

ភ្នំពេញៈ ក្រុមគ្រួសារ «ឃាតកសិប្បនិម្មិត» កាលពីម្សិលមិញ បានមកពឹងពាក់អង្គការសិទ្ធិមនុស្សលីកាដូ ដើម្បីឲ្យអង្គការមួយនេះ ជួយពួកគេបានទៅសួរសុខទុក្ខជនជាប់ចោទប៊ន សំណាង និងសុក សំអឿន នៅពន្ធនាគារព្រៃស ខណៈដែលពួកគេនៅតែហួសចិត្តដែលសាលាឧទ្ធរណ៍ បានសម្រេចចាប់ឃុំជនទាំងពីរនាក់ទាំង«អយុត្តិធម៌»ជាលើកទី២។
«នៅ យប់មុនថ្ងៃប្រកាស(សាលដីកា) កូនខ្ញុំប្រាប់ថា កុំឲ្យខ្ញុំព្រួយ ព្រោះវានឹងរួចខ្លួនហើយ។ រួចព្រឹកឡើង វាក៏ប្រញាប់ទៅធ្វើការ ព្រោះវាជាអ្នកបើកឡានដឹកសិស្ស នៅសាលាអន្តរជាតិ Zaman ហើយរួចក៏សុំមេមកស្តាប់សាលដីកា»។ នេះជាការរៀបរាប់ របស់អ្នកស្រី នួន គឹមស្រ៊ី អាយុ៥២ឆ្នាំ ជាម្តាយប៊ន សំណាង ដែលអង្គុយសញ្ជឹង ហាក់ដូចជាលែងចង់និយាយអ្វីច្រើន ជាមួយអ្នកកាសែត នៅអង្គការលីកាដូ កាលពីម្សិលមិញ។ ស្ត្រីដែលស្ពាយថ្នាំមកជាមួយ ទុកឲ្យកូន ដែលកំពុងតែរួមរឹតដោយជំងឺផ្សេងៗនៅពន្ធនាគារព្រៃសបានឲ្យ ដឹងថា៖ «កូនខ្ញុំសប្បាយចិត្ត ក៏ស្លៀកពាក់ឡើងស្អាត និងមកស្តាប់សាលដីកា ដែលវាគិតថា វារួចខ្លួន»។
និយាយមកដល់ត្រឹម នេះ អ្នកស្រីរំឭកថា សាលដីកា នៅតុលាការឧទ្ធរណ៍ ជារឿងហួសចិត្ត សម្រាប់ក្រុមគ្រួសារ ដែលត្រៀមខ្លួន ទទួលយកដំណឹងល្អ តែបែរជាជួបរឿងអកុសល ក្នុងជីវិតម្តងទៀត។ អ្នកស្រីក៏បានរំឭកផងដែរ ពីព្រះរាជអំពាវនាវរបស់អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ពីរឿងដែលព្រះអង្គ មិនជឿថា ប៊ន សំណាង និង សុក សំអឿន ជាឃាតក។
អ្នក ស្រីឲ្យដឹងថា ៖ « សម្តេចតា (ព្រះវររាជបិតា នរោត្តម សីហនុ) កាលលោកនៅមានព្រះជន្ម ធ្លាប់ឡាយព្រះហស្តថា កូនខ្ញុំនិងសុក សំអឿន អត់មានកំហុសអ្វីឡើយ ហើយថា ជាឃាតកសិប្បនិម្មិត។ ដូច្នេះ សម្តេចតា ក៏អំពាវនាវឲ្យដោះលែងពួកគេដែរ។ ខ្ញុំសូមឲ្យសម្តេច ហ៊ុន សែន លោកជំទាវ ប៊ុន រ៉ានី និងព្រះមហាក្សត្រយើង សូមជួយអន្តរាគមន៍ផង ព្រោះសម្តេចតាទទួលស្គាល់ថា ពីរនាក់នេះ មិនបានប្រព្រឹត្តខុសទេ»។
