រយៈពេល ២ថ្ងៃក្រោយពីសំណើនេះចូលដល់ដៃ គ.ជ.ប គណៈកម្មាធិការជំនាញនៃ គ.ជ.ប បានសម្រេចមិនទទួលយល់ព្រមទេ ដោយចាត់ទុកថា អ្វីដែលបក្សប្រឆាំងមួយនេះស្នើសុំ គឺដូចគ្នាទៅនឹងគោលនយោបាយដែល គ.ជ.ប កំពុងតែអនុវត្តក្នុងពេលបច្ចុប្បន្ន។
ប៉ុន្តែ បញ្ហានេះត្រូវបានគណបក្សសង្គ្រោះជាតិ ប្រតិកម្មប្រឆាំងនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប ជុំវិញសំណើសុំនេះ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ព្រមានជាថ្មីម្ដងទៀតថាខ្លួននឹងទាមទារទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ទៅ គ.ជ.ប ប្រឆាំងនឹងការសម្រេចដែលអង្គភាពជំនាញមួយនេះច្រានចោលសំណើរបស់ខ្លួន ចំពោះអ្វីដែលគណបក្សប្រឆាំងមួយនេះហៅថា ការបោះឆ្នោតកំពុងស្ថិតក្រោមសម្ពាធនៃការរិះគន់ថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយនោះ។
ប្រតិកម្មរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ នៅពេលនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតសម្រេចមិនទទួលយកសំណើរបស់ខ្លួន កាលពីថ្ងៃសុក្រ។
លោក គួយ ប៊ុនរឿន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ នៃគណបក្ស សម រង្ស៊ី មានប្រសាសន៍នៅថ្ងៃទី២៧ មេសា ថាការឆ្លើយតបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះបញ្ជាក់ថាជំហររបស់អង្គភាពជំនាញមួយនេះ មានភាពលំអៀងក្នុងការកាត់ក្ដីដ៏ពិតប្រាកដទៅរកគណបក្សប្រជាជនកម្ពុជា។
លោកបន្តថា ព្រោះអ្វីដែលគណបក្សប្រឆាំងទាមទារឲ្យ គ.ជ.ប ធ្វើកំណែទម្រង់លើប្រព័ន្ធបោះឆ្នោតនេះ គឺជាការឆ្លើយតបពីរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា របាយការណ៍ខុមហ្វ្រែល (Comfrel) និងរបាយការណ៍របស់អង្គការនិកហ្វិច (NICFEC)។ ក្នុងរបាយការណ៍ទាំងនោះ រកឃើញថា ការបោះឆ្នោតនៅកម្ពុជា ដែលរៀបចំឡើងដោយ គ.ជ.ប នៅមិនទាន់មានឯករាជ្យនៅឡើយទេ៖ «បង្ហាញឲ្យឃើញថា ការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជា ហ្នឹង គឺមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះសំណើទាំងអស់ហ្នឹង គឺបើគេបានធ្វើការសិក្សាស្រាវជ្រាវរាល់បញ្ហានៃការបោះឆ្នោតទាំងអស់»។
បដិសេធនឹងការចោទប្រកាន់នេះ លោក ទេព នីថា អគ្គលេខាធិការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា អ្វីដែល គ.ជ.ប មិនអាចទទួលសំណើរបស់បក្សប្រឆាំង ដើម្បីពិចារណាក្នុងការកែទម្រង់បាននោះ ព្រោះថាការទាមទាររបស់បក្សប្រឆាំង គឺពុំមានលក្ខណៈខុសទៅនឹងអ្វីដែល គ.ជ.ប កំពុងតែធ្វើទេ។ លោកបន្តថា ដំណាក់កាលបន្ទាប់ទៀតនេះ គឺជាយុទ្ធនាការចុះឈ្មោះគណបក្សនយោបាយ ដើម្បីត្រៀមបោះឆ្នោតថ្ងៃទី២៨ កក្កដា។
លោកព្រមានថា ប្រសិនបើគណបក្សនយោបាយណាមួយខកខានក្នុងការចុះឈ្មោះនោះ មានន័យថា គណបក្សនយោបាយនឹងពុំមានសិទ្ធិបោះឆ្នោតឡើយ៖ «គ.ជ.ប បានចេញសេចក្ដីថ្លែងការណ៍នេះអាចថាជាជំហរច្បាស់លាស់ហើយ ព្រោះថាយើងអនុវត្តតាមច្បាប់ ហើយបើប្រៀបធៀបអ្វីដែលជាអនុសាសន៍របស់គណបក្សនយោបាយលើកឡើងតាមរយៈបាតុកម្មហ្នឹង ដូចជាអត់មានកំហុសអីធ្ងន់ធ្ងរ ដែលនាំឲ្យមានការសើរើ ឬការអនុវត្តការចុះឈ្មោះឡើងវិញ ឬត្រូវអនុវត្តតាមអនុសាសន៍របស់អ្នកណាទេ ព្រោះយើងអនុវត្តច្បាប់តាំងពីដើមមកហើយ»។
លោក ហង្ស ពុទ្ធា នាយកអង្គការនិកហ្វិច គិតថា ប្រសិនភាគីទាំងពីរមិនអាចរកចំណុចរួមនៅមុនការបោះឆ្នោតទេ បញ្ហាកាន់តែស្មុគស្មាញនឹងបន្តចាក់ស្រេះក្រោយការបោះឆ្នោត៖ «ឥឡូវដើមទីចំណុចចាប់ផ្ដើមនៃការបោះឆ្នោតហ្នឹង យើងឃើញថាមានភាពមិនចុះសម្រុងគ្នាទៅហើយ ហើយសម្រាប់ខ្ញុំៗមានការសោកស្ដាយ»។
កាលពីថ្ងៃទី២៤ មេសា គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មដើម្បីទាមទារលក្ខខណ្ឌមួយចំនួនទៅ គ.ជ.ប ក្នុងការកែទម្រង់ រួមមាន ទី១ គ.ជ.ប ត្រូវទទួលខុសត្រូវការបាត់បង់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ ១លាន ៥សែននាក់។ ទី២ គ.ជ.ប ត្រូវធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីឲ្យបានត្រឹមត្រូវ។ ទី៣ គ.ជ.ប ត្រូវរៀបចំនីតិវិធីបោះឆ្នោត ដើម្បីធានាភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ទី៤ គ.ជ.ប ត្រូវបើកផ្លូវឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតឡើងវិញ និងទី៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល៕
No comments:
Post a Comment
yes