
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលថ្លែងសុន្ទរកថា នាពេលកន្លងមក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញពីការបន្ថែមបញ្ជីបេក្ខជនគណបក្សកាន់អំណាចដែលជាកូនចៅរបស់មន្រ្តីថ្នាក់ខ្ពស់ថា កូនប្រុសលោក ជាម យៀប នឹងចូលរួមជាមួយនឹងឪពុកនៅក្នុងការប្រជែងយកសន្លឹកឆ្នោតនាខែកក្កដាខាងមុខនេះដែរ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖«កូនប្រុសលោក ជាម យៀប ក៏នឹងឈរឈ្មោះនៅខេត្តបាត់ដំបងផងដែរ»។
ថ្លែងក្នុងពិធីសម្ពោធវត្តមួយ នៅខេត្តព្រៃវែង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លៀតថ្លែងអំពីយុទ្ធសាស្រ្តថ្មីៗបំផុតរបស់គណបក្សប្រជាជន កម្ពុជា។
លោកមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា៖ «វាមិនមែនជាបក្ខពួក និងសាច់ញាតិនិយមទេ តែត្រូវតែមានថ្មី»។
បន្ទាប់មក លោកនាយករដ្ឋមន្រ្តីបានផ្តល់ការគាំទ្រ ទី ១ ក្នុងរយៈពេលតិចជាងមួយខែចំពោះលោក ស សុខា អាយុ ៣៣ ឆ្នាំ កូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង។
លោក ហ៊ុន សែន បានថ្លែងទៀតថា៖ «ខ្ញុំចង់ទុកក្មួយខ្ញុំនៅទីនេះ ដើម្បីឈរឈ្មោះនៅក្នុងការបោះឆ្នោតខាងមុខដើម្បីការពារសមិទ្ធផលទាំងអស់របស់ឪពុកពួកគេ ជាពិសេស សមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ព្រោះយើងចាស់ៗហើយ»។
លោក ហ៊ុន សែន បានឲ្យដឹងថា លោក ស សុខា មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលការតែងតាំងគាត់ជាអភិបាលខេត្ត ប្រសិនបើគាត់ដល់អាយុ។
លោកថ្លែងដែរថា៖ «ខ្ញុំចង់តែងតាំងគាត់ជាអភិបាលខេត្ត តែគាត់មិនទាន់ដល់អាយុ[អប្បបរមា]ទេ។ មុនគាត់ទៅដល់ទីនោះ ទុកឲ្យគាត់អង្គុយក្នុងរដ្ឋសភា ហើយទទួលបានជំនាញរដ្ឋបាលនិងគ្រប់គ្រងសិន»។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សទី១ ដែលចុះឈ្មោះបេក្ខជនកាលពីម្សិលមិញ នៅពេលចាប់ផ្តើមរយៈពេល១៥ថ្ងៃនៃការចុះឈ្មោះបេក្ខជនជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក អ៊ុក គឹមហាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា បេក្ខជនយ៉ាងហោចណាស់ ១០ នាក់ គឺជាកូនរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្រ្តីនឹងឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺលោក ឌី វិជ្ជា ជាកូនប្រសារបស់លោកនឹងឈរឈ្មោះក្នុងមណ្ឌលខេត្តស្វាយរៀង។
អ្នកវិភាគនយោបាយ បានព្រមានថា ការដាក់បញ្ចូលឈាមជ័រ ដែលស្មោះស្ម័គ្រចំពោះសមាជិកគណបក្សអាចប៉ះពាល់ដល់សមាជិកភាពចាស់ៗ។
លោក ហ៊ុន សែន ពីម្សិលមិញបានប្រើពាក្យខ្លាំងៗទៅកាន់អ្នកទាំងឡាយណាដែលមានមន្ទិលអំពីសមត្ថភាពរបស់អ្នកនយោបាយថ្មីៗ។ លោកថ្លែងថា៖ «ប្រសិនបើពួកគេមើលងាយយុវជនទាំងនេះ [ជីវិត]នយោបាយរបស់ពួកគេនឹងត្រូវបញ្ចប់»។
ថ្លែងតាមទូរស័ព្ទ លោក ជាម យៀប បានបញ្ជាក់ថា កូនប្រុសរបស់លោក ជាម ចន្ទសុភណ្ឌ នឹងឈរជាបេក្ខជនតំណាងរាស្រ្តក្នុងការបោះឆ្នោតនាខែកក្កដា។
លោក ចន្ទសុភណ្ឌ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានសហព័ន្ធយុវជនខេត្តរបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោកមិនបានឮដំណឹងនេះទេ ប៉ុន្តែលោករីករាយបើលោកអាចបម្រើប្រទេសជាតិរបស់ខ្លួននោះ។
លោក ជាម ចន្ទសុភណ្ឌ បានថ្លែងថា៖«ខ្ញុំមិនទាន់បានដំណឹងថា ខ្ញុំនឹងមានឈ្មោះជាបេក្ខជនតំណាងរាស្រ្តទេ។ ឥឡូវនេះខ្ញុំបានដឹងវាជាព័ត៌មានរំភើបណាស់។ ខ្ញុំនឹងបំពេញកាតព្វកិច្ចខ្ញុំ តាមគោលនយោបាយគណបក្ស»។
