ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី លើកគ្នាមកតវ៉ាមុខសាលាដំបូង
ខេត្តកំពង់ស្ពឺ កន្លងមក
កំពង់ស្ពឺៈ ពលរដ្ឋភូមិត្រពាំងខ្យងប្រមាណ១០០នាក់ បានធ្វើការតវ៉ាមុខសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ទាមទារឲ្យដោះលែងស្ត្រីជាអ្នកភូមិម្នាក់ ដែលត្រូវតុលាការឃាត់ខ្លួនក្នុងពេលកោះហៅមកសាកសួរ កាលពីថ្ងៃទី១៤ មករា ទាក់ទិននឹងជម្លោះដីធ្លី២ហិកតា ក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង។
លោក ម៉ាក់ វ៉ាត អាយុ៥៥ឆ្នាំ ជាអ្នកចូលរួមតវ៉ាថ្លែងថា ករណីនេះ ជារឿងដីទំនាស់តាំងពីឆ្នាំ១៩៩៦មក បន្ទាប់ពីអាជ្ញាធរឃុបឃិតយកដីទំហំពីរហិកតា ជាដីរួមរបស់ភូមិ មានកន្លែងសក្ការបូជា ត្រពាំង កោះតូចមួយ និងម្លប់ឈើត្រឈឹងត្រឈៃ យកទៅប្រគល់ឲ្យបុគ្គលជាអតីតយោធាឈ្មោះ ឆែ សំអុល និងបានប្តឹងប្តល់ទៅដល់តុលាការគ្រប់ជាន់ថ្នាក់ តែអ្នកភូមិបានចាញ់ក្តី។
លុះដល់ខែកញ្ញា ឆ្នាំ២០១២ អាជ្ញាធរនិងមន្ត្រីតុលាការខេត្តកណ្តាល បានចុះអនុវត្តសាលដីកា ធ្វើការវាស់វែងដីធ្លីឲ្យឈ្មោះ ឆែ សំអុល តែមិនបានសម្រេចទេដោយមានពលរដ្ឋរាប់រយនាក់ក្នុងភូមិ ធ្វើការតវ៉ានាពេលនោះ។ លុះដល់ថ្ងៃទី១៤ មករាកន្លងទៅនេះ ពលរដ្ឋ៤នាក់សុទ្ធតែជាស្ត្រី ក៏មានឈ្មោះត្រូវចូលបំភ្លឺតុលាការ ពីករណីរំខានការវាស់វែងរបស់អាជ្ញាធរនិងតុលាការ តែម្នាក់ឈ្មោះ វ៉ាន់ សារឿន អាយុ៤០ឆ្នាំ ត្រូវឃាត់ខ្លួនពេលសាកសួរ។ កាលពីម្សិលមិញ ពលរដ្ឋ៣នាក់ ផ្សេងទៀតក៏ត្រូវតុលាការសាកសួរដែរ ប៉ុន្តែបានឲ្យវិលត្រឡប់មកផ្ទះវិញ។
លោក ម៉ាក់ វ៉ាត ថ្លែងថា ៖ «ដីនេះជាដីរួមភូមិ យើងត្រូវតែតវ៉ា យកមកវិញ ព្រោះអាជ្ញាធរភូមិឃុំឃុបឃិតកាលពីឆ្នាំ៩០ជាង បានកាត់ដីលក់ឲ្យឈ្មោះ ឆែ សំអុល ហើយយើងសូមឲ្យតុលាការ ឬថ្នាក់ដឹកនាំរដ្ឋាភិបាលអន្តរាគមន៍ដោះលែងអ្នកភូមិយើងម្នាក់នេះពី ពន្ធនាគារផង»។
លោក ហែម ឡេវ សមាជិកក្រុមប្រឹក្សាឃុំ និងធ្លាប់ជាអតីតមេឃុំរលាំងគ្រើលឲ្យដឹងថា រឿងកាត់ដីនេះមានមែន តាំងពីសម័យដែលមានមេឃុំចាស់មុនលោកម្ល៉េះ និងលោកមេឃុំរូបនោះស្លាប់បាត់ហើយ គាត់បានកាត់ដីឲ្យអតីតយោធាឈ្មោះឆែ សំអុល។
លោក និយាយថា មេឃុំចាស់ មិនបានលក់ដីទៅឲ្យ ឆែ សំអុល ឡើយគឺគ្រាន់តែ«គេកាប់មាន់ ផឹកស៊ីជួបជុំគ្នាជាមួយទេ គ្មានអ្នកណាឃុបឃិតអីឡើយ»។
លោកបន្តថា ករណីស្ត្រីអ្នកភូមិ វ៉ាន់ សារឿន ត្រូវចាប់ខ្លួន ដោយសារគាត់ចេញមុខតវ៉ាខ្លាំងពេក នៅពេលអាជ្ញាធរធ្វើការវាស់វែងដីឲ្យអ្នកឈ្នះ។ គាត់ (វ៉ាន់ សារឿន) បានសម្តីជាងគេ និងបង្កទំនាស់។ យើងដឹងថា ពេលគេទាញម៉ែត្រវាស់អ្នកតវ៉ា បានទាញបណ្តាច់ម៉ែត្រអាជ្ញាធរទៀត»។
ទោះយ៉ាងណា មន្ត្រីតុលាការ កាន់សំណុំរឿងមួយនេះ មិនអាចទាក់ទងសុំការអធិប្បាយបានទេ។
លោក រិន សារ៉េត អ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុកខេត្តកំពង់ស្ពឺ ថ្លែងថា អង្គការលោក មិនបានតាមដានរឿងទំនាស់មួយនេះឡើយតាំងពីដើមមក ប៉ុន្តែ លោកបានជួបពលរដ្ឋទាំងនេះកាលពីម្សិលមិញ និងបានសម្ភាស ដើម្បីធ្វើកំណត់ហេតុ ផ្ញើទៅទីស្នាក់ការកណ្តាលអង្គការនៅភ្នំពេញដែរ។
លោក បានថ្លែងថា ៖ «នេះជារឿងក្តីថ្មីសម្រាប់ខ្ញុំ ដូច្នេះ ខ្ញុំកំពុងធ្វើរបាយការណ៍សង្ខេប ហើយផ្ញើទៅភ្នំពេញ ដើម្បីសុំយោបល់ឲ្យផ្តល់មេធាវី ដល់ពលរដ្ឋនៅក្នុងរឿងមួយនេះ»៕
No comments:
Post a Comment
yes