



ភ្នំពេញៈ កាលពីខែសីហា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលនៅតែទទួលការយកចិត្តទុកដាក់ ពីមនុស្សជាច្រើន បានប្រារព្ធពិធីចូលវស្សាមួយ នៅភូមិគ្រឹះរបស់លោក ក្នុងរាជធានីភ្នំពេញ ដោយបានអញ្ជើញមនុស្សជាច្រើនចូលរួម រួមទាំងអ្នកកាសែត ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗផងដែរ។ នៅក្នុងពិធីនោះ អ្នកកាសែតអង្គុយជាជួរជាមួយរដ្ឋមន្រ្តី និងអ្នកឧកញ៉ា លោកឧកញ៉ានានាខណៈលោក ជា ស៊ីម ដែលមានវ័យ ៨០ ឆ្នាំ និងគ្រួសាររបស់លោក កំពុងទទួលព្រះធម៌ ប្រោះព្រំពីសំណាក់សម្តេចព្រះសង្ឃរាជ។
នៅចុងបញ្ចប់ នៃពិធីនេះ លោក ជា ស៊ីម ដែលមានវ័យជរា និងកំពុងរួបរឹតដោយជំងឺដម្កាត់ផ្សេងៗ បានអង្គុយនៅកៅអី និងបានចាប់ផ្តើមចែកអំណាយដល់អ្នកចូលរួម និងប្រគេនទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃ និងដូនជីហើយបន្ទាប់មកចែកអំណោយទៅឧបាសក ឧបាសិកា បុគ្គលិក និងពលរដ្ឋក្រីក្រ ចំណែកអ្នកកាសែតក៏បានតម្រង់ជួរម្តងមួយៗទទួលស្រោម សំបុត្រ ដែលមានប្រាក់នៅក្នុងនោះផងដែរ។
ការបង្ហាញមុខដ៏ កម្រ នៅក្នុងពិធីបុណ្យតាមបែបពុទ្ធសាសនា របស់ប្រធានបក្សកាន់អំណាចរូបនេះ គឺបានកើតឡើងបន្ទាប់ពីមានលេចឮពាក្យចចាមអារ៉ាមដ៏អកុសល្យ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ អស់រយៈពេលមួយសប្តាហ៍ថា លោកប្រធានព្រឹទ្ធសភា ដែលមានជំងឺជាយូរមកហើយរូបនេះ បានទទួលមរណភាព។
ទោះបីយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលមួយឆ្នាំ ដែលមានការបោះឆ្នោតចំនួនពីរ គឺការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានិងការបោះឆ្នោតឃុំ សង្កាត់ សាច់រឿងនយោបាយធំៗ បានកើតឡើង ក្នុងឆ្នាំ ២០១២។
បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅទីបំផុត បានរួមបញ្ចូលគ្នា នៅខែកក្កដា ហើយដែលការរួមបញ្ជូលគ្នានេះ គឺជាការចង់បានយ៉ាងខ្លាំងបំផុត របស់ប្រជាពលរដ្ឋខ្មែរជាច្រើន និងក៏ជាពេលវេលាសមរម្យមួយ សម្រាប់ចូលរួមការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៥ ឆ្នាំក្រោយ។
គណបក្សសង្គ្រោះជាតិកម្ពុជា ដែលកើតចេញពីការរួមបញ្ចូលគ្នា រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលមានលោកសម រង្ស៊ី កំពុងរស់នៅនិរទេស ធ្វើជាប្រធាន និងលោកកឹម សុខា ធ្វើជាអនុប្រធាននេះ គឺជាគណបក្សថ្មីសន្លាងតែមួយគត់ ដែលនឹងត្រូវចូលរួមប្រកួតនៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ ដោយពុំមានវត្តមានគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី ១ និងជាអតីតប្រធានរដ្ឋសភា ត្រូវបានរុញចេញពីគណបក្សរបស់ព្រះអង្គ ហើយគណបក្សនេះ បានផ្លាស់ប្តូរឈ្មោះ ប្រធាន និងមេដឹកនាំ យ៉ាងលឿន ដើម្បីច្របាច់បញ្ចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ គឺគ្រាន់តែមួយថ្ងៃ បន្ទាប់ពីការរំលាយចោលជាផ្លូវការ។
