យ៉ាងណាក៏ដោយ នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល លោកគល់ បញ្ញា វិភាគថា ការផ្លាស់ប្តូរចរន្តនៃអ្នកនយោបាយនៅអាណត្តិទី៥ ហាក់មានការប្រែប្រួលតិចតួច ចំពោះការផ្លាស់ពីគណបក្សជំទាស់ ទៅចុះចូលគណបក្សកាន់អំណាចដោយសារគណបក្សនេះ ឈប់ប្រើនយោបាយអូសទាញដូចពេលកន្លងមក។ តែការចូលរួមពីសកម្មជននៃគណបក្សដទៃទៀត មកចូលគណបក្សជំទាស់ហាក់ដូចជាកើនឡើង ៖ "ឧទាហរណ៍ពីដើមមក គាត់គ្រប់គ្រងការសម្រេចចិត្តអី គាត់អាចមិនសូវមានការស្រុះស្រួល ឥឡូវមានរបៀបស្រុះស្រួលគ្នា ព្រោះគាត់ដឹងពីកម្លាំងគណបក្សដែលខិតខំរកការងារស្រុះស្រួលគ្នា ហើយទីពីរប្រហែលជាមានអ្នកនយោបាយខ្លះ លោកចល័តទៅ វាអស់ ដូចថាវាអស់ អ្នកដែលខំផ្លាស់ប្តូរច្រើនហ្នឹង គាត់ដូចថាគាត់លែងផ្លាស់ប្តូរអីទៀត វាអស់ភាពជឿជាក់លើគាត់ហ្នឹងវាអាចធ្លាក់ចុះ ម៉្លោះហើយគាត់ឈប់ដូរទៅ អ្នកដែលធ្លាប់ផ្លាស់ប្តូរច្រើនហ្នឹង ហើយអញ្ចឹងគាត់នៅប្រកាន់ជំហរដែលគាត់កំពុងនៅបច្ចុប្បន្នហ្នឹង។ ហើយប្រហែលជាគណបក្សកាន់អំណាចហ្នឹង ប្រហែលជាយុទ្ធសាស្ត្រទាក់ទាញអ្នកនយោបាយពីគណបក្សផ្សេងៗហ្នឹង ហើយយុទ្ធសាស្រ្តហ្នឹងក៏ត្រូវយកមកប្រើប្រាស់ទៀត"។
កាលពីថ្ងៃទី៧ខែមេសានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានយាងចូលធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ នៅក្នុងសមាជលើកដំបូងរបស់ខ្លួន។ ព្រះអង្គមានបន្ទូលថា នៅមានរាជវង្សានុវង្សសែស៊ីសុវត្ថិ និងសែនរោត្តម ក៏បានយាងចូលរួមដែរ។ តែព្រះអង្គមិនបញ្ចេញឈ្មោះទេ បន្ទាប់ពីសម្តេចក្រុមព្រះដែលចង់ចូលរួមជាមួយគណបក្សសង្គ្រោះជាតិដែរនោះ បានបដិសេធវិញ ក្រោយពីមានការគំរាមប្តឹងសើរើរឿងចាស់ឡើងវិញ។ នេះបង្ហាញថា ការផ្លាស់ប្តូរចរន្តនយោបាយនៅកម្ពុជា ពិតជាបាន និងកើតមាន។
អ្នកស្រាវជ្រាវឯករាជ្យលោក កែម ឡី វិភាគថា បច្ចុប្បន្នមានការថយចុះនៃការរត់ពីចេញពីគណបក្សជំទាស់ទៅកាន់គណបក្សកាន់អំណាច ដោយសារក្តីរំពឹងរបស់ពួកគេកន្លងត្រូវបានខកចិត្ត ៖ "ទីមួយគឺជារបត់ថ្មីមួយ អ្នកដែលមានការផ្លាស់ប្តូរដោយសារសម្ភារៈ ដោយសារតំណែងហ្នឹងប្រហែលជាពេលចេញទៅ មិនទទួលបានលទ្ធផលអីច្រើន ឬមួយក៏មិនមានកិត្តិយសអីធំដុំ ដូចជាមិនសូវចង់ផ្លាស់ប្តូរ ចំណុចទីពីរ វប្បធម៌ដដែលៗនេះ ខ្ញុំគិតថា អ្នកនយោបាយគាត់រៀនពីគ្នាទៅវិញទៅមក អញ្ចឹងការផ្លាស់ប្តូរពីគណបក្សមួយទៅគណបក្សមួយហ្នឹង គឺមិនសូវមាននៅក្នុងស្រទាប់មនុស្សដែលសំខាន់ៗទេ ទីបី បើខ្ញុំមើលគឺថាផ្លាស់ប្តូរអារម្មណ៍វិញទេ អារម្មណ៍អ្នកបោះឆ្នោត ឧត្តមគតិអ្នកបោះឆ្នោតទេ ដោយសារតែគាត់មានបទពិសោធន៍ គាត់ជួបប្រទះច្រើន គាត់មានមេរៀនច្រើន ហើយក៏គាត់បានឃើញពីស្ថានភាពទូទៅ ពីការអភិវឌ្ឍ និងពីការមិនអភិវឌ្ឍន៍ មានការផ្លាស់ប្តូរផ្នត់គំនិតហ្នឹងច្រើនដែរ អាហ្នឹងដែលយើងឃើញ ហើយមួយទៀត គេយល់ឃើញថា គំរូនៃការរត់ឡើងពីគណបក្សមួយទៅគណបក្សមួយ តាមធម្មតា វាជាសិទ្ធិនយោបាយ ក៏ប៉ុន្តែគេឃើញគំរូហ្នឹងដូចមិនសូវល្អ"។
លោក កែម ឡី វិភាគទៀតថា នៅអាណត្តិទី៥នេះ ចំនួនគណបក្សឈរឈ្មោះបោះឆ្នោតអាចរក្សាចំនួនច្រើនដដែល តែលទ្ធផលអាចមានតែពីរគណបក្សប៉ុណ្ណោះដែលឈ្នះអាសនៈ ៖ "ក៏ប៉ុន្តែការទទួលបាននូវការគាំទ្រហ្នឹង ខ្ញុំគិតថា មានតែពីរគណបក្សទេ ដែលអាចទទួលបានការគាំទ្រ ប៉ុន្តែការប្រកួតប្រជែង ខ្ញុំគិតថា នៅមានច្រើន យ៉ាងហោចណាស់ក៏ក្រោម១០ដែរ"។
កាលពីអាណត្តិមុនៗ គណបក្សកាន់អំណាច បានប្រកាសពីការចុះចូលរបស់សមាជិកគណបក្សជំទាស់ ទៅចូលរួមជាមួយ គណបក្សកាន់អំណាចយ៉ាងគំហុក នៅតាមមូលដ្ឋាន ហើយលទ្ធផលបោះឆ្នោត ក៏គណបក្សចាស់វស្សានេះ ទទួលបានភ្លូកទឹកភ្លូកដី ៩០អាសនៈ នៃអាសនៈសរុប១២៣នោះ។ ប៉ុន្តែ អ្នកវិភាគព្យាករណ៏ថា សម្រាប់អាណត្តិទី៥នេះវិញ លទ្ធផលជាក់ស្តែងនឹងផ្ទុយពីលទ្ធផលបោះឆ្នោតលើកមុន នោះប្រសិនបើការបោះឆ្នោតប្រព្រឹត្តិទៅសេរី យុត្តិធម៌ និងមានការចូលរួមដោយស្មើភាពគ្នាពីមេដឹកនាំគណបក្សជំទាស់៕
No comments:
Post a Comment
yes