សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 20, 2013

ក្រុម​ប្រឹក្សា​ស្រុក​មិន​បាន​បើក​ប្រាក់​ខែ​ពីរ​ខែ​ហើយ​ដោយ​មិន​ដឹង​ពី​មូលហេតុ

130320_04
សមាជិកក្រុម​ប្រឹក្សា ​ក្នុង​ខេត្ត​កណ្តាល​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ កាល​ពីឆ្នាំមុន​​​
ភ្នំពេញៈ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក-ខណ្ឌ កំពុង​រង់​ចាំ​ប្រាក់​បៀវត្សរ៍​របស់​ពួក​គេ ដែល​មិន​បាន​បើក​ពីរ​ខែ​មក​ហើយ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិល​ម្ងៃ ដែល​ការ​យឺត​យ៉ាវ​យ៉ាង​ខ្លាំង​នេះ ពុំ​ត្រូវ​បាន​គេ​ប្រាប់ឲ្យ​ដឹង​ពី​មូល​ហេតុ​ឡើយ​។
លោក ជុន សុជាតិ ប្រធាន​ក្រុម​ប្រឹក្សា និង​លោក សម វិបុល សមាជិក​ក្រុម​ប្រឹក្សា ស្រុក​តា​ខ្មៅ​ ខេត្ត​កណ្តាល មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ សម រង្ស៊ី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ​ថា ពួក​គេ​បាន​រង់ចាំ​ប្រាក់​បៀវត្សរ៍ ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ខែ​មីនា តែ​ប្រាក់​ខែ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ លោក សម វិបុល បញ្ជាក់​ថា៖ «មួយ​បន្ទោស​មួយ​។ ខ្ញុំ​ឆ្ងល់​ថា​ តើ​មូល​ហេតុ​អ្វី​?​មន្រ្តី​រាជការ​កំពុង​រង់ចាំ​ប្រាក់​បៀវត្សរ៍»។
លោក សយ សុភាព សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​លើក​ដែក ក្នុង​ខេត្ត​កណ្តាល បាន​អះអាង​ថា សមាជិក​ក្រុម​ប្រឹក្សា​ទាំង​អស់​ ក្នុង​ស្រុក​នេះ​ ក៏​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដែរ។ លោក សយ សុភាព បាន​បញ្ជាក់​ថា៖ «ក្រុម​ប្រឹក្សា​ទាំង​អស់ ​កំពុង​រង់ចាំ​ប្រាក់​បៀវត្សរ៍។ និយាយ​ឲ្យ​ខ្លី មន្រ្តី​រាជការ​ពឹង​ផ្អែក​លើ​ប្រាក់​បៀវត្សរ៍​»។

ប៉ុន្តែ លោក ឡាំ សឿន និង​លោក ឆាយ ងួន ​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ចំការមន និង​ខណ្ឌ​មាន​ជ័យ ​បាន​ថ្លែង​ថា សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​របស់​ពួក​គេ បាន​ទទួល​ប្រាក់​បៀវត្សរ៍​ខែ​មករា តែ​ប្រាក់​បៀវត្សរ៍​ខែ​កុម្ភៈ​ ពុំ​ទាន់​បាន​ទទួល​ទេ​។
​លោក ឡាំ សឿន បាន​ថ្លែង​ថា៖ «​ខ្ញុំ​​ខក​ចិត្ត​ ចំពោះ​ការ​បើក​ប្រាក់​បៀវត្សរ៍​យឺត​យ៉ាវ​។ ខ្ញុំ​មិន​ចង់​មាន​ប្រតិកម្ម​ទេតែ​វា​កាន់​តែ​ធ្ងន់​ធ្ងរ​។ ​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ប្រជា​ជន​កម្ពុជា ​ក៏​ខក​ចិត្ត​ ចំពោះ​ការ​បើក​ប្រាក់​បៀវត្សរ៍​​យឺត​នេះ​ផង​ដែរ តែ​គេ​មិន​ហ៊ាន​និយាយ​»។
តាម​រយៈ​ការ​សម្ភាស សមាជិក​ក្រុម​ប្រឹក្សា​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា ការ​យឺត​យ៉ាវ​ ក្នុង​ការ​ទទួល​ប្រាក់​បៀវត្សរ៍​ នេះ​ពុំ​មាន​អ្នក​ណា​ម្នាក់​ប្រាប់​ឲ្យ​ដឹង ​អំពី​មូល​ហេតុ​នៃ​ការ​យឺតយ៉ាវ​នេះ​ទេ ប៉ុន្តែ​មន្រ្តី​ធ្វើ​ការ​នៅ​រតនាគារ​ខេត្ត​កណ្តាល​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​យឺតយ៉ាវ​នេះ គឺ​ដោយ​សារ​តែ​រនាគារជាតិ​កំពុង​បង្កើត​គណនី​ សម្រាប់​​ក្រុម​ប្រឹក្សា​ស្រុក​-ខណ្ឌ​ទាំង​អស់​ដើម្បី​ចៀស​វាង​ប្រើ​ប្រាស់ កញ្ចប់​ថវិកា​​ជាមួយ​នឹង​សមាជិក​​ក្រុម​ប្រឹក្សា​ខេត្ត​។ ​មន្ត្រី​រូប​នេះ បាន​បញ្ជាក់​ថា៖ «​ពី​មុន​ ក្រុម​ប្រឹក្សា​ស្រុក ប្រើប្រាស់​កញ្ចប់​ថវិកា​ ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​ខេត្ត។ វា​យឺត​យ៉ាវ​​ទូទាំង​ប្រទេស សម្រាប់​ក្រុម​ប្រឹក្សា​ស្រុក​»។
ដោយ​ឡែក​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ស្ទោង ក្នុង​ខេត្ត​កំពង់ធំ​វិញ ក៏​មិន​ទទួល​បាន​ប្រាក់បៀវត្សរ៍​ផង​ដែរ។
លោក ចាន់ ថន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ស្ទោង បាន​ប្រាប់​ ភ្នំ​ពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា សមាជិក​ក្រុម​ប្រឹក្សា​កំពុង​ឆ្ងល់​ អំពី​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​បៀវត្សរ៍​នេះ ប៉ុន្តែ​ពួកគេ​មិន​ដឹង​ថា​តើ​ត្រូវ​សួរ​អ្នក​ណា​ឡើយ​។
មន្ត្រី​ម្នាក់ ​ឈ្មោះ យ៉ា អនុ​ប្រធាន​នាយកដ្ឋាន​គណនេយ្យ​នៃ​រតនាគារ​ជាតិ បាន​ធ្វើ​ការ​​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ឡើយ នៅ​ពេល​ភ្នំពេញ​ ប៉ុស្តិ៍ ព្យាយាម​សាក​សួរ​ពី​បញ្ហា​នេះ ដោយ​លោក​ស្រី និយាយ​ថា៖«​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ចម្លើយ​ទេ។ កុំ​សួរ​មូល​ហេតុ​»។
លោក កែ ប៊ុនឡេង ប្រធាន​មន្ទីរ​រតនាគារ​ភ្នំពេញ ពុំ​បាន​ថ្លែង​លម្អិត​ឡើយ គ្រាន់​តែ​ថា ការ​​យឺត​យ៉ាវ​ មិន​មែន​ដោយ​សារ​មន្ទីរ​រតនាគារ​ទេ ហើយ​លោក​បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​លើ​មូល​ហេតុ​នៃ​ការ​យឺត​យ៉ាវ​នេះ​ទេ៕ 

No comments:

Post a Comment

yes