សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 26, 2012

ព្រៃឈើ​នៅ​សួនឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ កំពុង​ត្រូវ​កាប់បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​


ខេត្ដ​កំពត ៖ ឈើ​គ្រប់​ប្រភេទ​នៅ​សួនឧទ្យាន​ជាតិ​បូកគោ កំពុង​ត្រូវ​កាប់បំផ្លាញ​យ៉ាង​អណាធិបតេយ្យ ហើយ​យកមក​លក់​ឱ្យ​ក្រុម​ឈ្មួញ ដែល​ក្នុង​១​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​ស៊ីឈ្នួល​ដឹក​តាម​រទេះគោ មិនតិចជាង ១០០ រទេះ​នោះទេ ហើយ​រទេះ​នីមួយៗ​អាច​ដឹកឈើ​បាន ១ ដើម មានមុខ​កាត់​ប្រហែល ១ ម៉ែត្រ ប្រវែង​ចាប់ពី ១០ ម៉ែត្រ​ឡើង បើ​ឈើ​ត្រឹម​មុខកាត់​​កន្លះ​ម៉ែត្រ​​ដឹក​បាន​​២​​ដើម​។ 
      ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកឈើ ចេញពី​សួនឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ​ខាងលើនេះ បាន​រៀបរាប់​ឱ្យដឹងថា ពួកគាត់​គ្រាន់តែ​ស៊ីឈ្នួល​ដឹកឈើ​ឱ្យគេ​តែប៉ុណ្ណោះ ពោលគឺ​ដឹកឈើ​ចេញពី តំបន់​ព្រៃ​អភិរក្ស​សួនឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ​។ ពួកគាត់​បន្ដថា ការដឹកជញ្ជូន​រាល់ថ្ងៃ​មាន​អ្នក​រត់ការ​រួចហើយ ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ពី​អាជ្ញាធរ​បង្ក្រាប និង​ជំនាញ​នោះទេ​។ នៅពេល​ពួកគាត់​ចូលទៅ​ដឹក គឺ​មិនបាច់​រង់ចាំ​ទេ ព្រោះ​ឈើ​គេ​កាត់​រួចស្រេច​តំរៀប​នៅក្នុង​ព្រៃ​រូ​ច​ហើយ​។ ក្រុម​ប្រជាពលរដ្ឋ​ខាងលើ​រៀបរាប់​ឱ្យដឹងទៀតថា ការដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ខាងលើនេះ ពួកគាត់​ដឹក​ចេញពី​តំបន់​អភិរក្ស ឆ្លងកាត់​ភូមិ​ពង្រ​ក់​ជ្រៃ បាក់ ត្រពាំងរុន តាម​សាលាឃុំ​តា​កែន កោះស្លា ក្នុងស្រុក​ឈូក មក​ស្រុក​បសេដ្ឋ (​ខេត្ដ​កំពង់ស្ពឺ​) ឃុំ​និព្វាន ទម្លាក់ នៅផ្ទះ​ឈ្មោះ តា​ថោ និង តា​អឿន  ព្រោះ​ផ្ទះ​អ្នក​ទាំងពីរ​មាន​ម៉ាស៊ីន​សម្រាប់​ជ្រៀក​ឈើ​លក់​បន្ដ​តាម​ដេប៉ូ​។​
 
     ​បើតាម​ការបញ្ជា​ក់រប​ស់​ប្រជាពលរដ្ឋ​ខាងលើ​បានឱ្យដឹងថា ពួកគាត់​ទទួលបាន​កម្រៃ ១០ ម៉ឺន​រៀល ក្នុង ១ ជើង​។ ចំ​ណែ​ការចំណាយ​តាមផ្លូវ គឺមាន​អ្នក​រត់ការ​រួចជាស្រេច ដោយ​ពួកគាត់​មិនចាំបាច់​ព្រួយបារម្ភ​រឿង​សមត្ថកិច្ច​ស្ទាក់ចាប់ ឬ​បង់លុយ​នោះទេ ប៉ុន្ដែ​ចំពោះ​តម្លៃ​ឈើ​លក់​ថ្លៃ​ប៉ុន្មាន​នោះ គឺ​មិនដឹង​ឡើយ គ្រាន់តែ​ដឹងថា  ដឹក​ចេញពី​ព្រៃ​អភិរក្ស​សួនឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ​តែប៉ុណ្ណោះ​។ ពួកគាត់​បន្ដថា តាម​ដឹង​ឈើ​ដែល​ពួកគាត់​ដឹក​សព្វថ្ងៃនេះ គឺជា​របស់លោក ទឹម សឿ​យ មាន​តួនាទី​ជាម​ន្ដ្រី​បរិស្ថាន​ការពារ​អភិរក្ស​តំបន់​សួនឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ មាន​ស្នាក់ការ​នៅក្នុង​ភូមិ​អន្លង់​ក្មេង​លេង​។ 
 
