
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យអ្នកការពារសិទ្ធិមនុស្សពិភាក្សាគ្នា ដើម្បីការពារខ្លួនខណៈដែលសកម្មជនសិទ្ធិមនុស្សមួយចំនួនបានស្លាប់ និងរងការរងបណ្តឹងព្រហ្មទណ្ឌ។
អ្នកសម្របសម្រួលគម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនធឿន មានប្រសាសន៍ថា កន្លងមក ក្រុមអ្នកការពារសិទ្ធិមនុស្សរងការគំរាមកំហែងជាច្រើន ទាំងសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ។ លោកថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនោះ ជួបពិភាក្សាគ្នា ដើម្បីលើកឡើងនូវបញ្ហាដែលធ្លាប់ជូបប្រទះបង្ហាញគ្នាទៅវិញទៅមក និងរកដំណោះស្រាយរួមគ្នា ៖ "យើងមានរូបភាពច្រើនណាស់ ឥឡូវនេះយើងកំពុងជជែកគ្នា ប៉ុន្តែកន្លងមកយើងឃើញថាយើងមានច្រើន តាមរយៈគាត់បានបង្ហាញមួយចំនួន តែថ្មីៗនេះយើងឃើញថា មានការគំរាមកំហែងដោយអាជ្ញាធរពេលដែលគាត់ធ្វើការប្រជុំ គេគំរាមគំហែងថាឲ្យឈប់ប្រជុំ ហើយកុំឲ្យតប្រជុំតទៅទៀតអីអញ្ចឹងទៅ ហើយគំរាមកំហែង បើសិនជាបន្តអាចមានគ្រោះថ្នាក់ដល់អាយុជីវិតអីជាដើម ហើយមានសកម្មភាពផ្សេងៗទៀត ហើយសកម្មភាពខ្លះគាត់បាត់បង់ជីវិត។"
ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី វិធានការជាក់លាក់សម្រាប់ការពារខ្លួន របស់ក្រុមអ្នកការពារសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាពគ្រឹស្ទបរិស័ទភ្នំពេញ ព្រឹកថ្ងៃអង្គារនេះ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញនូវសៀវភៅណែនាំ ស្តីពីសុវត្ថិភាពផ្ទាល់ខ្លួន សម្រាប់អ្នកការពារសិទ្ធិមនុស្សផងដែរ។ សៀវភៅនេះបង្ហាញពីការសម្គាល់គ្រោះថ្នាក់ របៀបកាត់បន្ថយគ្រោះថា្នក់ និងរបៀបទប់ទល់នឹងការគំរាមកំហែងជាដើម។
អ្នកការពារសិទ្ធិមនុស្សមួយរូប មកពីសហគមន៍បឹង៥ ក្នុងស្រុកបវិល ខេត្តបាត់ដំបង អ្នកស្រី អឿន សារីម មានប្រសាសន៍ថា អ្នកស្រី និងអ្នកការពារសិទ្ធមនុស្សដទៃទៀត មានការព្រួយបារម្ភ នៅពេលចេញមុខការពារសិទ្ធិមនុស្ស ក៏ប៉ុន្តែនៅពេលពួកគាត់ បានយល់ពីផ្លូវច្បាប់ ពួកគាត់អាចកាត់បន្ថយនូវការព្រួយបារម្ភបានមួយចំនួន ៖ " ជួនកាលវាជាពាក្យសម្តី ហើយក៏ជាកាយវិការរបស់គាត់ដែលគាត់អនុវត្តដែរ គាត់ក៏ធ្លាប់គំរាមកំហែងបាញ់មកលើប្រជាពលរដ្ឋយើង មិនមែនតែរឿងបឹងប្រាំទេ ព្រោះនៅកន្លែងផ្សេងទៀត ក៏គាត់ជួបបញ្ហាដែរ។"
កាលពីឆ្នាំ២០១២ កន្លងទៅ សកម្មជនការពារសិទ្ធិមនុស្សមួយចំនួន បានស្លាប់ និងរងបណ្តឹង ដោយសារតែសកម្មភាពការពារសិទ្ធិមនុស្ស មានដូចជា ប្រធានអង្គការកាពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់នៅក្នុងតំបន់វាលបី ក្នុងខេត្តកោះកុង បុគ្គលិកសិទ្ធិមនុស្សរបស់អង្គការអាដហុក លោកចាន់ សុវ៉េត រងបណ្តឹងទាក់ទងនឹងជម្លោះដីធ្លីនៅខេត្តក្រចេះ និងសកម្មជនការពារសិទ្ធិមនុស្សមួយចំនួនទៀត រងការគំរាមកំហែង៕
No comments:
Post a Comment
yes