សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 14, 2013

ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​លោក ម៉ម សូណង់ដូ​


ភ្នំពេញ: ​ទី​បំផុត​ទៅ ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បាន​កាត់​តម្រឹម​ទោស​ជាប់ពន្ធនាគារ របស់លោក ម៉ម សូណង់ដូ រយៈពេល ៨ ខែ ហើយ​បើ​គិត​ទៅលោក ម៉ម សូណង់ដូ នឹង​ត្រូវ​ជាប់ពន្ធនាគា​រ​រយៈពេល ៨ ខែ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣​។ ដូច្នេះ​ចៅក្រម សម្រេច​ថានឹង​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​១៥ ឬថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០១៣​។​ 

ក្នុង​ពេល​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ ចំពោះ​មុខ​លោក ម៉ម សូណង់ដូ និង​ពលរដ្ឋ​ជាប់ចោទ ២ នាក់​ទៀត លោក​ចៅក្រម ឃុន លាង​ម៉េង បាន​សម្តេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ពី​ទោស​ជាប់ ២០ ឆ្នាំ កាលពី​នៅ​តុលាការ​សាលាដំបូង មក​នៅត្រឹម​ទោស ៥ ឆ្នាំ​។ ក៏ប៉ុន្តែ​ត្រូវ​អនុវត្ត​ន៍ទោសក្នុង​ពន្ធនាគារ​តែ ៨ ខែ​ប៉ុណ្ណោះ​។ ដូច្នេះ​បើ​គិតពី​ថ្ងៃ​ចាប់ខ្លួនកាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ គឺ​លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ជាប់ពន្ធនាគា​រ​គម្រប់ ៨ ខែ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣​។​


​ដោយឡែក​ប្រជាពលរដ្ឋ​ពីរ​នាក់​ទៀត ដែល​ត្រូវបាន​នាំ​មក​កាត់ទោស​ជាមួយ​លោក ម៉ម សូណង់ដូ គឺ​ត្រូវ​ចៅក្រមសម្រេច​បន្ធូ​របន្ថយទោស​ពី ៥ ឆ្នាំ មក​នៅត្រឹម ជាប់ពន្ធនាគារ ១០ ខែ ហើយ​បើ​គិត​តាំងពី​ថ្ងៃ​ចាប់ខ្លួន គឺ​អ្នក​ភូមិ​ប្រម៉ា​ទាំង​ពីរ​នាក់ នឹង​ត្រូវ​រួចខ្លួននៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៣​។​

​ពាក់ព័ន្ធ​នឹង​ករណី​លោក ម៉ម សូណង់ដូ ចៅក្រម​បាន​សម្រេច​ប្តូរ​បទ​ចោទប្រកាន់​លើ​លោក ម៉ម សូណង់ដូ ពី​បទ​បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល ទៅ​ជា​បទល្មើស​កាប់​រាន​ព្រៃឈើ តាមរយៈ​ជម្លោះ​ដីនៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាលពី​ខែ​មេសា និង​ខែឧសភា ឆ្នាំ​២០១២​។​

នៅ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍​ក្រុម​អ្នកគាំទ្រ​រាប់រយ​នាក់ ដែល​ជា​សមាជិក​នៃ​សមាគម​អ្នកប្រជាធិបតេយ្យ បាន​នាំគ្នា​កាន់​រូបថត​លោក ម៉ម សូណង់ដូ ផង​នោះ បាន​នាំ​គ្នា​ស្រែក​ទាមទារ​ឲ្យមាន​ការដោះលែង​លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ​។​

​ក្រុមអ្នកតវ៉ា​អះអាងថា លោក ម៉ម សូណង់ដូ ពុំ​មាន​កំហុស និង​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដូច​ដែល​ចៅក្រម​នៃ​សាលាឧទ្ធរណ៍ ធ្វើ​ការចោទប្រកាន់​នោះ​ឡើយ​។ 

​លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់ នៃ​អង្គការ​លីកាដូ ដែល​បាន​ចូលរួម​ស្តាប់​សវនាការ បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​
​តុលាការ​នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ ២០១៣ នេះ បានសម្រេច​ធ្វើការ​លុប​បទ​ចោទប្រកាន់​លើ​លោក ម៉ម សូណង់ដូ ពី​បទ​ធ្វើ​កុបកម្ម និង​ញុះញង់ ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ មក​ជា​បទល្មើស​ព្រៃឈើ​វិញ ដោយយោង​តាម​មាត្រា ៩៧ ចំណុច​ទី​៦ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​លើ​មុខងារ​អ្នក​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ដោយ​ស្ថានភាព​ទំងន់ទោស​។ 

