
លោក ហ៊ុន សែន ថ្លែងសុន្ទរកថា នាពេលកន្លងមក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានថ្លែងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជាក្នុងការឈ្នះឆ្នោតខែកក្កដាខាងមុខ ហើយលោកជឿជាក់ថា គណបក្សរបស់លោកនឹងមិនធ្លាក់អាសនៈពីពីរភាគបីមកនៅក្រោម៥០បូកមួយទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំមិនជឿថា ពួកគេអាចឈ្នះនោះទេ បើទោះជាពួកគេខិតខំស្រែកក៏ដោយហើយខ្ញុំមិនជឿថា ជាងពីរភាគបីនៃអាសនៈអាចធ្លាក់ចុះក្រោម៥០បូកមួយទេ»។
ថ្លែងទៅកាន់កម្មករនិយោជិតក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិនៅខេត្តព្រះសីហនុលោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គណបក្សប្រឆាំងមានឱកាសតិចតួចប៉ុណ្ណោះក្នុងការទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីមានឥទ្ធិពលនៅក្នុងសភា។
បើសរុបរួមគ្នា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សសព្វថ្ងៃមានអាសនៈចំនួន២៩កៅអីនៅក្នុងសភា។ មុនឆ្នាំ២០០៨នៅពេលរដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មក្នុងអំឡុងពេលជាប់គាំងរបស់រដ្ឋាភិបាលអាសនៈមួយភាគបីនៃអាសនៈ១២៣របស់សភាអាចរារាំងការបង្កើតច្បាប់ឬរារាំងការបង្កើតរដ្ឋាភិបាលបាន។ តែឥឡូវនេះប្រសិនគណបក្សសង្គ្រោះជាតិកម្ពុជាចង់ឲ្យមានសំឡេងអាចធ្វើដូច្នោះបាន ពួកគេត្រូវតែធ្វើយ៉ាងណាឲ្យទទួលបាន៥០ បូកមួយ។
លោកថ្លែងទៀតថា៖ «ខ្ញុំគ្មានបារម្ភអំពីបញ្ហានេះទេ»។ «គណបក្សប្រជាជនកម្ពុជាបានកើនពី៥១អាសនៈដល់៦៤ និងពី៦៤ដល់៧៣និងពី៧៣ដល់៩០។ ដូច្នេះប្រសិនបើវាធ្លាក់ចុះ៤០អាសនៈវាមិនអាចទៅរួចទេ»។
ក្នុងទិវាពលកម្មអន្តរជាតិម្សិលមិញនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្លៀតឱកាសធ្វើការរំឭកកម្មករអំពីអន្តរាគមន៍របស់លោកក្នុងការសម្របសម្រួលឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលនៅខែនេះនឹងឡើងពី៦១ដល់៨០ដុល្លារក្នុងមួយខែ។ លោកថ្លែងបន្តថា៖ «ខ្ញុំយល់ថា បេះដូងរបស់ប្រជាជននៅតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា(CPP)»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា អត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធទៅនឹងការបោះឆ្នោតនាពេលខាងមុខដែលថា គណបក្សប្រជាជនកម្ពុជារបស់លោកមិនធ្លាក់អ្នកគាំទ្រតិចជាង៥០បូក១មានន័យថា អត្ថាធិប្បាយនេះជាសញ្ញាបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងបាត់បង់ការគាំទ្ររបស់ខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោកបន្តថា៖ «ការថ្លែងនេះគឺជាការទទួលស្គាល់ថា ប្រហែលជាគណបក្សគាត់នឹងមានការគាំទ្រតិចជាងមុនបើទោះជាមិនចាញ់ទាំងស្រុងក៏ដោយ»។
នៅក្នុងសុន្ទរកថា កាលពីម្សិលមិញ លោក ហ៊ុន សែន បានឆ្លៀតរំឭកថា៖ «អ្នកនយោបាយមួយចំនួនហ៊ានថ្កោលទោសថ្ងៃទី១៧ មេសា១៩៧៥ ប៉ុន្តែ ពួកគេមិនហ៊ានថ្កោលទោសរដ្ឋប្រហារថ្ងៃទី១៨ មីនា១៩៧០ទេ»។
លោកបន្តថា៖ «បើយើងជាអ្នកនយោបាយដែលហ៊ានទទួលខុសត្រូវចំពោះការពិតនៃប្រវត្តិសាស្រ្តយើងត្រូវតែហ៊ានទទួលយកការពិតទាំងខុសទាំងត្រូវហើយយើងត្រូវតែហ៊ានថ្កោលទោសសម្ព័ន្ធមិត្តខ្លួន។ ប៉ុន្តែពួកគេមិនហ៊ានថ្កោលទោសពួកឈ្លានពានកម្ពុជាក្នុងឆ្នាំ១៩៧០ទេពីព្រោះពួកឈ្លានពានទាំងនោះជាមេរបស់ពួកគេបច្ចុប្បន្ន។
លោក ហ៊ុន សែន បន្តថា៖ «ពួកគេចាត់ទុកថា ពួកគេជាគ្រូនិងឪពុកម្តាយរបស់ខ្លួន»។
លោកថ្លែងបន្តថា៖ «តើពួកគេហ៊ានថ្កោលទោសសហរដ្ឋអាមេរិកឬអត់... ដែលទម្លាក់គ្រាប់បែកបំផ្លាញកម្ពុជា?»៕
No comments:
Post a Comment
yes