ប្រកាសឲ្យដឹង កាលពីម្សិលមិញដែរលោកនាយករដ្ឋមន្ត្រីថា នឹងមិនថ្លែងឃោសនានៅក្នុងអំឡុងរយៈពេលយុទ្ធនាការរយៈពេល ១ ខែមុនការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា ហើយលោក បានរៀបរាប់អំពីការបង្ហូរឈាម ដែលនឹងកើតមាន ប្រសិនបើលោកចាញ់ឆ្នោត។
ដោយអាចយោងទៅលើគណបក្សសង្គ្រោះជាតិកម្ពុជាលោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «នឹងមានសង្គ្រាមផ្ទៃក្នុងដែលនឹងរាលដាលដល់ប្រទេសជិតខាង ព្រោះរាល់ថ្ងៃ គេចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានលក់បូរណភាពទឹកដីដល់បរទេស ហើយពួកគេសន្យាប្រយុទ្ធដើម្បីយកបូរណភាពទឹកដីមកវិញ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា បានអះអាងជាយូរមកហើយថា រដ្ឋាភិបាលគណបក្សកាន់អំណាចបានប្រគល់ទឹកដីដោយស្ងប់ស្ងាត់ទៅឲ្យទីក្រុងហាណូយ។ ក្នុងឆ្នាំ ២០០៩ លោក សម រង្ស៊ី បានដកតម្រុយបង្គោលព្រំដែន ក្នុងខេត្តស្វាយរៀង ដោយថ្លែងថា ពួកគេត្រូវបានដាំដោយមិនត្រឹមត្រូវ ដើម្បីទន្រ្ទានចូលក្នុងទឹកដីកម្ពុជា។ អំពើនោះ និងការចុះផ្សាយផែនទី ដែលបង្ហាញអំពីរួញទឹកដី បានធ្វើឲ្យលោក រង្ស៊ី ត្រូវកាត់ទោសពីបទបរិហាកេរ្តិ៍ និងញុះញង់ ជាហេតុធ្វើឲ្យលោកបង្ខំនិរទេសខ្លួនឯង រហូតមកដល់សព្វថ្ងៃនេះ។
លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើគណបក្សប្រឆាំងឈ្នះ ប្រទេសជាតិនឹងពិតជា«ប្រឈមនឹងសង្គ្រាមជាថ្មី»។
លោក ហ៊ុន សែន ថ្លែងបន្ថែមទៀតថា៖ «វាចាំបាច់សម្រាប់ [អ្នកបោះឆ្នោត] ក្នុងកាលៈទេសៈនេះ តាមដានមេដឹកនាំគណបក្សកាន់អំណាច ដើម្បីសម្រេចថាតើស្ថិតក្នុងផ្លូវត្រូវឬអត់?»។ «អ្នកអាចបោះឆ្នោតផ្លាស់ប្តូរពីសន្តិភាពទៅសង្គ្រាមពីស្ថិរភាពទៅអស្ថិរភាព ឬ អ្នកអាចបោះឆ្នោតដើម្បីសន្តិភាព ការរក្សាការអភិវឌ្ឍជាតិ និងការរក្សារាល់សមិទ្ធផលដែលមានក្នុងដៃអ្នក»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានហៅការថ្លែងនេះថា ជាយុទ្ធសាស្រ្តបន្លាច។ លោកថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់ពីសុន្ទរកថារបស់លោក ហ៊ុន សែនថា គ្មានឱកាសកើតសង្គ្រាមអ្វីឡើយ។
លោកថ្លែងថា៖ «យើងដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់និងក្រមអន្តរជាតិ។ ខ្ញុំធានាថា គ្មានសង្គ្រាមទេ។ មានប្រទេសហត្ថលេខី១៨ ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ដើម្បីធានាថា ពួកគេត្រូវតែរក្សាសន្តិភាពនៅកម្ពុជា ដូច្នេះ ខ្ញុំធានាថា វាគ្មានសង្គ្រាមទេ»។
គណបក្សប្រឆាំងក៏បានជំទាស់ការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ដែលថា ប្រសិនបើពួកគេឈ្នះ សមិទ្ធផលពីមុនទាំងអស់នឹងត្រូវបំផ្លាញ។
ក្នុងសុន្ទរកថាលោក ហ៊ុន សែន បានថ្លែងថា៖ «មានតែសមាជិកគណបក្សប្រជាជនកម្ពុជាទេ អាចផ្តល់ការឧបត្ថម្ភធំៗ លើការកសាងវត្តនៅក្នុងប្រទេស ដូច្នេះ ពួកគេថា ព្រះសង្ឃបោះឆ្នោតឲ្យតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ បើគេឈ្នះឆ្នោត គេនឹងបំផ្លាញសមិទ្ធផលរបស់ ហ៊ុន សែន រាប់ទាំងវត្ត និងសាលាដាក់ឈ្មោះ ហ៊ុន សែន»។
ថ្លែងតាមទូរស័ព្ទ លោក យឹម សុវណ្ណ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីអះអាងបែបមិនត្រឹមត្រូវថា ជាម្ចាស់លើសមិទ្ធផលដែលតាមពិតសមិទ្ធផលទាំងនោះជារបស់យើងរាល់គ្នា។ លោក បានបន្ថែមថា៖ «វាមិនមែនជារបស់គណបក្សប្រជាជនកម្ពុជាទេ។ វាជារបស់ជាតិ។ វាជារបស់ប្រជាជន»៕
No comments:
Post a Comment
yes