សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 11, 2013

លោក សមរង្ស៊ី និង​លោក សូណង់ដូ ពុំ​មាន​ក្នុង​បញ្ជី​បន្ធូរបន្ថយ​និង​លើក​លែង​ទោស

ដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត 
នៅ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៣

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១១ ខែ​មករា ថា លោក​បាន​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ដោះ​លែង​ទណ្ឌិត​ចំនួន​រវាង ៤០០​នាក់ ទៅ ៥០០​នាក់ ពី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
ការ​ស្នើសុំ​នេះ គឺ​ដើម្បី​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បូជា​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ខាង​មុខ​នេះ។
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បាន​ថ្វាយ​បញ្ជី​ឈ្មោះ​អ្នក​ទោស​ដល់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី រួច​ហើយ ដើម្បី​ប្រទាន​ការ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស​ទាំង​ស្រុង​ដល់​អ្នក​ទោស​មួយ​ចំនួន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស។
ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នោះ គឺ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើ​គោលការណ៍​មនុស្ស​ធម៌ មាន​ដូច​ជា អ្នក​ទោស​ទាំង​នោះ​បាន​កែប្រែ​អត្តចរិត​ល្អ មាន​វ័យ​ចាស់​ជរា មាន​អាយុ​រវាង ៦០​ឆ្នាំ ទៅ ៧០​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ និង​ស្ត្រី​មាន​កូន​តូច ព្រម​ទាំង​អនុវត្ត​តាម​គោលការណ៍​ច្បាប់ គឺ​ថា អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ រួច​ហើយ។
អ្នក​ទោស​ទាំង​នោះ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្លៀកពាក់​ខោ​អាវ​ធម្មតា នៅ​ពេល​មក​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ។ ការ​ដោះ​លែង​អ្នក​ទោស​នេះ គឺ​ជា​ករណី​ពិសេស​មួយ​ខុស​ពី​ករណី​ធម្មតា ដែល​ព្រះមហាក្សត្រ​តែង​តែ​ប្រទាន​ការ​លើក​លែង​ទោស​នៅ​ក្នុង​ឱកាស​ចម្រើន​ព្រះជន្ម និង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ជាដើម។
លោក អង្គ វង្សវឌ្ឍនា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​យុត្តិធម៌​ថា ទោះ​បី​ជា​អ្នក​ទោស​ណា​មួយ​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ ហើយ​ក៏ដោយ ប៉ុន្តែ​ជន​នោះ​មិន​បាន​កែប្រែ​អត្តចរិត​ល្អ គឺ​មិន​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស ឬ​លើក​លែង​ទោស​នោះ​ឡើយ៖ «ប្រហែល​ជា​អ្នក​ដែល​ត្រូវ​ដោះ​លែង​ហ្នឹង ថ្ងៃ​បូជា​ព្រះបរមសព គឺ​ទៅ​ទាំង​អស់​គ្នា​តែ​ម្តង ខាង​មហាផ្ទៃ គេ​រៀបចំ​ឲ្យ​មាន​ខោអាវ​ធម្មតា។ ថ្វាយ​ព្រះ​ភ្លើង​ហើយ ប្រហែល​ជា​ព្រះករុណា​លោក​ឡាយ​ព្រះហស្តលេខា​ពេល​ហ្នឹង លែង​ពេល​ហ្នឹង»
លោក​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​ទេ ដោយ​សារ​តែ​លោក សម រង្ស៊ី មិន​បាន​មក​បំពេញ​ទោស ចំណែក​ឯ​លោក ម៉ម សូណង់ដូ មិន​ទាន់​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ នៅ​ឡើយ។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក គុយ ប៊ុនស៊ន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី១១ មករា ថា លោក​បាន​ទទួល​ឯកសារ​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ហើយ តាម​រយៈ​ក្រសួង​មហាផ្ទៃ ហើយ​លោក​កំពុង​តែ​ចាត់​ការ​តាម​នីតិវិធី។
តាម​ការ​កំណត់​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធី​ដង្ហែ និង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​មាន​រយៈពេល ៧ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ក្នុង​នោះ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះបរមសព នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ នៅ​វេលា​ម៉ោង ១៨ និង ៣០​នាទី និង​មាន​ការ​បាញ់​កាំជ្រួច និង​កាំភ្លើង​ធំ​ផង៕

No comments:

Post a Comment

yes