ក្រុមសង្គមស៊ីវិលនាំគ្នាបង្ហោះប៉េងប៉ោង ក្នុងថ្ងៃប្រារព្ធពិធីរំឭកខួបទិវាសិទ្ធិមនុស្ស
លើកទី៦៤ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១២ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដែលជាបក្សគ្រប់គ្រងអំណាច បានអះអាងថា សិទ្ធិរស់រានមានជីវិត និងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន កើតមកពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
ផ្ទុយពីការអះអាងខាងលើ ក្រុមអ្នកឃ្លាំមើលពីបញ្ហាសង្គមអះអាងថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនេះ បានមកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឯណោះទេ។
ប្រវត្តិសាស្ត្របានបង្ហាញថា ជាតិសាសន៍ខ្មែរមានប្រវត្តិតស៊ូរើបម្រះពីការត្រួតត្រារបស់បរទេសដើម្បីរស់នៅជាជាតិសាសន៍មួយប្រកបដោយឯករាជ្យ អធិបតេយ ក្នុងសិទ្ធិសេរីភាពជាមនុស្សដូចជាតិសាសន៍ដទៃនៅលើសាកលលោក។
ក្រុមអ្នកវិភាគ និងក្រុមអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងថា ប្រព័ន្ធប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៅកម្ពុជា ពេលបច្ចុប្បន្ន ដោយសារតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា បន្ទាប់ពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា នៅមានសង្គ្រាមនៅឡើយ និងមិនទាន់មានការគោរពសិទ្ធិមនុស្ស និងមានការរៀបចំការបោះឆ្នោតតាមប្រព័ន្ធប្រជាធិបតេយ្យទេ គឺកម្ពុជា ជារដ្ឋកុម្មុយនិស្ត និងជារដ្ឋផ្ដាច់ការនៅឡើយ។ រហូតដល់ថ្ងៃទី២៣ តុលា ឆ្នាំ២០១៣ ទើបមានការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោតតាមប្រព័ន្ធប្រជាធិបតេយ្យលើកដំបូងនៅឆ្នាំ១៩៩៣។
ការលើកឡើងដូច្នេះ នៅបន្ទាប់ពីប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា លោក ហេង សំរិន បានថ្លែងនៅក្នុងអង្គមីទីងខួបលើកទី៣៤ នៃថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែររស់រានមានជីវិតឡើងវិញ ក្រោយពីរបបកាប់សម្លាប់ខ្មែរក្រហម។
លោក ហេង សំរិន បានអះអាងថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនមែនកើតឡើង និងរីកចំរើនដោយសារតែពាក្យសម្ដី ឬរបាយការណ៍របស់មជ្ឈដ្ឋានណានោះឡើយ។ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា បានចាប់ផ្ដើមពីរស់ឡើងវិញរបស់ប្រជាពលរដ្ឋ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ ហើយត្រូវបានការពារ ពង្រឹង និងការពង្រីកឥតឈប់ឈរក្នុងការដំណើរការកសាង និងការពារមាតុភូមិរយៈពេល ៣៤ឆ្នាំមកនេះ។
ឆ្លើយតបទៅនឹងបញ្ហានេះ អនុប្រធានស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានលើកឡើងថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាគោលការណ៍សាកល ពោលគឺប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវតែមានការការពារ និងគោរពសិទ្ធិមនុស្ស ហើយរដ្ឋាភិបាលត្រូវធានាឲ្យប្រជាពលរដ្ឋរបស់ខ្លួនមានសិទ្ធិរស់រានមានជីវិតពេញលេញ។
នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៧ មករា អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានពន្យល់ថា កម្ពុជាទទួលបានការរៀបចំឡើងវិញឲ្យមានប្រព័ន្ធបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះ បន្ទាប់ពីឆ្នាំ១៩៩៣ មក ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកបណ្ឌិត ឡៅ ម៉ុងហៃ សង្កត់ធ្ងន់ថា បន្ទាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ បញ្ហារំលោភសិទ្ធិមនុស្សស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ហើយថា ប្រទេសកម្ពុជា គ្មានអធិបតេយ្យរបស់ខ្លួនទេ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ថា ទោះបីជាថ្ងៃ៧ មករា នេះ ត្រូវបានរដ្ឋាភិបាលដាក់នៅក្នុងប្រតិទិនជាថ្ងៃបុណ្យជាតិឲ្យឈប់សម្រាកមួយថ្ងៃក្ដី ប៉ុន្តែអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានអះអាងថា ទិវាជ័យជំនះ ៧ មករា នេះ គេមិនទទួលស្គាល់ជាអន្តរជាតិទេ។
អ្នកឃ្លាំមើលអំពីបញ្ហាអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ថ្ងៃ៧ មករា អាចមានតម្លៃតំបន់ និងតម្លៃសាកល ពីព្រោះថា ថ្ងៃ៧ មករា បានចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងជនជាតិដើមភាគតិច និងជនជាតិដទៃ ដែលអង្គការសហប្រជាជាតិទទួលស្គាល់។ ប៉ុន្តែប្រសិនបើមេដឹកនាំកម្ពុជា ភ្លេចនិយមន័យបទពិសោធន៍របស់ខ្លួននោះ ឧក្រិដ្ឋកម្មទាំងនេះនឹងវិលត្រឡប់មកវិញ ដោយលោក កែម ឡី បានលើកបញ្ហាមិនប្រក្រតីមួយចំនួនដែលកំពុងកើតឡើងសព្វថ្ងៃនេះ។
ទោះបីជាយ៉ាងនេះក្ដី អង្គការជាតិ អន្តរជាតិមួយចំនួន បច្ចុប្បន្ននេះបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ សម្ដែងពីក្ដីព្រួយបារម្ភចំពោះការរំលោភសិទ្ធិមនុស្សនៅពេលបច្ចុប្បន្ន ដោយគេបានលើកពីតុលាការមិនឯករាជ្យ ការកាត់ទោសក្រៅសំណាញ់ច្បាប់ ករណីបាញ់សម្លាប់ ករណីបណ្ដេញប្រជាពលរដ្ឋចេញពីដីធ្លីជាដើម ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិត ដែលរដ្ឋាភិបាលមិនទាន់ដោះស្រាយបានសមរម្យនៅឡើយ។
ភ្ជាប់ទៅនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ពិតមែនតែប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិ មានសិទ្ធិដើរហើរ និងសិទ្ធិធ្វើនយោបាយបានពេញលេញក្ដី ប៉ុន្តែរដ្ឋាភិបាលមិនទាន់ធានាឲ្យប្រជាពលរដ្ឋមានសិទ្ធិរស់រានមានជីវិតបានពេញលេញនៅឡើយ។
ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ភាគច្រើនប្រឈមនឹងបញ្ហាខ្វះខាតចំណីអាហារ ពិសេសក្មេងៗ ខ្វះអាហារូបត្ថម្ភ ដោយសារតែឪពុកម្ដាយរបស់ពួកគេក្រីក្រ មួយចំនួននៃពួកគេរងការប៉ះពាល់ដោយការអភិវឌ្ឍ។
ក្រុមអ្នកឃ្លាំមើលពីស្ថានការណ៍សង្គមបានបញ្ជាក់ថា ថ្ងៃ៧ មករា នៅតែជាប្រធានបទចម្បងដែលអ្នកនយោបាយនៅគណបក្សកាន់អំណាច បានព្យាយាមយកថ្ងៃ៧ មករា ដើម្បីកេងចំណេញជារឿងនយោបាយរបស់ខ្លួន ដែលគេចាត់ទុកថា ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា និងមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាជាដើម។ ប៉ុន្តែយ៉ាងនេះក្ដី របាយការណ៍របស់សមាគមសិទ្ធិមនុស្សបានសរសេរថា ក្នុងមួយឆ្នាំៗ ការរំលោភសិទ្ធិមនុស្សមានប្រមាណជាង ៥០០ករណី ហើយការរំលោភសិទ្ធិមនុស្សដោយសារបញ្ហាជម្លោះដីធ្លីមានជាង ២០០ករណីទៀតក្នុងមួយឆ្នាំៗ គឺមិនទាន់មានការថយចុះនៅឡើយទេ៕
No comments:
Post a Comment
yes