខេត្តចុះទៅនោះអត់មាន»។ លោកថ្លែងថា ប្រជាពលរដ្ឋទាំងនោះ កំពុងរស់នៅនិងបង្កបង្កើនផលលើផ្ទៃ ដីជាង១១ ហិកតា។ ដីនោះកំពុងមានទំនាស់ជាមួយលោកហេង ហ៊ុយដែលមានប្លង់កម្មសិទិ្ធលើដីជម្លោះជាង ៤៩០០ ម៉ែត្រការ៉េ។
លោក នាង បូរ៉ាទីណូបន្ថែមថា៖«ប្រជាពលរដ្ឋរស់នៅទីនោះតាំងពីដូនតាមក ហើយខ្លះថែមទាំងមានផ្នូរដូនតាកប់នៅលើដីជម្លោះនោះថែមទៀតផង»។
ប្រជាពលរដ្ឋឈ្មោះយ៉ន នៅអាយុ ២៩ ឆ្នាំបានអះអាងថា៖«ដីនេះ ជាដីដូនតារបស់ខ្ញុំ។ ម៉េចលោកហេង ហ៊ុយ ថាជារបស់គាត់ ហើយឈូសឆាយដីចម្ការរបស់យើង។ ពួកយើងខ្ញុំបានដាក់ពាក្យបណ្តឹងទៅច្រើនស្ថាប័នហើយ តែមិនទាន់មានដំណោះស្រាយ»។
លោកគង់ សុវណ្ណ មន្ត្រីគណៈកម្មការខេត្តដោះស្រាយទំនាស់ដីធ្លី ដែលបានចុះទៅពិនិត្យដីជម្លោះនោះ បានឲ្យដឹងកាលពីម្សិលមិញថា ការដែលគណៈកម្មការរបស់លោកចុះទៅនោះ មិនមែនទៅដោះស្រាយនោះទេ គឺគ្រាន់តែទៅសាកសួរប្រមូលព័ត៌មានជាជំហានដំបូងតែប៉ុណ្ណាះ។
លោក គង់ បន្តថា៖«ដំបូងឡើយ ប្រជាពលរដ្ឋបានចុះកិច្ចសន្យាបែងចែកដី និងដោះស្រាយគ្នាជាមួយនឹងលោក ហេង ហ៊ុយ ប៉ុន្តែក្រោយមកប្រជាពលរដ្ឋបែរជាបដិសេធមិនទទួលស្គាល់កិច្ចសន្យានោះទៅវិញ។ យើងកំពុងស្រាវជ្រាវបន្តទៀត»៕
No comments:
Post a Comment
yes