កម្លាំងសមត្ថកិច្ចចាប់ឃាត់ពលរដ្ឋនៅភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ
ក្នុងយុទ្ធនាការបង្ក្រាបពលរដ្ឋដែលមានជម្លោះដី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២
លោក ប៊ុន រដ្ឋា កំពុងនិរទេសខ្លួននៅបរទេសបានប្រកាសនៅថ្ងៃទី១៥ មករា ថា លោកនឹងវិលមកកម្ពុជាវិញ ក្នុងគោលបំណងដឹកនាំប្រជាពលរដ្ឋតវ៉ាទាមទារឲ្យតុលាការសើរើសាលក្រមដែលបានផ្ដន្ទាទោសលោក និងលោក ម៉ម សូណង់ដូ ឡើងវិញ។
លោក ប៊ុន រដ្ឋា បានឲ្យដឹងតាមទូរស័ព្ទពីបរទេសដែលមិនបានប្រាប់ពីទីតាំងលោកកំពុងស្នាក់នៅនោះថា លោកមានគម្រោងដឹកនាំប្រជាពលរដ្ឋដែលជម្លោះរឿងដីធ្លីនៅភូមិប្រម៉ា ស្រុកឆ្លូង ខែត្រក្រចេះ ចំនួន ១ម៉ឺននាក់ នឹងហែក្បួនធ្វើបាតុកម្មនៅក្នុងទីក្រុងភ្នំពេញ ដើម្បីប្រឆាំងនឹងសាលក្រមរបស់តុលាការ។
លោក ប៊ុន រដ្ឋា អះអាងថា ឥឡូវនេះលោកបានប្រមូលស្នាមមេដៃអ្នកស្ម័គ្រចិត្តចូលរួមធ្វើបាតុកម្មជាមួយលោកបានជាង ២ពាន់នាក់ហើយ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ តុលា ឆ្នាំ២០១២ បានប្រកាសសាលក្រមកំបាំងមុខផ្ដន្ទាទោសលោក ប៊ុន រដ្ឋា្ ជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀល ក្រោមបទចោទប្រកាន់ការបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ខេត្តក្រចេះ។ រីឯទោសឲ្យលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យតុលាការផ្ដន្ទាទោសចំនួន ២០ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀលក្រោមបទចោទដូចគ្នា។
លោក ប៊ុន រដ្ឋា អះអាងថា លោកកំពុងស្នើសុំទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដើម្បីឲ្យជួយឃ្លាំមើលការធ្វើបាតុកម្មរបស់លោកនៅពេលខាងមុខ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ទោះបីជាលោក ប៊ុន រដ្ឋា ស្ថិតនៅក្នុងការតាមចាប់ខ្លួនក្ដី ការសម្រេចវិលចូលស្រុកវិញ ឬយ៉ាងណានោះ ជាសិទ្ធិរបស់លោក។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសិទ្ធិមនុស្សបានលើកឡើងថា លោក ប៊ុន រដ្ឋា ប្រឈមនឹងការចាប់ខ្លួនរបស់សមត្ថកិច្ច ប្រសិនបើលោកវិលចូលមកកម្ពុជាវិញ ទោះបីជាលោក ប៊ុន រដ្ឋា អះអាងថា លោកមិនបានដឹកនាំប្រជាពលរដ្ឋនៅភូមិប្រម៉ា ធ្វើតំបន់អបគមន៍ក្ដី ពីព្រោះបទពិសោធន៍ដូចជាលោក ម៉ម សូណង់ដូ ស្រាប់។ សមត្ថកិច្ចបានចាប់ខ្លួនលោកបន្ទាប់ពីលោក ម៉ម សូណង់ដូ វិលចូលស្រុកវិញ។
បញ្ហានេះ លោក ប៊ុន រដ្ឋា បញ្ជាក់ថា ទោះបីជាលោកដឹងខ្លួនច្បាស់ថា លោកប្រឈមនឹងការចាប់ខ្លួនក្ដី ប៉ុន្តែបើសិនជាលោកប្រមូលបានប្រជាពលរដ្ឋចំនួន ១ម៉ឺននាក់មកចូលរួមធ្វើបាតុកម្មជាមួយលោកនៅពេលខាងមុខនោះ លោកមិនព្រួយបារម្ភចំពោះការចាប់ខ្លួននេះទេ៕
No comments:
Post a Comment
yes