​     លោក ទឹម សឿ​យ គឺមាន​ក្រុម​រណា​យន្ដ តាម​អារឈើ​គ្រប់​ប្រភេទ​ក្នុងព្រៃ​ខាងលើ​នៅពេល​ដែលមាន​ឈ្មួញ​កុម្ម៉ង់​ទិញ​ហើយ គឺ​គាត់​ជួល​ពួក​អ្នកស្រុក​ឱ្យ​ដឹក​ចេញ​។ មូលហេតុ​ដែល​លោក ទឹម សឿ​យ អាច​អនុញ្ញាត​ឱ្យគេ​កាប់​ឈើ​គ្រប់​ប្រភេទ នៅក្នុង​សួនឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ លក់​ទៅឱ្យ​ក្រុម​ឈ្មួញ​ដោយ​សេរី​បែបនេះ ត្រូវបាន​ប្រភព​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យ​អ្នកកាសែត​ដឹងថា គឺមាន​ភ្លើង​ខៀវ​ពី​លោក ស៊ុយ​ធា ប្រធាន​មន្ទី​បរិស្ថាន​គ្រប់គ្រង​តំបន់​ខាងលើនេះ​។ ខាង​កាសែត​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ ពី​លោក ទឹម សឿ​យ បានទេ ដោយ​ទូរស័ព្ទ​ហៅ​មិន​ចូល​។ ចំណែក​លោក ស៊ុយ​ធា ប្រធាន​មន្ទី​បរិស្ថាន​គ្រប់គ្រង​តំបន់​អភិរក្ស​មុនី​វង្ស​បូកគោ​ក៏​មិនអាច​សុំ​កា​បំភ្លឺ​បានដែរ​។ ជុំវិញ​ករណី​ខាងលើនេះ លោក ខឹម ហម អភិបាលស្រុក​ឈូក បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា លោក​ធ្លាប់​ទទួលបាន​ព័ត៌មាន​នេះ ហើយ​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួចរាល់​ដែរ ហើយ​បើ​ចង់ដឹង​រឿង​លម្អិត​នោះ អាច​សួរ​លោក តុង សែ មេព្រៃ​ប្រចាំ​នៅ​ស្រុក​ឈូក​។ លោក តុង សែ មានប្រសាសន៍ថា លោក​កំពុង​ជាប់រវល់​ជួយ​ក្រុម​និ​ស្សិ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​លោក​ទទួលស្គាល់ថា  ពិត​ជាមាន​បទល្មើស​ខាងលើ​ប្រាកដ​មែន តែ​ឈើ​ទាំងអស់នោះ គឺ​ដឹក​ចេញ​មកពី​សួនឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ​ដែលជា​ដែន​អភិរក្ស​របស់លោក យ៉ង ភារ​ម្យ ។ 
 
     ​បើតាម​ការបញ្ជា​ក់រប​ស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកឈើ​ចេញពី​ព្រៃ​អភិរក្ស​ឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ បានឱ្យដឹងថា កន្លងមក​នៅពេលដែល​ពួកគាត់​ដឹកឈើ​ចេញពី​ព្រៃ គឺមាន​អាជ្ញាធរ​ពាក់ព័ន្ធ​ស្ទាក់ចាប់​ដែរ ប៉ុន្ដែ​ពួកគេ​គ្រាន់តែ​ចាប់យក​លុយ​តែប៉ុណ្ណោះ ជាក់ស្ដែង​ដូចជា​លោក​មេ​ប៉ុ​សិ៍្ដ​ឃុំ​តា កែន​កោះ​ស្លោ គឺ​ចាប់យក​ក្នុង​១​រទេះ ៥ ម៉ឺន​រៀល​។ គេ​នៅ​មិនទាន់​ដឹងថា តើ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​បង្ក្រាប​ទៅលើ​ក្រុម​ឈ្មួញ និង​ក្រុមមន្ដ្រី​ខិលខូច​មួយចំនួន ដែល​កំពុង​រួមដៃគ្នា​កាប់បំផ្លាញ​ព្រៃឈើ​គ្រប់​ប្រភេទ​នេះ​យ៉ាងណា​នោះទេ ខណៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​តំបន់​នោះបាន​សម្ដែង​ការព្រួយបារម្ភ​ថា បើសិនជា​អាជ្ញាធរ​ថ្នាក់លើ​មិន​បង្ក្រាប​ទៅ​ថ្ងៃ​អនាគត​ព្រៃ​អភិរក្ស​សួន ឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ នឹងត្រូវ​អស់​គ្មាន​សល់​មិន​ខាន ពីព្រោះ​ក្នុង​១​ថ្ងៃៗ ឈើ​ទាំងនោះ​ត្រូវបាន​កាប់ និង​ដឹក​ចេញ​រាប់រយ​ដើម​។ ពួកគាត់​បាន​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវតែ​ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់ ទៅលើ​ក្រុមមន្ដ្រី​ខិលខូច​ដែល​យក​អំណាច​ទៅរក​ស៊ី​កាប់បំផ្លាញ​ព្រៃឈើ​ខាងលើនេះ ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ ៕​

No comments:

Post a Comment

yes