សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 2, 2013

អាជ្ញាធរ​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ​រឿង​ក្រុមហ៊ុន​វៀតណាម​ឈូស​ព្រៃ

130502_04a
សកម្មភាពឈូសឆាយព្រៃរបស់ក្រុមហ៊ុន វៀតណាម នាពេលកន្លងមក
មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​បាន​ទៅ​ជួប​ប្រជុំ​ជាមួយ​នឹង​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ដែល​មាន​បញ្ហា​វិវាទ​ដី​ធ្លី​ជាង​១០០​នាក់​កាល​ពី​ម្សិលមិញ​និង​បាន​ទៅ​ពិនិត្យ​ព្រៃ​ការពារ​ជា​កន្លែង​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម ៧២ (ម៉ែន សារុន​)ធ្វើ​ការ​ឈូស​ឆាយ។
ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ក្នុង​ភូមិ​តេន ឃុំ យ៉ាទុង ស្រុក​អូរយ៉ាដាវ​បាន​អះអាង​ថា​គ្រឿង​ចក្រ​ក្រុមហ៊ុន​វៀតណាម​៧២ ដែល​ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន ម៉ែន សារុន បាន​ឈូស​ឆាយ​ដី​ព្រៃ​ការពារ​របស់​ពួក​គាត់​អស់​ចំនួន​ពីរ​ហិកតា​ចាប់​តាំង​ពី​សប្តាហ៍​មុន​មក​បើ​ទោះ​បី​ជា​ពួក​គាត់​បាន​ព្យាយាម​ធ្វើ​ការ​រារាំង​យ៉ាង​ណា​ក៏​ដោយ។
បន្ទាប់​ពី​បាន​ទទួល​របាយការណ៍ ពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​ការពារ​នេះ​ក៏​ដូចជា​ដី​ព្រៃ​ចម្ការ​ផ្សេងៗ​ទៀត លោក​ផាន់ ភឺន នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ដ​រតនគិរី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​និង​ប្រជា​ពលរដ្ឋ​ជាង ១០០ នាក់​មក​ពី​បី​ភូមិ​បាន​ជួប​ប្រជុំ​គ្នា​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា។