ជន ជាប់ចោទប៊ន សំណាង និងសុក សំអឿន ត្រូវបាននគរបាលវាយខ្នោះ ដាក់ចូលរថយន្តភ្លាមៗ ក្រោយប្រកាសសាលដីកា នៅតុលាការឧទ្ធរណ៍ កាលពីថ្ងៃ ២៧ ធ្នូ ២០១២ ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ក្រោយពីពួកគេ ត្រូវតុលាការកំពូលដោះលែងកាលពីចុងឆ្នាំ ២០០៨ ក្រោយពីការជាប់ឃុំ ប្រមាណ៥ឆ្នាំ គឺស្មើ១៧៧៩ ថ្ងៃ ចំពោះបទចោទ សម្លាប់លើមេដឹកនាំសហជីពលោក ជា វិជ្ជា កាលពីខែមករា ឆ្នាំ២០០៤ ជាបទចោទដែលត្រូវបានមជ្ឈដ្ឋានជាច្រើន ហៅថា ជាការប្រឌិត។
តាំងពីការចាប់ខ្លួនលើកមុន រហូតដល់ថ្ងៃដោះលែង និងរហូតដល់ថ្ងៃចាប់ខ្លួនឃុំឃាំងម្តងទៀតមិនមែនមានតែអតីត ព្រះមហាក្សត្រ ឬសាធារណជនជាច្រើននោះទេ ដែលយល់ថា ប៊ន សំណាង និងសុក សំអឿន ជាឃាតកសិប្បនិម្មិត សូម្បីតែលោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ ក៏បានអះអាងដែរថា អ្នកទាំងពីរ មិនមែនជាឃាតកពិតប្រាកដឡើយ។ លើសពីនេះទៀត អ្នកស្រី វ៉ា សុធី ម្ចាស់តូបលក់កាសែតនៅវត្តលង្កា ទីដែលខ្មាន់កាំភ្លើងពីរនាក់ ចូលទៅបាញ់សម្លាប់លោកជា វិជ្ជា ដែលអ្នកស្រីបានឃើញផ្ទាល់ភ្នែកនោះ ក៏ធ្លាប់បានបញ្ជាក់ដែរថា ប៊ន សំណាង និងសុក សំអឿន មិនមែនជាខ្មាន់កាំភ្លើងដែលអ្នកស្រីបានឃើញនោះទេ។
ប៊ន សំណាង អាយុ ៣២ ឆ្នាំ ដែលពេលនេះ កំពុងស្ថិតក្នុងពន្ធនាគារព្រៃស កំពុងប្រឈមមុខនឹងជំងឺក្រពះ តម្រងនោម និងការដេកមិនលក់ ដែលម្តាយរបស់គេ មិនទាន់បានទៅជួបសួរសុខទុក្ខនៅឡើយ ចាប់តាំងពីថ្ងៃចាប់ខ្លួនមក ធ្វើឲ្យស្ត្រីជាម្តាយ មានការព្រួយបារម្ភយ៉ាងខ្លាំង។
ម្តាយប៊ន សំណាង អ្នកស្រី នួន គឹមស្រ៊ី ដែលមានលំនៅដ្ឋាន នៅខាងលិចតំបន់បឹងកក់ ក្នុងខណ្ឌទួលគោកថ្លែងថា៖«កូនខ្ញុំធ្លាប់មានប្រាក់ខែ១០០ ដុល្លារ គ្រាន់ចិញ្ចឹមខ្លួន និងទិញថ្នាំលេប តែពេលនេះចូលគុក និងអត់ថ្នាំលេបទៀត។ ខ្ញុំគ្មានរបរអ្វីទេមានតែកូនៗឲ្យប្រាក់ចាយហើយពេលនេះ រឹតតែលំបាកខ្លាំងឡើងថែមទៀត»។