ទន្ទឹមនឹងនោះ នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច វាមិនមានឮសូរការផ្លាស់ប្តូរអ្វីកើតឡើងទេ។ វាគ្រាន់តែថា អ្នកដែលនៅកៀកនឹងលោក ជា ស៊ីម ជាច្រើនអ្នក ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារដោយត្រូវប្រឈមមុខនឹងបទ ចោទមួយចំនួន ពាក់ព័ន្ធនឹងករណីកិបកេងប្រាក់។
ពាក់ព័ន្ធ នឹងការប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ដែលត្រូវបានរិះគន់ដោយអ្នកតាមដានការបោះឆ្នោត ដែលអំពាវនាវឲ្យមានកំណែទម្រង់ ដំណើរការរៀបចំការបោះឆ្នោត នៅថ្ងៃទី ២៩ ខែមករា នៅក្នុងការបោះឆ្នោត ដែលធ្វើឡើង សម្រាប់តែក្រុមប្រឹក្សាឃុំ‑សង្កាត់ និងអ្នកតំណាងរាស្ត្រ សំឡេងឆ្នោត ៤៦ កៅអ៊ី បានទៅគណបក្សប្រជាជនកម្ពុជា និង ១១ កៅអី បានទៅគណបក្ស សម រង្ស៊ី។ ខណៈមានការចោទប្រកាន់ថាមានការទិញសន្លឹកឆ្នោត និងការប្តឹងតវ៉ាមួយចំនួន ការរិះគន់ខ្លាំងក្លា នៅបន្តមានជាពិសេស ទៅលើសកម្មភាពពាក់ព័ន្ធនឹងការបោះឆ្នោត ហើយអ្នកឃ្លាំមើលការបោះឆ្នោត ជំរុញឲ្យមានវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតទៅដល់ប្រជាជនមាន លក្ខណៈទូលំទូលាយជាងមុន។ ទោះបីយ៉ាងណាក្តី ដូចនៅក្នុងអាណត្តិមុនៗ ដែរ ការអំពាវនាវបែបនេះ គឺមិនទទួលបានការអើពើ ពីគណបក្សប្រជាជនកម្ពុជាទេ។
គណបក្សប្រជាជនកម្ពុជានៅតែរក្សាបានជោគជ័យខ្ពស់ដោយឈ្នះបាន ៩៧ភាគរយនៃតំណែងមេឃុំ-ចៅសង្កាត់ទូទាំងប្រទេស។ ពិតណាស់ ចំនួនកៅអីរបស់ខ្លួនបានកើនឡើង។
ដោយទើបតែចូល ប្រឡូកជាលើកដំបូង គណបក្សសិទ្ធិមនុស្សដែលជាគណបក្សប្រឆាំង ទទួលបានលទ្ធផលលើសការរំពឹងទុកពីមជ្ឈដ្ឋានផ្សេងៗ ដោយឈ្នះគ្រប់គ្រងឃុំបានចំនួន១៨ ឃុំ និងទទួលបានកៅអីចំនួន៨០០។ គណបក្ស សម រង្ស៊ី បើទោះបីជាបានធ្លាក់កៅអីពី ២៦៦០ ទៅ ២១៥៥ កៅអី និងបានបាត់កៅអីចំនួន ៦ នៃតំណែងមេឃុំ‑សង្កាត់ចំនួន ២៨ ក៏ដោយ ក៏គណបក្សនេះបានឃើញការកើនឡើងខ្លាំងវិញ នៅក្នុងតំបន់ដែលកាលពីមុន មានការគាំទ្រគណបក្សប្រជាជនកម្ពុជាខ្លាំង ហើយដែលជាកន្លែងកើតមានជម្លោះដីធ្លីយ៉ាងក្តៅគគុក ក្នុងរយៈកាលប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិចវិញ បានធ្លាក់ចុះជាងមួយភាគបីគឺទទួលបានតែ ១៥១ កៅអី និងគណបក្សនរោត្តម រណឫទិ្ធបានចំនួន៥២ កៅអី។
