សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 30, 2013

ក្រុមហ៊ុន​វៀតណាម​រុញ​ដាក់​គ្នា​រឿង​កាប់​ព្រៃ​ជម្រក​សត្វ

130430_08
ទីតាំង​អារឈើ​របស់​ក្រុម​ហ៊ុនវៀត​ណាម នៅ​ក្នុងដែនជម្រកសត្វព្រៃលំផាត់ 
ខេត្តរតនគិរី
 តំណាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​បាន​បដិសេធ​ថា ក្រុមហ៊ុន​របស់​គាត់​មិន​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ក្នុង​ខេត្ត​រតនគិរី​នោះ​ទេ ប៉ុន្តែ​បាន​ទម្លាក់​កំហុស​រឿង​កាប់​ឈើ​នេះ​ទៅ​លើ​ក្រុមហ៊ុន​មួយ​ទៀត ដែល​មាន​ថៅកែ​ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន​លោក។
កាល​ពី​សប្តាហ៍​មុន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចេញ​ផ្សាយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ លំផាត់។ មន្ត្រី​អាដហុក​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ឈើ​ប្រណីត​ប្រមាណ​ជា​១​ម៉ឺន​៦ពាន់​ដើម​ត្រូវ​បាន​គេ​កាប់​លើ​ផ្ទៃ​ដី​ទំហំ​១៥​គីឡូម៉ែត្រ​បួន​ជ្រុង ហើយ​ឈើ​ដែល​គេ​កាប់​ទាំង​នេះ​អាច​លក់​ចេញ​ក្នុង​តម្លៃ​១០០​លាន​ដុល្លារ​អាមេរិក។
លោក សេង មុន្នី តំណាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ហ័ងអាញ​អណ្តូង​មាស​បាន​អះ​អាង​ថា ក្រុមហ៊ុន​លោក​មិន​បាន​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​លំផាត់​នោះ​ទេ។

លោក សេង មុន្នី បាន​បញ្ជាក់​ថា៖«ក្រុមហ៊ុន​យើង​មិន​ដែល​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ នោះ​ទេ​សូម្បី​តែ​ឈើ​មួយ​កន្ទុយ។ យើង​អត់​ចង់​បាន​ទេ កាប់​តែ​ឈើ​ក្នុង​ក្រុមហ៊ុន​ខ្ញុំ​យក​មិន​អស់​ផង»។
ទោះ​យ៉ាង​ណា លោក សេង មុន្នី អះ​អាង​ថា ក្រុមហ៊ុន​វៀតណាម​មួយ​ទៀត គឺ​ក្រុមហ៊ុន​ហ័ងអាញ​លំផាត់ ដែល​ជា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​មាន​ថៅកែ​រួម​គ្នា​នឹង​ក្រុមហ៊ុន​ហ័ងអាញ​អណ្តូង​មាស​ដែរ​នោះ ជា​អ្នក​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​លំផាត់​នេះ​ទៅ​វិញ។
លោក សេង មុន្នី បាន​ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​ដឹង​ក្រុមហ៊ុន​ហ័ង​អាញ​លំផាត់​ជា​អ្នក​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ខាង​ក្រៅ​ដី​ក្រុមហ៊ុន។ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ទេ វា​មិន​មែន​ជា​រឿង​របស់​ខ្ញុំ ហើយ​ក្រុមហ៊ុន​ហ័ងអាញ​លំផាត់​នេះ​តឹង​តែង​ណាស់​សូម្បី​តែ​ខ្ញុំ​បើក​ឡាន​កាត់​ដី​ក្រុមហ៊ុន​ក៏​គេ​មិន​ឲ្យ ដែរ បើ​ទោះ​ជា​ស្ថិត​ក្រោម​ក្រុមហ៊ុន​ធំ​តែ​មួយ​ក៏​ដោយ»។
លោក ឈឹម សុឃឹម មេ​ឃុំ​ស្រែ​អង្គ្រង ក្នុង​ស្រុក​កូន​មុំ ខេត្ត​រតនគិរី បាន​នាំ​ផ្លូវ​មន្រ្តី​ពី​ក្រសួង​កសិកម្ម​ទៅ​ពិនិត្យ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា​នេះ។ លោក​បាន​ឃើញ​ជនជាតិ​វៀតណាម​បួន​នាក់​ដឹក​ឈើ​ចូល ក្រុមហ៊ុន ហ័ងអាញ អណ្តូង​មាស នោះ។ លោក ឈឹម សុឃឹម បាន​បញ្ជាក់​ថា ៖ «ហ័ងអាញ​លំផាត់ នៅ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ ហើយ​ក្រុមហ៊ុន​ហ័ងអាញ​អណ្តូង​មាស មិន​នៅ​ជាប់​ទេ គឺ​នៅ​រំលង​ហ័ងអាញ​លំផាត់​តែ​ខ្ញុំ​ឃើញ​ជនជាតិ​វៀតណាម​ដឹក​ឈើ​ចូល​ហ័ង​អាញ​អណ្តូង​មាស តាម​ផ្លូវ​មិន​មែន​ដឹក​កាត់​ហ័ង​អាញ​លំផាត់​ទេ»។
យោង​តាម​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ហ័ង​អាញ​លំផាត់ និង​ហ័ង​អាញ​អណ្តូង​មាស គឺ​មាន​ថៅកែ​រួម​តែ​មួយ គឺ​លោក Nguyen Van Thu ជា​ជនជាតិ​វៀតណាម។
លោក Nguyen Van Thu បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​។ លោក​បាន​ឲ្យ​ទូរស័ព្ទ​ទៅ​ជំនួយ​ការ​របស់​លោក​និយាយ ហើយ​ជំនួយ​ការ​រូប​នេះ​បាន​ឲ្យ​ទាក់​ទង​ទៅ​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ហ័ង​អាញ​អណ្តូង​មាស គឺ​លោក យ៉ុង (Yung) ដែល​ជា​ជនជាតិ​វៀតណាម​ដែរ។
លោក យ៉ុង បាន​បញ្ជាក់​ថា​គាត់​គឺជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ហ័ង​អាញ​អណ្តូង​មាស។ លោក​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​នៅ​ពេល​សួរ​អំពី​រឿង​កាប់​ឈើ។

No comments:

Post a Comment

yes