
បុគ្គលិកណាហ្គាវើល៍ តវ៉ានៅមុខក្រុមហ៊ុន
បុគ្គលិកជាង៦០០នាក់ នៃក្រុមហ៊ុនណាហ្គាវើល ដែលជាកន្លែងល្បែងស៊ីសងធំមួយនៅកម្ពុជា គ្រោងបួងសួង នៅមុខព្រះអង្គដង់កើ នៅល្ងាចនេះ ក្នុងថ្ងៃគម្រប់ខួប៣ឆ្នាំនៃការបណ្តេញអតីតសកម្មជនសហជីព៦នាក់ ចេញពីការងារដោយមិនមានមូលហេតុសមរម្យ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនណាហ្គាវើល អ្នកស្រី ឈឹម ស៊ីថរ ឲ្យដឹងថា នេះជាថ្ងៃទី៥ ដែលបុគ្គលិកបន្តកូដកម្ម ហើយនេះក៏ជាថ្ងៃគម្រប់ខួប៣ឆ្នាំផងដែរ ដែលជារៀងរាល់ឆ្នាំ បុគ្គលិកមួយចំនួនតែងតែប្រមូលផ្តុំគ្នា អូជធូប បួងសួងនៅមុខព្រះអង្គដង់កើ ចំពោះភាពអយុត្តិធម៌ដែលអតីតថ្នាក់ដឹកនាំសហជីព ៦នាក់ ត្រូវបានថៅកែក្រុមហ៊ុន បញ្ឈប់ពីការងារកាលពីឆ្នាំ២០០៩ ៖ "ថ្ងៃនេះ យើងមានកម្មវិធីប្លែកមួយ ដោយសារគឺជាថ្ងៃគម្រប់ខួបបីឆ្នាំ ដែលក្រុមហ៊ុនបានបញ្ឈប់អតីតថ្នាក់ដឹកនាំសហជីពរបស់យើង ពួកយើងនៅមានគម្រោងរៀបចំជាផ្កាឈូក យើងកាន់ផ្កាឈូកដើម្បីធ្វើការបួងសួង រំលឹកដល់ថ្ងៃដែលក្រុមហ៊ុនបញ្ឈប់ថ្នាក់ដឹកនាំសហជីពរបស់យើង"។
តំណាងសហជីព អះអាងថា ការបញ្ឈប់បុគ្គលិកកាលនោះ គឺបន្ទាប់ពីតំណាងពួកគេចូលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន ដើម្បីទាមទារលក្ខខណ្ឌការងារ។
អ្នកស្រី ឈឹម ស៊ីថរ បន្តថា បុគ្គលិកភាគច្រើន បានស្ម័គ្រចិត្តផ្អាកការងារ ចូលរួមកូដកម្មនេះ ដើម្បីសុំឲ្យដកប្រធានផ្នែកមួយចំនួន ដែលជាជនជាតិបរទេសឈ្មោះ ហាប់ បិត ឈ្មោះហ្វាន់ មីយ៉ុង និងឈ្មោះ ជែរ៉ាមី ដែលចេះតែបញ្ឈប់ បុគ្គលិកដោយមិនសមហេតុផល និងប្រើពាក្យគំរោះគំរើយលើបុគ្គលិក។
បុគ្គលិកបន្តកូដកម្ម ឲ្យដឹងដែរថា នៅម៉ោងប្រមាណជាង ៩ព្រឹកនេះ តំណាងក្រុមហ៊ុន លោក ហាប់ បិត បានចេញមកជួបក្រុមកូដករ តែនៅពេលបុគ្គលិកងើបឈរ ប្រធានផ្នែករូបនោះ បានរត់ចូលក្នុងក្រុមហ៊ុន ដោយមិនបានបកស្រាយអ្វីទាំងអស់។
អតីតថ្នាក់ដឹកនាំសហជីពកម្មករដែលត្រូវក្រុមហ៊ុនបញ្ឈប់ កញ្ញា សុ ផាន់ដារ៉ា ឲ្យដឹងដែរថា នាងមានការសោកស្តាយ និងមិនពេញចិត្ត ចំពោះថ្នាក់ដឹកនាំក្រោមបង្គាប់របស់ថៅកែ ដែលតែងតែប្រតិបត្តិការងារផ្ទុយពីច្បាប់ការងារ និងបញ្ឈប់តំណាងបុគ្គលិកនៅពេលដែលពួកគេចេញមុខ ពិភាក្សាពីលក្ខខណ្ឌការងារ ៖ "សោកស្តាយដែលក្រុមហ៊ុន មិនមានការអនុវត្តច្បាប់បានល្អ Managerment មួយចំនួន ដែលនៅក្រោមបង្គាប់ថៅកែ គាត់បានប្រព្រឹត្តចំណុចខុសច្បាប់មួយចំនួនធំ ដូចជាគាត់មិនគោរពលើលក្ខខណ្ឌច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងសេរីភាពនៅក្នុងការចរចាជាសមូហភាព គឺគាត់មិនផ្តល់សិទ្ធិឲ្យយើង ពីព្រោះនៅពេលដែលគាត់ចរចា គាត់ធ្វើការបញ្ឈប់យើងតែម្តង"។
មិនទាន់អាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន ឬថៅកែក្រុមហ៊ុន ណាហ្គាវើល បាននៅឡើយទេ។
បុគ្គលិកណាហ្គាវើល ធ្វើកូដកម្មនេះ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ ដូចជា ឲ្យទទួលយកបុគ្គលិកបួននាក់ចូលធ្វើការវិញ, អនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន៣ ដែលបង្គាប់ឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព៦នាក់ ចូលធ្វើការវិញ, ទូទាត់ប្រាក់សំណងដល់បុគ្គលិកមួយចំនួន ដែលក្រុមហ៊ុនបញ្ឈប់ និងចង់ឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែគោលឲ្យបាន១៥០ដុល្លារក្នុងមួយខែ ហើយអ្នកមានអតីតភាពការងារយូរត្រូវបានដំឡើងប្រាក់ខែ២០ភាគរយ៕
No comments:
Post a Comment
yes