ទន្ទឹម នឹងនេះ តួលេខអ្នកបោះឆ្នោតត្រូវបានពិចារណា ដោយអ្នកវិភាគនយោបាយ និងសមាជិកគណបក្សប្រឆាំង។ ក្នុងប្រទេសដែលមានចំនួនអ្នកទៅបោះឆ្នោតច្រើនរៀងរាល់ការបោះ ឆ្នោតម្តងៗ មានតែ ៦៤ ភាគរយទៅបោះឆ្នោតបើធៀបនឹង ៦៨ ភាគរយកាលពី ឆ្នាំ ២០០៧ និង ៨៧ ភាគរយ នៅឆ្នាំ ២០០២ នេះបើយោងតាមតួលេខរបស់អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ខុម ហ្វ្រែល។
មនុស្សជាច្រើននាក់គិតថា ការធ្លាក់ចុះនេះ ជាការវាយប្រហារប្រកបដោយប្រសិទ្ធភាពលើគណបក្សកាន់អំណាច គឺជាសេចក្តីថ្លែងដែលថា អ្នកបោះឆ្នោតមិនចង់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ឬមិនមានអារម្មណ៍សុខស្រួល ក្នុងការបោះឆ្នោតឲ្យគណបក្ស ប្រឆាំង និងក៏បានបង្ហាញពីការមិនពេញចិត្តពីប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះដែរ។
បន្ទរតាមសេចក្តីសន្និដ្ឋានរបស់អ្នកឃ្លាំមើលជាច្រើននាក់ លោក ស៊ូរីយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានចាត់ទុកការធ្លាក់ចុះ ចំនួនអ្នកទៅបោះឆ្នោតនេះ ថាជាបញ្ហាសំខាន់មួយ ក្នុងរបាយការណ៍របស់លោក ដែលបានសរសេរភ្លាមៗក្រោយការបោះឆ្នោត។ លោកបានសរសេរថា៖ «មានមូលហេតុជាច្រើនដែលប្រជាជនមិនទៅបោះឆ្នោត។ ក្នុងករណីជាច្រើន គឺប្រជាជនមិនចង់លះបង់សិទិ្ធបោះឆ្នោតឡើយ ប៉ុន្តែពួកគេ ប្រឈមនឹងឧបសគ្គសំខាន់...»។
សម្រាប់អ្នកសង្កេតការណ៍យូរអង្វែង ការបោះឆ្នោតឆ្នាំ ២០១២ នេះជាការបោះឆ្នោតស្មុគស្មាញ។
ខុស ពីការបោះឆ្នោតលើកមុន មានអំពើហិង្សាតិចតួច ឬការបំភិតបំភ័យតិចតួច។ អ្នកអង្កេតការណ៍មួយចំនួនយល់ថា បញ្ហាដីធ្លីបានក្លាយជាអំពើហិង្សា ក្នុងកម្រិតខ្ពស់ និងភាពញឹកញាប់ ដោយចំនួននៃការបង្ក្រាបប៉ុន្មានសប្តាហ៍ មុនការបោះឆ្នោតបានផ្ញើសារ ទៅកាន់សកម្មជនបក្សប្រឆាំង។ វាប្រហែលជាបរិយាកាស នៃភាពចលាចលកាន់តែកើនឡើង ក្នុងចំណោមប្រជាពលរដ្ឋ និងរដ្ឋាភិបាល ដែលបានបង្ខំឲ្យគណបក្សប្រឆាំងរួមដៃគ្នា។
បន្ទាប់ពីការចរចា និងជម្លោះផ្ទៃក្នុងជាច្រើនឆ្នាំ ដែលធ្វើឲ្យការបង្រួបបង្រួមទទួលបរាជ័យម្តងហើយម្តងទៀត គណប្ស សម រង្ស៊ី និងគណបក្ស សិទិ្ធមនុស្ស កាលពីខែកក្កដា បានព្រមព្រៀងលើការបង្រួបបង្រួម ដែលធ្វើឲ្យមនុស្សជាច្រើននាក់មានការភ្ញាក់ផ្អើល។ ស្នើឡើងនៅក្រោយការបោះឆ្នោត គំនិតនៃការបង្រួបបង្រួមគ្នានេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងឆាប់រហ័ស បន្ទាប់ពីមណ្ឌលបោះឆ្នោតបានបិទទ្វារ។
បើទោះបីជាគ្មាន ការរួបរួមគ្នាគណបក្សប្រឆាំងពុំមានភាពរីកចម្រើនក្នុងការបោះឆ្នោតតែឯងក៏ដោយ (គណបក្ស សម រង្ស៊ី បាត់បង់អាសនៈ ចំណែកឯជ័យជម្នះរបស់គណបក្ស សិទិ្ធមនុស្ស នៅមានចំនួនតិចតួច) ក៏ប៉ុន្តែ វាកាន់តែច្បាស់យ៉ាងឆាប់រហ័សថាកម្លាំងរួបរួមគ្នានឹង បង្ហាញពីអានុភាព ដោយទទួលបានសំឡេងឆ្នោត៣០ភាគរយ។
