សមាជិកជនជាតិភាគតិចគួយ នៅភូមិស្រែព្រៀង ឃុំព្រះមេរ ស្រុកស្បែងមានជ័យ អ្នកស្រី នួន ម៉ុន ប្រាប់ថា អាជ្ញាធរខេត្ដ បានបញ្ជាគ្រឿងចក្រមន្ទីរសាធារណការខេត្ដ មកឈូសឆាយដីផ្ទះសមាជិករបស់ពួកគេ យកធ្វើជាទីស្នាក់ការបក្សស្រុក ដោយមិនផ្ដល់ដំណឹងជាមុន ឬផ្ដល់សំណងឡើយ។ អ្នកស្រីបន្ដថា ដីផ្ទះដែលអាជ្ញាធរយកគ្រឿងមកឈូសឆាយនោះ មានទំហំ២០ម៉ែត្រ ជាកម្មសិទ្ធិ ឈ្មោះ ប៉ិ ឃឿង រស់នៅភូមិបុស្សធំ ឃុំព្រះមេរ ជាស្ដ្រីមេម៉ាយក្រីក្រ ហើយដីគាត់មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ អ្នកស្រីចោទថា អាជ្ញាធរ មិនគោរពច្បាប់ និងរំលោភលើសិទ្ធិពលរដ្ឋជាជនជាតិគួយ ។
ពលរដ្ឋមួយរូបទៀត អ្នកស្រី សិញ សាំ ឲ្យដឹងថា កន្លងមកម្ចាស់ដីនោះ បានផ្ដល់ដីជាច្រើនឲ្យទៅអាជ្ញាធរធ្វើសាលាស្រុក ប៉ុន្ដែរដ្ឋអំណាច នៅតែបន្ដចង់បានដីពួកគាត់ទៀត ដែលពួកគេគិតថា មិនមានភាពយុត្ដិធម៌សម្រាប់ពលរដ្ឋជាជនជាតិ។ អ្នកស្រីថា ពួកគេហាមឃាត់គ្រឿងចក្រ មិនឲ្យឈូសឆាយនេះ ដើម្បីរង់ចាំការដោះស្រាយពីអាជ្ញាធរ ទៅតាមផ្លូវច្បាប់ ។
ទោះជាយ៉ាណា ពលរដ្ឋឲ្យដឹងថា បន្ទាប់ពីរារាំង និងហាមឃាត់ពីសមាជិកជនជាតិគួយរួចមកនោះ គ្រឿងចក្របានបញ្ចប់សកម្មភាព។
ករណីនេះ អភិបាលស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ លោក ប៉ាង យាត បដិសេធថា អាជ្ញាធរមិនបានយកគ្រឿងចក្រឈូសឆាយដីផ្ទះពលរដ្ឋនោះទេ។ លោកថា ដីនោះជាដីតំបន់រដ្ឋបាលរបស់ស្រុក ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ដីផ្ទះជនជាតិគួយនៅតំបន់នោះ មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយម្ចាស់ដីធ្លាប់បានបរិច្ចាគឲ្យអាជ្ញាធរស្រុកមួយចំនួនធំ ធ្វើទីស្នាក់ការបក្សប្រជាជន។ ប៉ុន្ដែរហូតដល់ពេលនេះ បែរជាអាជ្ញាធរយកគ្រឿងចក្ររបស់រដ្ឋ មកឈូសឆាយដីពលរដ្ឋបន្ដទៀត បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្ដិប្រជាជនមួយចំនួន ដើម្បីផលប្រយោជន៍បក្ស ដែលលោកអះអាងថា ជាទង្វើខុសច្បាប់៕
No comments:
Post a Comment
yes