មិនខុសអ្វីប៉ុន្មាន ពីប៊ន សំណាង នោះទេ សុក សំអឿន គឺជាបង្អែកគ្រួសារតែមួយគត់ ដែលរស់នៅជាមួយភរិយា និងកូនស្រីអាយុ ២ ឆ្នាំ រួមទាំងម្តាយក្មេក។ ពេលជាប់ពន្ធនាគារ អ្នកស្រី នាង សុខខេន អាយុ៣០ឆ្នាំ ជាភរិយា រស់នៅគ្មានមុខរបរច្បាស់លាស់ឡើយ គឺរកព្រឹកខ្វះល្ងាច។ អ្នកស្រី សុខខេន ដែលក្នុងដៃ កំពុងបីបំបៅកូនស្រីអាយុ២ខួប ថ្លែងជាមួយភ្នំពេញប៉ុស្តិ៍ថា៖ «ប្តីខ្ញុំ ជាគ្រូបង្រៀនអង់គ្លេសនៅផ្ទះមានទាំងព្រះសង្ឃ និងកូនសិស្សជិតខាងគាត់ ចូលចិត្ត និងរៀនជាមួយគាត់។ គាត់រកប្រាក់បានប្រមាណ១ ម៉ឺនរៀល ក្នុងមួយថ្ងៃសម្រាប់គ្រួសារ។ ពេលនេះ ខ្ញុំត្រូវមើលម្តាយឈឺ និងកូនស្រី មិនបានរកស៊ីអ្វីឡើយ»។
ក្រៅពីភរិយា សុក សំអឿន នៅមានបងប្អូនបួននាក់ និងម្តាយម្នាក់ទៀត មិនអស់ចិត្តចំពោះការសម្រេច ដែលផ្តល់វាសនា ឲ្យកូនប្រុស និងបងប្រុស របស់ពួកគេ ត្រូវជាប់ពន្ធនាគារ ទាំងអយុត្តិធម៌ជាថ្មីទៀត បែបនេះនោះឡើយ។
ប្អូនស្រីសុក សំអឿន អ្នកស្រី វួន ចន្ធី អាយុ ៣៤ ឆ្នាំ បានឲ្យដឹងថា ៖«បងខ្ញុំ មិនប្រាប់ខ្ញុំនិងម៉ែ ថា មកស្តាប់តុលាការប្រកាសអីទេ ថ្ងៃនោះ។ អ៊ីចឹង គាត់មកតែបីនាក់ប្រពន្ធនិងកូនគាត់»។ ចន្ធី ដែលជាស្រ្តីមានសម្តីច្រើន និងចង់រៀបរាប់ពីអំពើអយុត្តិធម៌ លើបងប្រុសរបស់ខ្លួន បានចោទសួរថា ៖ «ហេតុអីធ្វើបាបតែ មនុស្សល្អ? គាត់ស្លូតត្រង់ សូម្បីតែមាន់មួយ មិនហ៊ានអារកផងហើយសូម្បីបងប្អូន ក៏គាត់មិនដែលលើកដៃវាយដែរ រឿងអីគាត់ហានសម្លាប់មនុស្ស?»។ នាងបន្តថា៖ «ឯក្មួយខ្ញុំទៀតសោត តែភ្ញាក់ពីដេក ហៅរកឪវាតែយើងគ្រាន់តែប្រាប់ថា ប៉ាទៅផ្សារទន្លាប់ (ផ្សារទន្លាប់ ស្រុកគិរីវង្ស) គឺទៅផ្ទះម្តាយគាត់បាត់ហើយ»។
ក្រុម គ្រួសារ«ឃាតកសិប្បនិម្មិត»ទាំងពីរ នាក់នេះ បានមកពឹងពាក់អង្គការលីកាដូ ឲ្យជួយពួកគេ ទៅសួរសុខទុក្ខអ្នកជាទីស្រឡាញ់របស់ពួកគេនៅពន្ធនាគារ ព្រៃសដែលពួកគេមិនដែលបានជួបចាប់តាំងពីថ្ងៃចាប់ឃុំខ្លួនលើក ទី២នេះមក។
លោក អំ សំអាត ទីប្រឹក្សាផ្នែកបច្ចេកទេស អង្គការលីកាដូ ថ្លែងថា លោករង់ចាំមើលសប្តាហ៍ក្រោយ ក្រែងអគ្គនាយកដ្ឋានពន្ធនាគារនឹងចេញលិខិតឲ្យអង្គការលោក រួចលោកនឹងផ្តល់ដំណឹង ដល់ក្រុមគ្រួសារឲ្យបានចូលជួបសួរសុខទុក្ខ ប៊ន សំណាង និងសុក សំអឿន៕
No comments:
Post a Comment
yes