កាលពីខែកក្កដា លោក កឹម សុខា ប្រធានគណបក្ស សិទិ្ធមនុស្ស និងលោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានជួបប្រជុំគ្នានៅប្រទេសហ្វីលីពីន ដើម្បីព្រមព្រៀង លើសេចក្តីលម្អិត ហើយនៅដើមខែតុលាគណបក្សសង្គ្រោះជាតិដែលបង្កើតថ្មី បានចុះបញ្ជីដោយជោគជ័យ នៅក្រសួងមហាផ្ទៃ និងបានដាក់ចេញ នូវគោលនយោបាយរបស់គណបក្ស។
ខណៈដែលមន្រ្តីគណបក្សប្រជាជន កម្ពុជា មិនផ្តល់សារៈសំខាន់ ចំពោះការបង្រួបបង្រួមនេះ ដោយទទូចថា វាពុំប៉ះពាល់ដល់លទ្ធផល របស់គណបក្សកាន់អំណាចឡើយ ប៉ុន្តែអ្នកវិភាគមានសុទិដ្ឋិនិយម។
ទន្ទឹមនឹងនេះ ដោយទទួលបានការគាំទ្រថ្នាក់កំពូល ពីសហគមន៍អន្តរជាតិកាន់តែច្រើនឡើង លោក សម រង្ស៊ី ដែលនិរទេសខ្លួនឯង កាន់តែមានទំនុកចិត្តថែមទៀត នៅថ្ងៃដែលគណបក្សថ្មីនឹងបង្ហាញជោគជ័យ និងថា លោកនឹងត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកកាន់កម្ពុជាវិញ នៅមុនការបោះឆ្នោត។
លោក រង្ស៊ី ដែលកំពុងរស់នៅទីក្រុងបារីស នឹងប្រឈមទោស ១២ ឆ្នាំពីបទចោទជាច្រើន ទាក់ទងនឹងការក្លែងឯកសារ និងការដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម ឥឡូវនេះអាចពឹងផ្អែកលើលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក្នុងចំណោមអ្នកគាំទ្រលោក។ ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីជាមួយនឹងលោក ហ៊ុន សែន កាលពីខែវិច្ឆិកា លោក អូបាម៉ា បានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់«គណបក្សប្រឆាំងអាចដំណើរការ បាន» នេះបើយោងតាមសេតវិមាន។ ប៉ុន្តែ ខណៈការបង្រួងបង្រួម រវាងគណបក្សប្រឆាំង ត្រូវបានសាទរជាទូទៅការបង្រួបបង្រួមគណបក្សសំខាន់ពីរទៀត ពុំទទួលបានជោគជ័យឡើយ។ បន្ទាប់ពីបានខិតខំរក្សាសារៈសំខាន់ និងទទួលរងការបរាជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ គណបក្ស នរោត្តម រណឫទិ្ធបានជួបនៅទំនាស់ផ្ទៃក្នុងយ៉ាងខ្លាំងកាលពីខែសីហា ដែលធ្វើឲ្យព្រះអង្គត្រូវបានបណ្តេញចេញពីគណបក្ស ហើយសមាជិកសំខាន់ៗជាច្រើននាក់បានលាលែងពីតំណែង។ បន្ទាប់ពីមានភាពរកាំរកូសជាច្រើនខែ លើទិសដៅរបស់គណបក្ស ព្រះអង្គត្រូវបានបង្ខំឲ្យចុះពីតំណែងហើយសហសេវិករបស់ព្រះអង្គ ក៏បានលាលែងពីគណបក្សតាមព្រះអង្គផងដែរ។ គណបក្ស នរោត្តម រណឫទិ្ធ ត្រូវបានប្តូរឈ្មោះទៅជាគណបក្សជាតិនិយមយ៉ាងឆាប់រហ័ស ហើយដាក់បញ្ចូលក្រោមគណបក្ស ហ៊្វុនស៊ិនប៉ិចភ្លាមៗ។
តើការ បង្រួនបង្រួមបែបនេះ នឹងជាឱកាសជួយជ្រោមជ្រែងគណបក្សរាជានិយមឡើងវិញឬយ៉ាងណា? ពុំទាន់ដឹងនៅឡើយទេ គឺចាំមើលលទ្ធផលនៃការបោះឆ្នោតឆ្នាំក្រោយ៕
No comments:
Post a Comment
yes