សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 19, 2013

អង្គការ​សិទ្ធិ​មនុស្ស​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ

រដ្ឋាភិបាល​មិន​ទាន់​បញ្ជូន​ច្បាប់​មួយ​ចំនួន​ទៅ​ឲ្យ​សភា​អនុម័ត​ទេ រួម​មាន​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា នេះ​គឺ​ជា​ដើម​ចម​មួយ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្នក​នយោបាយ។
បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ បាន​លើក​ឡើង​ថា អ្នក​ដែល​ទទួល​រង​គ្រោះ​នៅ​ក្នុង​សង្គម​ច្រើន​ជាង​គេ​ដោយ​សារ​តុលាការ​មិន​ឯករាជ្យ​នេះ គឺ​ប្រជាពលរដ្ឋ​សាមញ្ញ និង​អ្នក​គ្មាន​អំណាច។
ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ជា​រឿយៗ​ថា តុលាការ​មិន​ឯករាជ្យ ហើយ​ឥទ្ធិពល​នយោបាយ​បាន​លុកលុយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ និង​អំពើ​ពុក​រលួយ​កើត​មាន​ជា​ប្រចាំ។

ទាក់​ទង​នឹង​បញ្ហា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចេញ​កំណត់​ត្រា​សង្ខេប​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៨ កុម្ភៈ ស្ដីពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ នៅ​ក្នុង​កំណត់​ត្រា​ជាង ១០​ទំព័រ​នេះ បាន​សរសេរ​លម្អិត​អំពី​ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ​មក​ពី​កត្តា​មួយ​ចំនួន រួម​មាន​ការ​បែង​ចែក​អំណាច​នីតិរដ្ឋ និង​ឯករាជ្យ​ភាព​នៃ​ស្ថាប័ន​តុលាការ ឧបសគ្គ​ចំពោះ​ស្ថាប័ន​តុលាការ​ក្នុង​ការ​បំពេញ​មុខ​ងារ​ឲ្យ​បាន​ត្រឹមត្រូវ កង្វះ​ឯករាជ្យ​ភាព​របស់​ចៅក្រម ធនធាន និង​ការ​បណ្ដុះ​បណ្ដាល​មិន​គ្រប់គ្រាន់ និង​ករណី​ផ្សេងៗ​ទៀត។
បន្ថែម​ពី​លើ​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា កញ្ចប់​ថវិកា​ជាតិ​ដែល​ផ្ដល់​ទៅ​ឲ្យ​ប្រព័ន្ធ​តុលាការ​នៅ​មាន​កម្រិត​នៅ​ឡើយ​នោះ ជា​ដើម​ហេតុ​មួយ​នាំ​ឲ្យ​មន្ត្រី​តុលាការ​មួយ​ចំនួន​បាន​ប្រើប្រាស់​ស្ថាប័ន​តុលាការ​ស្វែង​រក​លាភសក្ការៈ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​ខ្លួន។
មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​ឆ្លុះ​បញ្ចាំង​អំពី​តុលាការ​មិន​ឯករាជ្យ គឺ​រដ្ឋាភិបាល​ពុំ​ទាន់​មាន​ការ​បែង​ចែក​អំណាច​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ ឥទ្ធិពល​របស់​អង្គ​នីតិប្រតិបត្តិ​កំពុង​តែ​បន្ត​រាល​ដាល​ទៅ​ក្នុង​ស្ថាប័ន​តុលាការ​ជាដើម។ ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល​វិញ បាន​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​តុលាការ តែ​ជាក់ស្ដែង​មាន​ការ​រីក​ចម្រើន​តិចតួច។
ម្យ៉ាង​វិញ​ទៀត មាន​គម្លាត​ពី​គ្នា​កាន់​តែ​ខ្លាំង​រវាង​ការ​ធានា​ស្រប​តាម​រដ្ឋធម្មនុញ្ញ ទាក់​ទិន​នឹង​ឋានៈ​នៃ​ស្ថាប័ន​តុលាការ និង​វិធីសាស្ត្រ​ដែល​ស្ថាប័ន​តុលាការ​អនុវត្ត​មុខងារ​របស់​ខ្លួន​ជាក់ស្ដែង។ នៅ​គ្រា​ដែល​គម្លាត​នេះ​កាន់​តែ​ធំ​ទៅៗ ទំហំ​សម្រាប់​ការ​រិះគន់ និង​កិច្ចការ​ពិភាក្សា​កំពុង​តែ​រួម​តូច និង​រឹតត្បិត ដោយ​សារ​តែ​តុលាការ​ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង និង​អ្នក​មាន​និន្នាការ​ជំទាស់។ ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​បញ្ញត្តិ​ពី​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ និង​កំណត់​មុខងារ​របស់​តុលាការ ដើម្បី​ធានា និង​ប្រកាន់​ភ្ជាប់​នូវ​ភាព​មិន​លំអៀង