
២៥-កក្កដា-២០១០: កម្មករកម្មការិនីជួបជុំគ្នាធ្វើវេទិកាសាធារណៈមួយនៅខាងមុខរដ្ឋសភា
ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ឲ្យបានពី ៧៥ ទៅ ៩៣ដុល្លារក្នុងមួយខែ
កម្មករកម្មការិនីប្រមាណ ១ម៉ឺននាក់ បានត្រៀមលក្ខណៈចូលរួមហែក្បួនយកញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីទាមទារដំឡើងប្រាក់ខែ នៅថ្ងៃទី១ ខែឧសភា ជាថ្ងៃទិវាពលកម្មអន្តរជាតិ។
គម្រោងជួបជុំគ្នានេះ មេដឹកនាំសហជីពបានដាក់លិខិតជូនដំណឹងទៅសាលារាជធានីនៅពាក់កណ្ដាលខែមេសា ទើបតែមានការឆ្លើយតបពីសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមកម្មករជួបជុំគ្នាវិញ។
សង្គមស៊ីវិល និងមន្ត្រីសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិការងាររបស់កម្មករក្នុងវិស័យកាត់ដេរ នៅថ្ងៃទី២៩ មេសា បានស្វាគមន៍ចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានផ្ញើលិខិតផ្លូវការអនុញ្ញាតឲ្យកម្មកររៀបចំហែក្បួន ថ្ងៃ១ ឧសភា ជាទិវាពលកម្មអន្តរជាតិ ទាមទារដំឡើងប្រាក់ឈ្នួល១៥០ដុល្លារក្នុងមួយខែ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ដែលជាមេដឹកនាំគម្រោងជួបជុំកម្មករបានថ្លែងថា លោកបានទទួលលិខិតត្រឡប់ពីសាលារាជធានី វិញ នៅថ្ងៃទី២៩ មេសា ដែលបានសម្រេចអនុញ្ញាតឲ្យកម្មករហែក្បួន បន្ទាប់ពីលោកបានដាក់លិខិតជូនដំណឹងកាលពីថ្ងៃទី១១ មេសា។
លោកថា នេះជាដំណឹងល្អមួយសម្រាប់កម្មករ សំណើរបស់ពួកគេនឹងទៅដល់រដ្ឋាភិបាល៖ «ខ្ញុំគិតថា នេះជាព័ត៌មានមួយដ៏ល្អសម្រាប់សហជីពយើង ដោយសារតែបានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីឲ្យយើងរៀបចំហែក្បួននៅក្នុងទិវាពលកម្មអន្តរជាតិ ព្រោះជាទូទៅនៅពេលដែលឧទាហរណ៍ថា មិនត្រូវបានអនុញ្ញាតពេលនោះ យើងនឹងបង្ខំចិត្តធ្វើ អាចថានឹងកើតមានអំពើហិង្សា ឬក៏វាអាចមានបញ្ហាអីកើតឡើង តែពេលនេះ គឺថា វាជាពេលមួយដ៏ល្អ ព្រោះយើងបានធ្វើបានហែក្បួន»។
លិខិតរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៩ មេសា ដែលចុះហត្ថលេខារបស់អភិបាលរាជធានី លោក កែប ជុតិមា ផ្ញើមកបណ្ដាសហភាព សហព័ន្ធសហជីព និងសមាគម បានសរសេរថា យោងតាមការឯកភាពពីក្រសួងមហាផ្ទៃ សាលារាជធានីបានអនុញ្ញាតឲ្យរៀបចំកម្មវិធីនេះ ដែលសហជីពបានស្នើសុំហែក្បួនថ្ងៃ១ ឧសភា ទិវាពលកម្មអន្តរជាតិ លើកទី១២៧។ ប៉ុន្តែការឆ្លើយតបនេះ មិនបានបំពេញបំណងទាំងស្រុងរបស់សហជីពនោះទេ ពោលគឺទីកន្លែងត្រូវធ្វើតាមការចង្អុលបង្ហាញរបស់សាលារាជធានី។
លិខិតដដែលបានតម្រូវឲ្យកម្មករ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ រួចដង្ហែតាមផ្លូវលេខ ១០៨ ធ្វើដំណើរត្រង់បត់ស្ដាំ តាមវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិមានរដ្ឋសភា ដោយឆ្លងកាត់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត ប្រគល់ញត្តិរួចរំសាយ។
ទាក់ទងបញ្ហានេះ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា នៅតែរិះគន់ថា ការអនុញ្ញាតរបៀបនេះ គឺឆ្លុះបញ្ចាំងពីសេរីភាពនៃការជួបជុំ សេរីភាពក្នុងការធ្វើកូដកម្ម បាតុកម្មដោយសន្តិវិធីដើម្បីសម្ដែងមតិជាសន្តិភាព នៅមានការរឹតត្បិតពីសំណាក់អាជ្ញាធររដ្ឋដដែល។
លោក មឿន តុលា៖ «ប៉ុន្តែអ្វីដែលជាការសោកស្ដាយរបស់យើង គឺទោះបីជាមានការអនុញ្ញាតហ្នឹងក៏ដោយ។ ទី១ គឺការដើរហ្នឹង គឺឲ្យចេញពីមនុស្សម្នាឲ្យឃើញច្រើនទៅជាកន្លែងផ្លូវដែលស្ងាត់មនុស្សម្នាមិនសូវបានមើលឃើញ។ ទី២ បន្ថយនូវចំនួនមនុស្សពីសហជីពគ្រោង ២ម៉ឺន ហើយសាលាក្រុងឲ្យតែ ១ម៉ឺនទេ។ ទោះបីជាមានការអនុញ្ញាតហ្នឹងក៏ដោយ ក៏ប៉ុន្តែយើងឃើញទី១ កំណត់ទីតាំងដើរ ទី២ បន្ថយចំនួនមនុស្សចូលរួម»។
សហភាពសហព័ន្ធសហជីព និងសមាគម មានផែនការជួបជុំកម្មករកម្មការិនីប្រមាណ ២ម៉ឺននាក់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រួចហែក្បួនតាមបណ្ដោយផ្លូវព្រះសីហនុ ទៅកាន់រដ្ឋសភា ដើម្បីប្រគល់ញត្តិទៅអ្នកតំណាងរាស្ត្រ។ ញត្តិដែលបំណងស្នើសុំដំឡើងប្រាក់បៀវត្សរ៍យ៉ាងហោចណាស់ ១៥០ដុល្លារដល់កម្មករ សម្រាប់មន្ត្រីរាជការដំឡើងប្រាក់ខែឲ្យបាន ១លានរៀល ស្នើឲ្យក្រុមហ៊ុនដាក់តម្កល់ប្រាក់នៅធនាគារជាតិដើម្បីទុកបើកឲ្យកម្មករនៅពេលក្រុមហ៊ុនបិទទ្វាររោងចក្រ និងស្នើឲ្យរដ្ឋាភិបាលបង្កើតតុលាការការងារជាដើម៕
No comments:
Post a Comment
yes