លោក​ផាន់ ភឺន បាន​ឲ្យ​ដឹង​ថា​៖«បន្ទាប់​ពី​ប្រជុំ​ចប់​យើង​បាន​ទៅ​មើល​ព្រៃ​ការពារ​នោះ។ ជាក់ស្តែង​ឈូស​មែន​ក្នុង​ព្រៃ​ការពារ​តែ​គេ​ឈូស​ដើម្បី​ធ្វើ​ផ្លូវ​មេ​មួយ​កាត់​ព្រៃ​នេះ​ប៉ុណ្ណោះ»។ លោក​ផាន់ ភឺន បាន​បន្ត​ថា ការ​ឈូស​ធ្វើ​ផ្លូវ​នេះ មាន​ទំហំ​ប្រហែល​ជា ១០ ម៉ែត្រ ហើយ​សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន​នៅ​បន្ត​ធ្វើ​ផ្លូវ​នេះ​នៅ​ឡើយ​មិន​ទាន់​ហើយ​នោះ​ទេ។
ភ្នំពេញ ប៉ុស្តិ៍ បាន​ទាក់​ទង​ទៅ​លោក រចំ វីន មេ​ឃុំ​យ៉ាទុង ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម។ ប៉ុន្តែ​លោក រចំ វីន បាន​ឲ្យ​ទូរស័ព្ទ​ទៅ​ជំទប់​ឃុំ​របស់​លោក​ម្នាក់​និយាយ​។ លោក​ជំទប់​ឃុំ​ដែល​បដិសេធ​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នោះ បាន​ឲ្យ​ដឹង​ថា ដី​ក្រុមហ៊ុន​ស្ថិត​នៅ​រំលង​ដី​ព្រៃ​ការពារ របស់​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ហេតុ​នេះ​ក្រុមហ៊ុន​ចាំ​បាច់​ត្រូវ​ឈូស​ធ្វើ​ផ្លូវ​ដើម្បី​ដឹក​គ្រឿង​ចក្រ​ចូល​ទៅ​ដី​របស់​គេ​។
លោក​បាន​បញ្ជាក់​ថា៖«គេ​ឈូស​ដើម្បី​ដឹក​គ្រឿង​ចក្រ​ចូល​ក្នុង​ដី​ក្រុមហ៊ុន​ហើយ​ផ្លូវ​នេះ​ក្រុមហ៊ុន​ក៏​មិន​មែន​ឈូស​យក​ធ្វើ​ជា​កម្មសិទិ្ធ​ដែរ។ បើ​ពលរដ្ឋ​ចង់​ប្រើ​ក៏​ប្រើ​ទាំងអស់​គ្នា​ទៅ»។
ទោះ​ជា​យ៉ាង​ណា​លោក​សេវ ហេម ប្រធាន​សហគមន៍​ភូមិ​តេន ក្នុង​ឃុំ​យ៉ាទុង​នៅ​តែ​អះអាង​ថា​ការ​ឈូស​ឆាយ​ដី​ព្រៃ​នោះ​មិន​មែន​ធ្វើ​ផ្លូវ​នោះ​ទេ។ លោក​សេវ ហេម បាន​ថ្លែង​ដូច្នេះ​ថា៖ «មិន​មែន​ឈូស​ធ្វើ​ផ្លូវ​ទេ គឺ​ឈូស​ដី​ដាំ​កៅស៊ូ​តែ​ម្តង។ ឈូស​អស់​ពីរ​ហិកតា​ហើយ។ សហគមន៍​យើង​សុំ​យក​ដី​ដែល​ឈូស​ហើយ​នោះ​មក​វិញ»។ លោក​សេវ ហេម​បាន​បន្ត​ថា​ប្រជា​សហគមន៍ នៅ​តែ​បន្ត​តាម​ដាន​មើល​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​បន្ត​ទៀត​បើ​ទោះ​បី​ជា​ក្រុមហ៊ុន​បាន​ផ្អាក​សកម្មភាព​យ៉ាង​ណា​ក៏​ដោយ។
លោក​ឆាយ ធី​មន្ត្រី​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា​ផ្ទៃ​ដី​ទំហំ ១ ពាន់​ហិកតា ស្ថិត​នៅ​ក្នុង​ដី​ព្រៃ​ការពារ ដែល​មាន​បណ្តោយ ២គ.ម និង ទទឹង ៣ គ.ម ត្រូវ​បាន​ក្រុមហ៊ុន​នេះ ឈូស​ឆាយ ដែល​ធ្វើ​ឲ្យ​ដី​ព្រៃ​ការពារ​មួយ​នេះ​កាន់​តែ​រួម​តូច។ លោក​បញ្ជាក់​ថា៖«ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​មិន​គ្រប់​ជ្រុង​ជ្រោយ​ធ្វើ​ឲ្យ​បាត់បង់​ដី​ព្រៃ​ការពារ​។ ក្រុមហ៊ុន​គេ​សំអាង​ថា​បាន​រដ្ឋាភិបាល​ប្រគល់​ដី​ឲ្យ គេ​មិន​ខ្វល់​អ្វី​ទេ​គឺ​គេ​ឈូស​ហើយ។ ពួក​គេ មិន​បាន​កាត់​ព្រៃ​ចេញ​តាម​គោល​ការណ៍​ដី​សម្បទាន​នោះ​ទេ»។ លោក​បន្ត​ថា​ជា​ទូទៅ​ក្រុមហ៊ុន​តែង​តែ​ចង់​បាន​ដី​ណា​ដែល​សម្បូរ​ជីជាតិ ដូច​ជា​ដី​ព្រៃ​ការពារ​ជាដើម​គឺ​មិន​មែន​ដី​ដែល​សឹក​រេច​រឹល​នោះ​ទេ៕

No comments:

Post a Comment

yes