
ឈើដែលរដ្ឋបាលព្រៃឈើស្រុកស្នួលចាប់បានកន្លងមក
ជនសង្ស័យពីរនាក់ជាអ្នកបើកបរនិងព្រូឡានដែលត្រូវនគរបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួន កាលពីរសៀលថ្ងៃអាទិត្យនៅចំណុចឃុំប្រស្នឹប ស្រុករលាប្អៀរលើផ្លូវជាតិលេខ៥ នៅពេលដឹកឈើគ្រញូងតាមរថយន្តកូរ៉េមួយគ្រឿង ដែលយកការុងស្រូវដាក់ពីលើកំពុងត្រូវបានសាកសួរនៅរដ្ឋបាលព្រៃឈើ។
ដុំឈើគ្រញូង ដែលរឹបអូសបានពីរថយន្តមានប្រមាណជិត ៩០០គីឡូក្រាមចំណែកអ្នកបើកបរ ឈ្មោះ ញ៉ែម វ៉ាន់ដែន អាយុ២២ឆ្នាំ និងព្រូឡាន ឈ្មោះ ហូរ ប៊ុនរិទ្ធ អាយុ ២៦ឆ្នាំមកពីស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមដូចគ្នានោះ ត្រូវបានរដ្ឋបាលព្រៃឈើកំពុងធ្វើការសាកសួរដើម្បីរកម្ចាស់។ នេះបើតាមលោកពេញ វិបុល ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដែលបានចេញបញ្ជាឲ្យធ្វើការឃាត់រថយន្តដឹកឈើគ្រញូងនោះ។
លោកនិយាយកាលពីម្សិលមិញថា៖ «ដុំឈើគ្រញូងមាន១៩៥ដុំ ស្មើ៨៩៧ គីឡូក្រាម ហើយស្មើ០,៧៤៧ ម៉ែត្រគុប ដែលយើងសង្ស័យគេដឹកចេញទៅក្រៅប្រទេស។ តែជនសង្ស័យមិនទាន់សារភាពថា ស៊ីឈ្នួលដឹកឲ្យអ្នកណាទេ។ យើងក៏កំពុងស្រាវជ្រាវរកម្ចាស់វា»។
លោក ស៊ិន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង និយាយថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ។ លោកបន្តថា៖ «គេរកស៊ីដឹកឈើហើយបន្លំភ្នែកសមត្ថកិច្ច ដោយដាក់ស្រូវនៅពីលើឈើគ្រញូង»។
បើតាមលោកព្រះរាជអាជ្ញាខេត្ត នេះជាលើកទី២ហើយនៅឆ្នាំ២០១៣ ក្នុងការបង្ក្រាបឈើគ្រញូងដែលឈ្មួញដាក់បន្លំនៅក្នុងឡានដឹកស្រូវ។ កាលពីដើមឆ្នាំ២០១៣សមត្ថកិច្ចចាប់បានឡានដឹកឈើគ្រញូងមួយគ្រឿងដែលមានគ្រញូងចំនួនជាង៨ ម៉ែត្រគុប ដែលគេដឹកដោយយកបាវអង្កាមដាក់គ្របពីលើ៕
No comments:
Post a Comment
yes