ព្រម​ទាំង​ការ​ការពារ​សិទ្ធិ និង​សេរីភាព​ប្រជាពលរដ្ឋ​ក្ដី។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ បាន​អះអាង​ថា ប្រព័ន្ធ​យុត្តិធម៌​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​សង្គម ដើម្បី​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​យុត្តិធម៌ និង​ភាព​សុខសាន្ដ​ក្នុង​សង្គម។ តែ​កង្វះ​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម​នេះ ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន។
កំណត់​ត្រា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ពី​ឧបសគ្គ​ចម្បង​មួយ​ក្នុង​ចំណោម​ឧបសគ្គ​នានា​ដែល​រាំង​ស្ទះ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នោះ គេ​ចាត់​ទុក​ថា​ជា​ការ​បរាជ័យ​របស់​រដ្ឋាភិបាល ក្នុង​ការ​អនុម័ត​ច្បាប់​សំខាន់ៗ ដែល​កំណត់​ពី​តួនាទី និង​លក្ខន្តិកៈ​ជា​ផ្លូវ​ការ​របស់​សមាជិក​នៃ​ស្ថាប័ន​តុលាការ។
ផ្ទុយ​ទៅ​វិញ យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ផ្នែក​ច្បាប់ និង​តុលាការ រដ្ឋាភិបាល​បាន​កំណត់​ពី​គោល​បំណង​របស់​ខ្លួន ដើម្បី​បង្កើត​ក្របខណ្ឌ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​ដែល​មាន​ស្ថិរភាព​មួយ ដែល​ប្រជាពលរដ្ឋ​សាមញ្ញ និង​អ្នក​វិនិយោគ​ជាតិ អន្តរជាតិ អាច​ប្រកប​មុខ​ជំនួញ​របស់​ពួក​គេ​ដោយ​មាន​ទំនុក​ចិត្ត​ថា សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​ការពារ​គ្រប់​ពេល តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ដែល​មាន​តម្លាភាព​អាច​ជឿ​ទុក​ចិត្ត​បាន និង​ស្ថិរភាព។ យុទ្ធសាស្ត្រ​នេះ រដ្ឋាភិបាល​បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​បញ្ជូន​ទៅ​ឲ្យ​សភា​អនុម័ត​នៅ​ឡើយ សេចក្ដី​ព្រាង​ច្បាប់​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ចាត់​ទុក​កំណត់​ត្រា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ មាន​ចរិត​នយោបាយ។ លោក ផៃ ស៊ីផាន បន្ថែម​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កំពុង​សិក្សា និង​រៀបចំ​ធ្វើ។ លោក ផៃ ស៊ីផាន សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​តាម​រយៈ​ការ​បង្កើត​អង្គភាព​អធិការ​កិច្ច។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ស្ថាប័ន​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ប្រភព​មក​ពី​ខាង​ក្រៅ​តាម​វិធី​ជាច្រើន។ ចៅក្រម និង​ព្រះរាជ​អាជ្ញា​បច្ចុប្បន្ន​នេះ តែង​តាំង​ដោយ​ក្រសួង​យុត្តិធម៌។ល។
ឥទ្ធិពល​របស់​រដ្ឋាភិបាល​ទៅ​លើ​តុលាការ អាច​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​ចំណោម​ករណី​មួយ​ចំនួន ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ រួម​មាន​សមាជិក​សភា​នៃ​គណបក្ស សម រង្ស៊ី ចំនួន​បី​រូប​ត្រូវ​បាន​សភា​ដក​អភ័យ​ឯកសិទ្ធិ ដើម្បី​បើក​ឱកាស​ឲ្យ​តុលាការ​ចោទ​ប្រកាន់ ក្នុង​នោះ​មាន​លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និង​លោក ហូ វណ្ណ។ តែ​អ្នកស្រី មូរ សុខហួរ និង​លោក ហូ វណ្ណ ត្រូវ​បាន​សភា​ផ្ដល់​អភ័យ​ឯកសិទ្ធិ​វិញ​នា​ពេល​កន្លង​មក។
ដោយ​ឡែក លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ ដោយ​តុលាការ​បាន​ផ្ដន្ទាទោស​លោក​ចំនួន ១០​ឆ្នាំ ក្រោម​បទ​ចោទ​ការ​បំផ្លិចបំផ្លាញ ការ​ញុះញង់ ការ​ផ្ដល់​ព័ត៌មាន​មិន​ពិត និង​ក្លែង​បន្លំ​ផែនទី ដែល​បទ​ល្មើស​ទាំង​នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។
