សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 10, 2013

រាជរដ្ឋាភិបាល​កម្ពុជា យល់ព្រម​ដោះលែង​ស្ត្រី​អ្នកទោស​ថៃ រ៉ា​ទ្រី និង​បន្ធូរបន្ថយ​ទោស ស៊ុ​មក្វាម​ឃី​ដ​

ភ្នំពេញ: អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានប្រកាសថា បន្ទាប់​ពី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ កាលពី​ខែ​វិច្ឆិកា និងនៅថ្ងៃទី១០​មករានេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បានយល់ព្រម ​លើកលែងទោស​ដល់​ស្ត្រី​អ្នក​ទោស​ថៃ រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន​។ ចំណែក​អ្នកទោស​ថៃ វីរ៉ា ស៊ុម​ក្វាម​ឃី​ដ នឹងត្រូវ​​បន្ធូ​បន្ថយទោស ដើម្បី​អាច​ឈាន​ទៅ​ការលើកលែងទោស នាពេលខាងមុខ​។​

​សេចក្តីយល់ព្រម​លើកលែងទោស និង​បន្ធូ​បន្ថយទោស​ដល់​អ្នកទោស​ថៃ​ពីរ​នាក់​ដូច្នេះ ត្រូវបាន​ធ្វើឡើង ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​ ហើយនៅពេលក្រសួងយុត្តិធម៌ កំពុងតែចាត់ការតាម​នីតិវិធី។



​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៣ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស បង្ហាញថា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ស្នើសុំ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិចារណា​អំពី​លទ្ធភាព​លើកលែងទោស​ទណ្ឌិត​ថៃ​ពីររូប គឺ​លោក វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ និង​អ្នកស្រី រ៉ា​ទ្រី ពី​ប៉ា​តា​ណាបៃ​ប៊ូន ដែល​កំពុង​ជាប់ពន្ធនាគារ ក្នុងប្រទេស​កម្ពុជា ពី​បទ​ធ្វើការ​ចារ​កម្ម ក្នុង​តំបន់ហាមឃាត់​យោធា នៃ​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​នេះ​ទៀត ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៣ លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ ក៏​បាន​លើក​សំណូមពរ ដូចគ្នានេះ ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ម្តងទៀត​។​

​សេចក្តីប្រកាស​ដដែល បាន​លើកឡើង​ថា ឆ្លើយតប​នឹង​សំណើ​របស់​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ធ្វើការ​ពិចារណា ដូចតទៅ​៖

១-​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ ដើម្បី​អាច​ឈាន​ទៅ​ការលើកលែងទោស នាពេលខាងមុខ​។​

២-​លើកលែងទោស​ទណ្ឌិត រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន ក្នុងឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​គូសបញ្ជាក់ថា "​បច្ចុប្បន្ន ក្រសួង​យុត្តិធម៌ កំពុង​ធ្វើ​ការសិក្សា​ករណីនេះ ហើយ​នឹង​សំរេច ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​"​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១​កុម្ភៈ ឆ្នាំ​២០១១ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៨ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៨០ ម៉ឺន​រៀល លើ​ជនជាតិ​ថៃ​ពីររូប គឺ​លោក វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ អាយុ ៥៣ ឆ្នាំ ជា​អគ្គលេខាធិកា​រ​បណ្ថាញ​ប្រជាជន​ថៃ ប្រឆាំង​អំពើពុករលួយ ព្រមទាំង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១២០ ម៉ឺន​រៀល លើ​ស្ត្រី ឈ្មោះ រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន​។ 

​ជនជាតិ​ថៃ​ទាំងពីរ ត្រូវបាន​ចោទប្រកាន់​ពី​បទ​លប​ចូល​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត  និង​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​បទ​ប៉ុនប៉ង​ប្រមូលផ្តុំ​ព័ត៌មាន ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការណ៍ការពា​រ​ជាតិ​។​

​ជនជាតិ​ថៃ​ទាំងពីរ ដែល​ជា​បណ្តាញ​ក្រុមបាតុករ​អាវ​លឿង​ថៃ ជា​ក្រុម​ជនជាតិ​ថៃ​ទាំង ៧ នាក់ ដែល​បាន​ចូល​ទឹកដី​កម្ពុជា នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ជនជាតិ​ថៃ​ទាំង ៧ នាក់ ត្រូវបាន​កងការពារ​ព្រំដែន​កម្ពុជា លេខ ៥០៣ ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០​។ ក្នុងនោះ​ជនជាតិ​ថៃ ៥ នាក់ ដែល​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់​ផង ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង ហើយ​វិល​ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១៕​ - See more at: http://www.cen.com.kh/localnews/show_detail/19?token=MzgwN2MxZTE2ZTI1NWY0MTkxZThiMDMyMTg2N2Y1#sthash.Hmdfo6YW.dpuf

No comments:

Post a Comment

yes