សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

មនុស្ស​រាប់ពាន់នាក់​ចូលរួម​ក្នុង​ពិធី​ដង្ហែ​សាកល្បង​ព្រះបរមសព​សម្តេចឪ

មនុស្ស​រាប់ពាន់នាក់​ចូលរួម​ក្នុង​ពិធី​ដង្ហែ​សាកល្បង​ព្រះបរមសព​សម្តេចឪ

ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមសព​សម្តេចឪ (ព្រះ​បរម​រតនៈ​កោដ្ឋ) ត្រូវ​បាន​រៀបចំ​ធ្វើ​សាកល្បង​លើក​ទី១ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។ មនុស្ស​ប្រមាណ​ជា ២០០០ នាក់​បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​សាកល្បង​នោះ ដោយ​ចែក​ចេញ​ជា​ច្រើន​ផែន​ខុសៗ​គ្នា។ ក្បួន​ដង្ហែ​សាកល្បង​លើក​ទី២​ត្រូវ​គេ​គ្រោង​នឹង​ធ្វើ​ម្តង​ទៀត​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ មុន​នឹង​ពិធី​ដង្ហែ​ព្រះ​បរមសព​ផ្លូវការ ចាប់​ផ្តើម​នៅ​ថ្ងៃទី១ ខែកុម្ភៈ​ខាង​មុខ​ដើម្បី​នាំ​យក​ព្រះ​បរមសព​ទៅ​តម្កល់​នៅ​ឯ​វាលព្រះមេរុ។

មន្ត្រីរាជការ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជា ២០០០ នាក់​បាន​ជួបជុំ​គ្នា​នៅ​មុខ​ព្រះបរមរាជវាំង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ព្រះ​បរមសព​សាកល្បង​ជា​លើក​ទី១ ។ ការ​រៀបចំ​ក្បួន​សាកល្បង​នៅ​ថ្ងៃ​នេះ​គ្រាន់​តែ​ជា​ការ​រៀបចំ​ផែន​នៅមុខ​ព្រះបរមរាជវាំង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ដង្ហែ​តាម​ដងផ្លូវ​ទេ។ ក្បួន​ដង្ហែ​សាកល្បង​លើក​ទី២​ត្រូវ​គេ​គ្រោង​រៀបចំ​ឡើង​ម្តង​ទៀត​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ ដើម្បី​អនុវត្ត​ការ​ហែ​ក្បួន​ជាក់ស្តែង។
ក្បួន​ដង្ហែ​សាកល្បង​លើក​ទី២​នឹង​ត្រូវ​ឆ្លងកាត់​តាម​តិរវិថី​ព្រះស៊ីសុវត្ថិ ឆ្ពោះ​ទៅ​រង្វង់​មូល​វត្តភ្នំ រួច​បត់​តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​រង្វង់​មូល​វិមានឯករាជ្យ មុន​នឹង​បត់​ឆ្វេង​តាម​មហាវិថី​ព្រះសីហនុ​តម្រង់​ទៅ​វាល​ព្រះមេរុ​ដែល​ជា​ទីដៅ​ចុងក្រោយ​សម្រាប់​តម្កល់​ព្រះ​បរមសព។ នេះ​បើតាម​ការ​ជូនដំណឹងរបស់​សាលា​រាជធានី​ភ្នំពេញ។
 
ពិធី​ដង្ហែ​ព្រះ​បរមសព​ព្រះ​បរម​រតនៈ​កោដ្ឋ​នឹង​ធ្វើ​ឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃទី១ ខែកុម្ភៈ​ខាង​មុខ​នេះ ដោយ​នាំ​យក​ព្រះ​បរមសព​ចេញ​ពី​ព្រះបរមរាជវាំង​ទៅ​តម្កល់​នៅ​ឯ​វាលព្រះមេរុ​រយៈពេល​៣ថ្ងៃ មុន​នឹង​ប្រារព្ធ​ពិធី​ថ្វាយព្រះភ្លើង។ យោង​តាម​សារាចរណ៍​ណែនាំ​របស់​រដ្ឋាភិបាល ការ​បាញ់​កាំភ្លើង​ធំ ១០៥ ម​ម នឹង​ត្រូវ​ធ្វើ​ឡើង​ផង​ដែរ​ក្នុង​ឱកាស​ដង្ហែ​ក្បួន​ព្រះបរមសព​ចេញ​ពី​ព្រះបរមរាជវាំង ការ​តម្កល់​ព្រះសព​នៅ​លើ​វាល​ព្រះមេរុ និង​ក្នុង​ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះបរមសព​ព្រះសម្តេចឪ។ ការ​បាញ់​កាំភ្លើង​ធំ​សាកល្បង​ក៏​ត្រូវ​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៥ មករា​ខាងមុខ​នេះ​ដែរ។
 
គួរ​រម្លឹក​ថា អតីតព្រះមហាក្សត្រ សម្តេចឪ នរោត្តម សីហនុ បាន​យាង​ចូល​ទីវង្គត​កាល​ពី​ថ្ងៃទី១៥ តុលា ឆ្នាំ ២០១២ នៅ​ឯ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០ ព្រះវស្សា។ ព្រះបរមសព​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ភ្នំពេញ​វិញ និង​តម្កល់ទុក​ក្នុង​ព្រះបរមរាជវាំង​រហូត​មក​ទល់​សព្វថ្ងៃ។ គេ​រំពឹង​ថា មនុស្ស​រាប់លាន​នាក់​នឹង​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ព្រះសព និង​ពិធី​ថ្វាយ​ព្រះភ្លើង​នៅ​ដើម​ខែ​កុម្ភៈ​ខាងមុខ៕

No comments:

Post a Comment

yes