គ្រឿងចក្រក្រុមហ៊ុនវៀតណាម ៧២ កំពុងឈូសរានដីព្រៃរដ្ឋនៅ ស្រុកអូរយ៉ាដាវ
ដីចម្ការវិលជុំ និងព្រៃការពារប្រមាណជា១ពាន់ហិកតារបស់ជនជាតិដើមភាគតិចចារ៉ាយ ជិត២០០គ្រួសារក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយដើម្បីយកដីដាំកៅស៊ូចាប់តាំងពី ឆ្នាំ២០១១មក។
អាជ្ញាធរស្រុកនិងមន្រ្តីរដ្ឋបាលព្រៃឈើកាលពីថ្ងៃអាទិត្យទី២៨ មេសាម្សិលមិញ បានចុះទៅពិនិត្យដីចម្ការវិលជុំ និងព្រៃការពារមានទទឹង២គីឡូម៉ែត្រ និងបណ្តោយ៣គីឡូម៉ែត្រស្ថិតនៅក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។
លោក រចំ វីន មេឃុំយ៉ាទុងបានអះអាងថា៖«យើងបានចុះទៅពិនិត្យ ហើយជាក់ស្តែងឃើញថាដីចម្ការវិលជុំប្រហែលជា១ពាន់ហិកតា ត្រូវបានក្រុមហ៊ុន៧២ឈូសឆាយក្នុងរយៈពេល២ឆ្នាំមកនេះ»។ លោករចំ វីន បានបញ្ជាក់ថា ក្រៅពីនេះដីព្រៃអភិរក្សចំនួនមួយហិកតាក៏ត្រូវក្រុមហ៊ុនមួយនេះ ឈូសដែរចាប់ពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមេសាសប្តាហ៍មុន។
លោក សេវ ហេម ប្រធានសហគមន៍ភូមិតេន ក៏បានអះអាងដែរថា ជនជាតិវៀតណាមចំនួនប្រាំនាក់ និងគ្រឿងចក្រចំនួន២គ្រឿងបានឈូសឆាយដីព្រៃការពារនោះ ប៉ុន្តែពួកគេបានផ្អាកបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរកាលពីថ្ងៃសៅរ៍កន្លងទៅ។
លោក សេវ ហេម បានបញ្ជាក់ថា៖«ព្រៃការពារនោះគឺជាព្រៃស្រោងដែលជនជាតិយើងចំនួន១៩៨គ្រួសារកំពុងអាស្រ័យផល។ តែក្រុមហ៊ុន៧២ បានឈូសឆាយនិងប្រមូលដើមឈើធំៗជាង១០០ដើមគរទុក»។ លោក ហេម បន្ថែមថាការឈូសឆាយដីព្រៃចម្ការវិលជុំនិងព្រៃការពារនេះបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពជនជាតិភាគតិចជាខ្លាំងដែលធ្លាប់អាស្រ័យផលពីព្រៃធម្មជាតិទាំងនោះ។
បន្ទាប់ពីចុះពិនិត្យលោកមេឃុំបានធ្វើរបាយការណ៍បញ្ជូនទៅអាជ្ញាធរស្រុក ហើយអាជ្ញាធរស្រុកក៏បានផ្ញើបន្តទៅខេត្ត។ អាជ្ញាធរខេត្តគ្រោងនឹងចុះទៅពិនិត្យកន្លែងឈូសឆាយនៅថ្ងៃចន្ទនេះផងដែរ។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ប្រជាសហគមន៍បានផ្តល់ដំណឹងពីការឈូសឆាយនេះមកអាដហុដឲ្យដឹងដែរ កាលពីថ្ងៃសៅរ៍កន្លងមក។
លោកបានបញ្ជាក់ថា៖ «សហគមន៍បានប្តឹងទៅអាជ្ញាធរឃុំ ស្រុកជាច្រើនលើករួចហើយ តែក្រុមហ៊ុន៧២នៅតែបន្តឈូសឆាយ ហើយមេការក្រុមហ៊ុន៧២ក៏ធ្លាប់ស្តីឲ្យមេស្រុកម្តងរួចហើយ ពីរឿងគាត់ទៅឃាត់គ្រឿងចក្រ មិនឲ្យឈូសឆាយព្រៃអភិរក្សនិងចម្ការអ្នកភូមិនោះ»។
លោក ឆាយ ធី បានបន្តថា បើតាមច្បាប់និងកិច្ចសន្យាមិនមានក្រុមហ៊ុនណាមួយទទួលបានការអនុញ្ញាតឲ្យកាប់ឈើនៅក្នុងតំបន់ព្រៃការពារនោះទេបើទោះបីជាព្រៃនោះត្រួតស៊ីគ្នាជាមួយដីសម្បទានផ្តល់ដោយរដ្ឋក៏ដោយ។
លោក ផាន់ ភឺន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបានឲ្យដឹងថា ជាទូទៅព្រៃការពារត្រូវបានរក្សាទុកបើទោះជាស្ថិតនៅក្នុងដីសម្បទានក៏ដោយ ដោយអនុវត្តតាមសកម្មភាពស្បែកខ្លារបស់រដ្ឋាភិបាល។
លោក ផាន់ ភឺន បានបញ្ជាក់ថា៖«បើក្រុមហ៊ុនធ្វើខុស វាមិនពិបាកទេព្រោះគេមានកិច្ចសន្យា។ បើក្រុមហ៊ុនធ្វើខុសត្រូវពិន័យ។ បើខុសធ្ងន់នឹងអាចដកហូត និងផ្តន្ទាទោសតាមច្បាប់ទៀត»។
ត្រង់ចំណុចទី៣របស់បទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលបានគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាលរួចហើយ តែមិនបានអនុវត្តតាមនីតិវិធីច្បាប់ជាធរមាននិងតាមកិច្ចសន្យា ដោយកាប់ឈើលក់ ហើយមិនធ្វើការអភិវឌ្ឍដីសម្បទាន ទន្ទ្រានដីបន្ថែម ទុកដីចោលទំនេរសម្រាប់លក់បន្ត ធ្វើអាជីវកម្មខុសលក្ខខណ្ឌនៃកិច្ចសន្យា បំពានដីរបស់ប្រជាពលរដ្ឋឬដីសហគមន៍រដ្ឋាភិបាលនឹងធ្វើការដកហូតដីសម្បទានសេដ្ឋកិច្ចនោះមកវិញ៕
No comments:
Post a Comment
yes