សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលVODទទួលបាននៅថ្ងៃច័ន្ទ ទី៨ ខែមេសានេះ ឲ្យដឹងថា ក្រុមនិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្មព្រែកលៀប កាលពីពាក់កណ្តាលឆ្នាំ២០១២ និងចុងខែមិនាឆ្នាំ២០១៣ បានប្តឹងចូលមកអង្គភាពប្រឆាំងអំពើពុករលួយពីភាពមិនប្រក្រតី នៅពេលប្រឡងជ្រើសរើសមន្ត្រី ចូលបម្រើការងារនៅផ្នែករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដឹងទៀតថា ក្នុងពាក្យបណ្តឹងរបស់ក្រុមនិស្សិតអះអាងថា និស្សិតដែលប្រឡងជាប់នោះភាគច្រើន បានចំណាយប្រាក់ចំនួនពី៤០០០ដុល្លារទៅ៥០០០ដុល្លារឲ្យទៅមន្ត្រីពាក់ព័ន្ធ ចំណែកនិស្សិតដែលមានសមត្ថភាព ធ្វើវិញ្ញាសាប្រឡង បានច្រើនរហូតដល់៨០ភាគរយ ទៅ៩០ភាគរយ ក៏ដោយ ក៏មិនអាចប្រឡងជាប់ដែរ ។
សេចក្តីប្រកាសព័ត៌ដដែលបញ្ជាក់ថា ករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើសំណើទៅមន្ត្រីរៀបចំការប្រឡង មកពីក្រសួងកសិកម្ម លោក ថៃ វុទ្ធី ឲ្យបំភ្លឺហើយ។ VODមិនអាចសុំបអត្ថាធិប្បាយពីលោក ថៃ វុទ្ធី បានទេនៅថ្ងៃច័ន្ទនេះ ។
នាយប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា លោក ព្រាប កុល បានចាត់ទុកថា ករណីពុករលួយ ពេលជ្រើសរើសមន្ត្រីរាជការចូលក្នុងក្រមខណ្ឌនេះថា ជាជំងឺរ៉ាំរ៉ៃនៅកម្ពុជា ដែលមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល មិនទាន់ទប់ស្កាត់បាន បើទោះបីកន្លងមកអង្គភាពនេះ ធ្លាប់ចាត់វិធានការ ករណីពុករលួយមួយចំនួនក៏ដោយ ៖ "ការងាររើសមន្ដ្រីរាជការ ដែលជារឿយៗយើង បានលឺថានឹងមានសូកប៉ាន់ ឫក៏មានការយកលុយយកអីអញ្ចឹងបាទ អញ្ចឹងវាជារឿងមួយគួរតែចាត់វិធានការ ហើយទប់ស្កាត់កុំឲ្យវាមានរីករាល់ដាលបន្ដទៅមុខទៀតបាទ " ។
មន្ត្រីសម្របសម្រួលនៅបណ្តាញរួបរួម ដើម្បីគនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វីចលោក សន ជ័យ ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការករណីនេះឲ្យមានប្រសិទ្ធភាព ដើម្បីជាសារព្រមានទៅមន្ត្រីខិលខូចមួយចំនួនទៀត ដែលកំពុងបង្កផលប៉ះពាល់ដល់សង្គម ៖ " ប្រសិនជាអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការ ទៅលើពាក្យបណ្ដឹងហ្នឹង យើងសង្ឃឹមថា នឹងមានការកើនឡើងកាន់តែច្រើនថែមទៀត អំពីការប្ដឹងការរាយការអំពី អំពើពុករលួយ "។
កន្លងទៅអង្គការតម្លាភាពកម្ពុជាបានចាត់ទុកថា អំពើពុករលួយនៅកម្ពុជា ស្ថិតក្នុងភាពប្រកាសអាសន្ន ដែលអង្គការនេះបានរកឃើញថា ពុករលួយមានលក្ខណៈជាប្រព័ន្ធ ហើយត្រូវបានអង្គការតម្លាភាពអន្តរជាតិ ចាត់ទុកក្នុងលំដាប់ថ្នាក់លេខ១៥៧ក្នុងចំណោមប្រទេស១៧៥លើពិភពលោក ។
គួរបញ្ជាក់ថា នៅចុងឆ្នាំ២០១២ និងនៅដើមឆ្នាំ២០១៣នេះ នៅតាមស្ថាប័នរដ្ឋមួយចំនួន ដូចជាក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មានជាដើម បានចាប់ផ្តើមជ្រើសរើសមន្ត្រីរាជការរដ្ឋ ដោយមាននិស្សិតដែលទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បាននាំគ្នាដាក់ពាក្យប្រឡង៕
No comments:
Post a Comment
yes