![chhut-vuthy-moniroth](http://www.vodhotnews.com/images/stories/News/Local_News/chhut-vuthy-moniroth.jpg)
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ(កាលនៅរស់)
អង្គការអន្តរជាតិពីរ ដែលធ្វើការលើសិទ្ធិមនុស្ស ថ្កោលទោសយ៉ាងខ្លាំងលើនិទណ្ឌភាពនៅកម្ពុជា លើការសម្លាប់សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ខណៈរយៈពេលមួយឆ្នាំហើយ ភាពយុត្តិធម៌ មិនទាន់បានផ្តល់ឲ្យសកម្មជនរូបនេះ នៅឡើយទេ។
អង្គការទាំងពីរនេះ គឺសហព័ន្ធអន្តរជាតិការពារសិទ្ធិមនុស្ស (FIDH) និងអង្គការប្រឆាំងការធ្វើទារុណកម្មពិភពលោក (OMCT)។
ការរិះគន់លើនិទណ្ឌភាពនេះ ធ្វើឡើងនៅថ្ងៃទី២៦ខែមេសានេះ ដែលជាខួបមួយឆ្នាំ នៃការការបាញ់សម្លាប់សកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី នៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅគ្រាដែលលោកនាំអ្នកសារព័ត៌មានចុះទៅពិនិត្យស្ថានភាពនៃការ បំផ្លាញព្រៃឈើខេត្តភាគខាងលិចប្រទេសកម្ពុជា។
សេចក្តីប្រកាសរបស់អង្គការទាំងពីរ ជំរុញឲ្យអាជ្ញាធរកម្ពុជា បញ្ចប់សកម្មភាពទាំងឡាយណា ដែលជាការយាយីប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស និងគោរពតាមសេចក្តីប្រកាសស្តីពីអ្នកការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សេចក្តីប្រកាសសាកលស្តីពីសិទ្ធិមនុស្ស និងកត្តិកាសញ្ញាផ្សេងៗទៀត កម្ពុជា បានចុះហត្ថលេខា។
ប្រធានអង្គការFIDH លោកSouhayr Belhassen មានប្រសាសន៍ថា អាជ្ញាធរកម្ពុជា គួរតែធានាថា ក្នុងកាលៈទេសៈណាក៏ដោយ អ្នកការពារសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ អាចធ្វើការងារ ដោយគ្មានការភ័យខ្លាចនៃសកម្មភាពប្រឆាំងផ្សេងៗ។
កាលពីថ្ងៃទី២៦ខែមេសា មន្ត្រីសិទ្ធិមនុស្ស និងគ្រួសារជនរងគ្រោះ ទទូចជាថ្មីទៀតឲ្យរដ្ឋាភិបាលវែកមុខអ្នកនៅពីក្រោយនៃការសម្លាប់ លោក ឈុត វុទ្ធី មកផ្តន្ទាទោស តាមច្បាប់ដើម្បីយុត្តិធម៌ដល់អ្នកដែលចូលរួមការពារព្រៃឈើ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា មួយឆ្នាំបន្ទាប់ពីការស្លាប់របស់ លោកឈុត វុទ្ធី រដ្ឋាភិបាលមិនទាន់មានការស៊ើបអង្កេតបានច្បាស់លាស់នៅឡើយ។ មជ្ឈមណ្ឌលថា ការស្លាប់របស់ប៉េអឹមលោក អ៊ិន រតនា គឺជារឿងដែលមិនគួរឲ្យជឿដែរ។
នៅថ្ងៃខួបមួយឆ្នាំនៃការសម្លាប់ លោក ឈុត វុទ្ធី ក្រុមគ្រួសាររបស់លោក បានធ្វើដំណើរទៅកាន់តំបន់ដែលឃាតករបាញ់សម្លាប់លោកនោះ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ ជាមួយនឹងការទទូចម្តងទៀត ឲ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោក ឆើយ ឧត្តមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី បានអំពាវនាវឲ្យបើកសំណុំរឿងឧក្រិដ្ឋនេះឡើងវិញ ដើម្បីរកអ្នកបញ្ជាពីក្រោយមកផ្តន្ទាទោស ខណៈពួកគេអះអាងថា កំពុងបន្តរស់នៅដោយភាពភ័យខ្លាច។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា លើកឡើងថា តុលាការបានបញ្ចប់រឿងក្តីនេះហើយ តែបើសង្គមស៊ីវិលទាមទារឲ្យបើកការស៊ើបអង្កេតឡើងវិញនោះ ត្រូវមានភស្តុតាងបន្ថែម ៖ "អញ្ចឹងនៅតែអន្ទិលសង្ស័យណាមួយ គួរគប្បីអង្គការទាំងនោះផ្ដល់ភស្ដុតាង ជៀសវាងយើងបើកវេទិការគ្រាន់តែ ជាការបញ្ចេងមតិរិះគុណ ដោយមិនផ្អែកទៅលើ អង្គហេតុ នឹងអង្គច្បាប់ ឲ្យបានត្រឹមត្រូវគឺ ជាចេតនាមួយដែលបំពុលបរិយាកាសសង្គមតែប៉ុណ្ណឹងទេបាទ" ។
នៅក្នុងហេតុការណ៍បាញ់សម្លាប់ លោក ឈុត វុទ្ធី នោះ មានស្ត្រីជាអ្នកកាសែត The Cambodia Daily ២នាក់ បានរួមដំណើរជាមួយ ដើម្បីស្វែងរកព័ត៌មាន ពីការកាប់ឈើមួយកន្លែង របស់ក្រុមហ៊ុន Timber Green ដែលគេហៅថា ទទួលបានសិទ្ធិ កាប់ឈើសម្អាតអាងវារីអគ្គិសនី។ ប៉ុន្តែមកដល់ពេលនេះអ្នកកាសែតទាំងពីរនាក់នោះ នៅមិនទាន់ហ៊ានបញ្ចេញពីអាថ៌កំបាំង ដែលពួកគេបានជួបប្រទះនោះទេ ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
យ៉ាងណាក៏ដោយរដ្ឋាភិបាល បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេតករណីនេះ តែក្រុមសិទ្ធិមនុស្សរិះគន់ថា មិនមានអ្វីដែលជួយរកយុត្តិធម៌ពិតដល់ជនរងគ្រោះឡើយ៕
No comments:
Post a Comment
yes