ក្រុមគ្រូបង្រៀន នៅវិទ្យាល័យទួលប្រាសាទសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើកូដកម្ម នៅថ្ងៃអង្គារនេះ សុំដកនាយកសាលានេះចេញ ដោយចោទថា ពុករលួយ និងអសមត្ថភាព។
តំណាងគ្រូបង្រៀន លោក ប្រាជ្ញ កំសាន្ត និយាយថា លោកស្រី ទា មិសា ជានាយិកាវិទ្យាល័យទួលប្រាសាទសែនសុខ បានកេងបន្លំប្រាក់ម៉ោង ក្លែងបន្លំហត្ថលេខា ប្រព្រឹត្តអំពើពុករលួយ តាមអំណាចរបស់ខ្លួន និងមិនមានសមត្ថភាពជាអ្នកគ្រប់គ្រង ។
លោកគ្រូម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ពួកគេមិនទទួលបានប្រាក់ម៉ោងបន្ថែម ដោយសារតែនាយិការូបនោះបន្លំហត្ថលេខារបស់បុគ្គលិក ។
ករណីនេះ នាយិការវិទ្យាស័យទួលប្រាសាទសែនសុខ លោកស្រី ទា មិសា បដិសេធថា មិនមានកូដកម្មអ្វីទេដោយសារថ្ងៃនេះ គឺជាថ្ងៃប្រឡងរបស់សិស្សថ្នាក់ទី៩ ហើយថាមានគ្រូបង្រៀនមួយចំនួនបានសុំច្បាប់។ ចំពោះបញ្ហាចោទថាលោកស្រី ពុករលួយនោះ គាត់សុំមិនបកស្រាយឡើយ ដោយបញ្ជាក់ថា ខាងក្រសួងអប់រំ យុវជន និងកីឡា កំពុងត្រួតពិនិត្យ ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ជា ជាតិ សុំមិនបកស្រាយដែរដោយសារ កំពុងចុះត្រួតពិនិត្យករណីនេះ ។
សូមជម្រាបថា វិវាទរវាងក្រុមគ្រូបង្រៀន និងនាយកវិទ្យាល័យទួលប្រាសាទសែនសុខ បានកើតឡើង១សប្តាហ៍មកហើយ តែក្រុមគ្រូបង្រៀនព្រមានថា នឹងបន្តកូដកម្មរហូតមានដំណោះស្រាយ ៕
No comments:
Post a Comment
yes