ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្ដសៀមរាប ប្រតិកម្មនឹងអភិបាលស្រុកនេះ ថាយកដីប្រឡាយបង្ហូរទឹក លក់ឲ្យឈ្មួញចាក់ដីលុបដើម្បីសង់ផ្ទះល្វែង ធ្វើឲ្យស្ទះប្រព័ន្ធបង្ហូរទឹក នៅរដូវវស្សា ។
ពលរដ្ឋឈ្មោះ ហូ ហាន ឲ្យដឹងថា ផ្លូវទឹកនេះ មានតាំងពីយូរឆ្នាំមកហើយ សម្រាប់រំដោះទឹកពេលមានជំនន់ទឹកភ្លៀង ស្រាប់តែអាជ្ញាធរលក់ឲ្យឈ្មួញចាក់ដីលុបដើម្បីសង់ផ្ទះល្វែង ។ លោកថា ផ្ទះពលរដ្ឋជាច្រើនទៀត ប្រឈមនឹងលិចទឹកនៅរដូវភ្លៀង ប្រសិនបើនៅតែបន្ដចាក់ដីលុបប្រឡាយទឹកនេះទៀត ។
ពលរដ្ឋម្នាក់ទៀតនៅភូមិក្បាលចាម ឃុំចាឈូក ដែលសុំមិនប្រាប់ឈ្មោះ ប្រាប់ថាផ្ទះពលរដ្ឋប្រមាណជាង២០គ្រួសារ អាចនឹងលិចទឹកនៅរដូវវស្សា ហើយនឹងអត់ទឹកធ្វើស្រែ ព្រោះមិនមានកន្លែងរំដោះទឹកចេញ ដោយសារអភិបាលស្រុក លោក រដ្ឋ ជុំ យកដីប្រឡាយទទឹងទំហំ៤ម៉ែត្រ បណ្តោយជាង៥០ម៉ែត្រនោះលក់ ឲ្យឈ្មួញចាក់ដីលុបដើម្បីធ្វើផ្ទះល្វែង ។
អភិបាលស្រុកអង្គរជុំ លោក រដ្ឋ ជុំ ទទួលស្គាល់ថា លោកលក់ប្រឡាយទឹកនោះ ដើម្បីយកថវិកាទិញសម្ភារៈធ្វើប្រឡាយទឹកថ្មី សម្រាប់រំដោះទឹកនៅរដូវវស្សា ។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៏ថា ប្រព័ន្ធធារាសាស្រ្ដមានសារៈសំខាន់ សម្រាប់បម្រើផលប្រយោជន៏សហគមន៏។ លោកបញ្ជាក់ថា អាជ្ញាធរមុននឹងលក់ដូរសម្បត្ដិសាធារណៈ គួរពិភាក្សាជាមួយពលរដ្ឋដែលជាម្ចាស់ឆ្នោតជាមុន ដើម្បីជៀសវៀងផលប៉ះពាល់ដល់មន្ដ្រីសាធារណៈនៅតំបន់នោះ៕
No comments:
Post a Comment
yes