ភ្នំពេញ: ឯកសារសាលាក្តីខ្មែរក្រហម បង្ហាញថា លោក អៀង សារី គឺជាអតីតសិស្សនៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងក្រុងភ្នំពេញ។ លោក បានទទួលអាហារូបករណ៍ទៅសិក្សានៅឯវិទ្យាល័យកុងដ័រសេ និងនៅវិទ្យាស្ថានសិក្សានយោបាយ ក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងសម័យខ្មែរក្រហម លោក អៀង សារី គឺជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋមន្ត្រីការបរទេស។ លោក បានស្លាប់កាលពីម៉ោង ៨ និង ៤៥ នាទី ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣។
បន្ទាប់ពីត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ១៩៥៧ លោក អៀង សារី បានក្លាយជាគ្រូបង្រៀន ប្រវត្តិវិទ្យានៅវិទ្យាល័យស៊ីសុវត្ថិ និងជាសមាជិកសកម្មនៃបក្សកុម្មុយនីស្តកម្ពុជា។
លោក អៀង សារី បានរត់ចូលព្រៃដើម្បីចូលរួមជាមួយចលនាខ្មែរក្រហមនៅឆ្នាំ១៩៦៣។ ក្នុងអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧១-១៩៧៥ លោកបានចូលរួមជាមួយរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា និងជាបេសកជនពិសេសរបស់រណសិរ្សរួបរួមជាតិខ្មែរ។
ពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ លោក អៀង សារី ក៏បានក្លាយទៅជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស។
លោក អៀង សារី បានបន្តតួនាទីរបស់ខ្លួនក្នុងរដ្ឋាភិបាលនិរទេស ប៉ុន្តែបានផ្ទេរមុខតំណែងជារដ្ឋមន្ត្រីការបរទេសទៅឲ្យលោក ខៀវ សំផន បន្ទាប់ពីការបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ក្នុងឆ្នាំ១៩៨២។
លោក អៀង សារី បានចាកចេញពីចលនាខ្មែរក្រហមជាមួយនឹងកងកម្លាំងយោធារាប់ពាន់នាក់ នៅខែសីហា ឆ្នាំ១៩៩៦ ជាថ្នូរនឹងព្រះរាជក្រឹត្យលើកលែងទោសចំពោះសាលក្រម ឆ្នាំ១៩៧៩ និងការលើកលែងទោសពីសំណាក់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ពីការកាត់ទោសក្រោមច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ ក្នុងឆ្នាំ១៩៩៤។
លោក អៀង សារី មានមុខតំណែងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា។
លោក អៀង សារី មានឈ្មោះក្រៅហៅ វ៉ាន់ កើតនៅថ្ងៃ ២៤ ខែតុលា ឆ្នាំ១៩២៥ នៅភូមិលឿងវ៉ា ខេត្តត្រាវីញ ( ទឹកដីកម្ពុជាក្រោម សព្វថ្ងៃជាវៀតណាមខាងត្បូង )។
លោក អៀង សារី ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ ដោយត្រូវចោទប្រកាន់ និងបញ្ជូនទៅជំនុំជម្រះពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែក សាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោស តាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។
លោក អៀង សារី ត្រូវបាននាំខ្លួន មកចូលរួមសវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង ក្នុងសំណុំរឿង០០២ ជាមួយនឹងលោក នួនជា និងលោក ខៀវសំផន ដែលបានចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១។
ចំណុចចោទប្រកាន់ លោក អៀង សារី ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវ តាមរយៈការធ្វើសកម្មភាព ឬបរាជ័យ ក្នុងការទប់ស្កាត់ ( រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្មឧក្រិដ្ឋកម្មរួម ) បញ្ជាញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិត ដោយការជួយ ឬជំរុញ ឬបង្កលក្ខណៈងាយស្រួល ដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្ម ដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
បទចោទប្រកាន់លោក អៀង សារី រួមមាន៖
-ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
-ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៖ ការសម្លាប់ក្រុមជនជាតិវៀតណាម និងចាម។
-ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាឲ្យមានរបួសធ្ងន់ធ្ងរ ឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដកហូតដោយចេតនាពីឈ្លើយសឹក ឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តី ដោយយុត្តិធម៌ ការបង្ខាំង និងការនិរទេសជនស៊ីវិលដោយខុសច្បាប់។
-អំពើមនុស្សឃាត៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦។
យ៉ាងណាក៏ដោយ លោក អៀង សារី បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់ មកលើរូបគាត់។
ដោយសារលោក អៀង សារី បានស្លាប់ ក្នុងអាយុ ៨៧ ឆ្នាំ កាលពីព្រឹកម៉ោង ៨ និង ៤៥ នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ គឺសំណុំរឿងក្តីចោទប្រកាន់លើលោក អៀង សារី ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានផុតរលត់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារ៉ុម ប្រធានផ្នែកកិច្ចការសាធារណៈរបស់តុលាការខ្មែរក្រហម៕
No comments:
Post a Comment
yes