មិន​មែន​ត្រឹម​តែ​អ្នក​នយោបាយ​នោះ​ទេ​ដែល​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​នោះ លោក ម៉ម សូណង់ដូ ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​នោះ លោក​ក៏​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ចំនួន ២០​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស និង​ការ​ចូល​រួម​ក្នុង​ចលនា​បះបោរ​ជាដើម។
ជុំវិញ​ការ​លើក​ឡើង​នេះ លោក ផៃ ស៊ីផាន បាន​ឆ្លើយ​តប​ថា តុលាការ​បាន​អនុវត្ត​ទៅ​តាម​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​ករណី​ទាំង​អស់​នេះ​មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ក្រុម​សិទ្ធិ​មនុស្ស​យល់​ថា​ជា​រឿង​នយោបាយ ជន​ជាប់​ចោទ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​វិញ ដែល​ថា​ករណី​លោក ម៉ម សូណង់ដូ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ។
ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា មូលហេតុ​សំខាន់​ដែល​តុលាការ​មិន​ឯករាជ្យ ហើយ​ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្នក​នយោបាយ​នោះ នៅ​ត្រង់​ថា​ស្ថាប័ន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​ព្រះមហាក្សត្រ​ជា​ព្រះ​ប្រធាន ហើយ​ជា​ស្ថាប័ន​ឯករាជ្យ និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដាក់​ពិន័យ​លើ​ចៅក្រម និង​មាន​អំណាច​តែងតាំង ឬ​បណ្ដេញ​ចៅក្រម​ចេញ​ពី​តួនាទី​នោះ មិន​សូវ​ដំណើរ​ការ។ រីឯ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​នេះ​ជា​មន្ត្រី​រដ្ឋាភិបាល។
មួយ​វិញ​ទៀត រដ្ឋាភិបាល​មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ ដោយ​គេ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាត់​ការ​លើ​រឿង​នយោបាយ ជំនួស​ការ​ប្រើ​កម្លាំង​បាយ​ក្នុង​ការ​ចាត់​ការ​លើ​រឿង​នយោបាយ ដោយ​គេ​បាន​លើក​ឧទាហរណ៍​ថា កម្ពុជា មាន​បទ​ពិសោធន៍​ធ្វើ​រដ្ឋ​ប្រហារ​ជាច្រើន ដែល​ប្រើ​កម្លាំង​បាយ នោះ​ធ្វើ​ឲ្យ​ប្រទេស​ខាត​បង់ វឹកវរ និង​អសន្តិសុខ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​មិន​ឯករាជ្យ​បែប​នេះ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​នៅ​ក្នុង​សង្គម គឺ​ប្រជាពលរដ្ឋ​សាមញ្ញ និង​អ្នក​ដែល​គ្មាន​អំណាច។
លើស​ពី​នេះ​ទៀត មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បាន​ផ្ដល់​អនុសាសន៍ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ជា​បន្ទាន់ ដើម្បី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​បាន​នោះ រួម​មាន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់​តុលាការ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន ហើយ​រដ្ឋាភិបាល​ត្រូវ​ឈប់​យាយី​ដល់​ប្រព័ន្ធ​តុលាការ និង​ត្រូវ​ផ្ដល់​គម្រោង​ថវិកា​ជាតិ​ដល់​ប្រព័ន្ធ​យុត្តិធម៌​ច្រើន​ជាង​បច្ចុប្បន្ន។
អ្នក​វិភាគ​បន្ថែម​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ​ឯករាជ្យ​នោះ គឺ​ទាម​ទារ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​រដ្ឋាភិបាល​នោះ ត្រូវ​តាម​ដាន និង​ឃ្លាំ​មើល​នូវ​រាល់​សកម្មភាព​របស់​រដ្ឋាភិបាល។ ម្ចាស់​ជំនួយ​ត្រូវ​ដាក់​លក្ខខណ្ឌ​នានា​ដល់​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឆន្ទៈ​របស់​រដ្ឋាភិបាល​ផ្ទាល់៕

No comments:

Post a Comment

yes