​លោក អំ សំអាត បាន​បន្តថា លោក​សុំ​ស្វាគមន៍​នូវ​ចំណាត់ការ​របស់​សាលាឧទ្ធរណ៍ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​លោក​នូវ​យល់ឃើញថា ករណី​លោក ម៉ម សូណង់ដូ មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះទេ​។ ករណី​ទាំងនេះ វា​ជា​ការសោកស្តាយ​ទោះបីជា​រូប​លោក​ដល់​ថ្ងៃ​ត្រូវ​ចេញ​ក៏​ដោយ ក៏​លោក​នៅតែ​ទទួលទោស​នូវ​ការចោទប្រកាន់​ដដែល​។ 

​លោក អំ សំអាត ក៏​បាន​សម្តែង​នូវ​តែ​សោកស្តាយ ចំពោះ​មនុស្ស​ដែល​មិន​បាន​ប្រព្រឹត្ត​ខុស ត្រូវបាន​តុលាការ​ចោទប្រកាន់ បើទោះបីជា​រូបលោក ត្រូវបាន​តុលាការ​ដោះលែង​ក៏ដោយ តែ​សិទ្ធិ​សិរី​ភាព​របស់ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ត្រូវ​បាន​បិទ​សិទ្ធិ​សិរី​ភាព និង​ស្ថិត​នៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ​។​

​ចំណែក​មេធាវី​ការពារ​ក្តី​របស់​លោក ម៉ម សូណង់ដូ លោក ស សូ​វ៉ាន បាន​មានប្រសាសន៍ថា ចំពោះ​រូប​លោក​ផ្ទាល់ មានការ​សប្បាយចិត្ត នៅពេល​ដែល​ឃើញ​សាលាឧទ្ធរណ៍ បាន​លុបចោល​នូវ​ការចោទប្រកាន់​អំពី​បទឧក្រិដ្ឋ​ពីបទ​កុបកម្ម​។ តែ​បែរ​លោក​មេធាវី ក៏​បង្ហាញ​ការ​មិន​ពេញចិត្ត ចំពោះ​តុលាការ​សាលាឧទ្ធរណ៍ ដែល​ចោទប្រកាន់​លោក ម៉ម សូណង់ដូ ពី​បទល្មើស​ព្រៃឈើ ដោយ​ផ្តន្ទាទោស ៥ ឆ្នាំ​។​

​សូមជម្រាបថា ក្រោយ​ពី​ចៅក្រម​ប្រកាស​សាលដីកា​រួច លោក ម៉ម សូណង់ដូ ត្រូវបាន​សន្តិសុខ​ពន្ធនាគារ នាំ​ចូល​បន្ទប់​រង់ចាំ ដោយ​មិន​អនុញ្ញាត​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នោះទេ​។ លោក ម៉ម សូណង់ដូ ត្រូវ​បាន​ឃុំ​នៅក្នុង​បន្ទប់​រង់ចាំ ប្រហែលជា ២ ម៉ោង ទើប​បណ្តើ​រលោក ដោយ​ដៃ​ដាក់​ខ្នោះ ជាមួយនឹង​អ្នកទោស​ជាច្រើន​ទៀត ចេញពី​តុលាការ​សាលាឧទ្ធរណ៍ ទៅកាន់​ឡាន​ដឹក​អ្នកទោស ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​។​

​លោក ម៉ម សូណង់ដូ បាន​និយាយ​យ៉ាង​ខ្លី​ទៅ​កាន់​អ្នកកាសែត​ថា នៅពេលនេះ រូប​លោក​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​នៅឡើយ​នោះទេ ហើយក៏​មិន​អាច​និយាយ​បាន​ទេ​។ លោក​ថា រង់ចាំ​ជួបគ្នា នៅ​ថ្ងៃស្អែក ពេល​គេ​ដោះលែង​រូបលោក​។

​មាន​អាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍ ប្រឆាំង​នឹង​រដ្ឋាភិបាល​។ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់​ថា ជា​មេគំនិតក្នុង​រឿង​បង្កើត​តំបន់​អបគមន៍ បះបោរ បង្កើត​កម្លាំង​តស៊ូ ប្រឆាំង​រដ្ឋាភិបាល​។​

​ក៏ប៉ុន្តែ​ការចោទប្រកាន់​ទាំងនោះ ត្រូវបាន​លោក ម៉ម សូណង់ដូ និង​សង្គម​ស៊ីវិល ច្រានចោល ហើយក៏​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ដើម្បី​យក​មក​ធ្វើ​សំអាងប្រឆាំងនឹង​លោក ម៉ម សូណង់ដូ ព្រមទាំង​អ្នក​ភូមិ​ផ្សេង​ទៀត​ឡើយ​៕​ 

No comments:

Post a Comment

yes