សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 25, 2013

ហ្វេសប៊ុក​កំពុង​ពេញ​និយម​បង្ហោះ​សារ​រិះគន់​សង្គម

ភ្លើង​ចរាចរណ៍ ៣០៥
រូប​ត្លុក​ស្ដីពី​អ្នក​បើក​ម៉ូតូ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍

សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​តែ​ខ្លាច​មិន​ហ៊ាន​ចេញ​មុខ​បញ្ចេញ​មតិ ឬ​រិះគន់​ជា​សាធារណៈ។

ក្នុង​កាលៈទេសៈ​នេះ ពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ឬ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នាំគ្នា​បញ្ចេញ​មតិ​រិះគន់​សង្គម និង​ព្យាយាម​ទម្លាយ​រូបភាព​ល្មើស​ច្បាប់​នានា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព។
ក្រៅ​ពី​ប្រើប្រាស់​ហ្វេសប៊ុក ដើម្បី​ទំនាក់ទំនង​គ្នា បណ្ដា​ជន​ខ្មែរ​ដែល​ចេះ​ប្រើ​អ៊ីនធឺណិត ចាប់​ផ្ដើម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​រិះគន់​សង្គម។ គេ​ចាប់​អារម្មណ៍​ពិភាក្សា​គ្នា​ច្រើន ដូច​ជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ សីលធម៌​សង្គម អំពើ​ពុក​រលួយ ទំនាស់​ដីធ្លី និង​បទ​ល្មើស​ផ្សេងៗ និង​បញ្ហា​នយោបាយ ជាដើម។

រយៈពេល ១​ខែ​ចុង​ក្រោយ​នេះ អ្នក​ប្រើ​ហ្វេសប៊ុក ចាប់​ផ្ដើម​រិះគន់​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ញឹកញាប់​នៅ​ភ្នំពេញ។ អ្នក​ប្រើប្រាស់​មិន​បញ្ចេញ​អត្តសញ្ញាណ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​គេ​ប្រើ​រូបភាព​តុក្កតា​ជំនួស​វិញ ដើម្បី​ទទួល​ការ​ចាប់​អារម្មណ៍ និង​ចែក​ចាយ​បន្ត។ គេ​ថែម​ទាំង​និយាយ​ចំអក​ឡកឡាយ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ទៀត​ផង៖ «វេទនា​ណាស់​លោក​អើយ អឺ.ដេ.សេ (EDC) ហា​ឡើង​យ៉ាប់យ៉ឺន​ទៅៗ ហាសហា​យូរៗ​ទៅ​គឺ​ផ្តាច់​ភ្លើង​ជា​អាជីព​ទៅ​ហើយ មិន​មែន​ផ្គត់ផ្គង់​ភ្លើង​ទេ គឺ​ផ្តាច់​ភ្លើង​ជា​អាជីព។ ប្រទេស​កម្ពុជា យើង​ដាច់​ភ្លើង​ដល់​ក​ហើយ អាលូវ​ដេក​ស្លៀក​តែ​លីអូ​ទេ សើម​ទៀត​ដោយសារ​បែក​ញើស ឱ​សន្យា​អើយ​សន្យា​ខ្យល់ មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ​ខ្ញុំ​អស់​សង្ឃឹម​ដែរ»
វីដេអូ​តុក្កតា​នេះ មាន​អ្នក​ចែក​រំលែក​ជាង ២០០​នាក់ និង​អ្នក​ចូល​ចិត្ត​ជិត ១​ពាន់​នាក់។ ក្នុង​ចំណោម​អ្នក​ចែក​រំលែក​ទំព័រ​ដើម​នោះ ក៏​មាន​មនុស្ស​ជាច្រើន​ចែក​ចាយ​គ្នា​បន្ត​ទៀត​ដែរ។
ម្ចាស់​គណនេយ្យ​មួយ​ទៀត ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា អ្នក​ប្រឆាំង​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ក៏​បាន​កាត់​ត​វីដេអូ និង​សំឡេង​ផ្សព្វផ្សាយ​ស្រាបៀ​របស់​ក្រុមហ៊ុន​ស្រាបៀ​មួយ ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ យក​មក​កាឡៃ​ដោយ​ប្រើ​រូបភាព​ចំអក​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។ វីដេអូ​នេះ មាន​អ្នក​ចូល​ចិត្ត និង​អ្នក​ចែក​ចាយ​បន្ត​ជាង ២​ពាន់​នាក់។
កាល​ពី​ឆ្នាំ​មុន អ្នក​ប្រើ​ហ្វេសប៊ុក នេះ បាន​បង្ហោះ​រូបភាព​ចោរ​ប្លន់​ដែល​បាញ់​សម្លាប់​ស្ត្រី​អ្នក​ដូរ​លុយ​នៅ​ផ្សារ​ពោធិចិនតុង។ ជា​ហេតុ​ធ្វើ​សមត្ថកិច្ច​នគរបាល មាន​ពន្លឺ​រហូត​ដល់​ចាប់​ខ្លួន​ឃាតក​នោះ​មក​ដាក់​គុក​ទៀត​ផង។ នៅ​ខែ​មីនា ឆ្នាំ​២០១៣ អ្នក​ប្រើ​ហ្វេសប៊ុក បាន​ទម្លាយ​រូបភាព​បទ​ល្មើស​ព្រៃ​ឈើ​មួយ ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ដាក់​តាម​កុងតឺន័រ ចុះ​តាម​កំពង់ផែ​កំពង់សោម នាំ​ចេញ​ទៅ​បរទេស។ ក្នុង​វីដេអូ​នោះ បង្ហាញ​រូបភាព​ឈើ​ប្រណីត​ជាច្រើន​សន្ធឹកសន្ធាប់ រូបភាព​ក្រុម​ឈ្មួញ និង​សំឡេង​ថៅកែ​ឈើ​គ្រញូង សើច​កក្អឹក​បង្ហាញ​ពី​ការ​ជោគជ័យ​ក្នុង​មុខ​ជំនួញ​នេះ។
វីដេអូ​ជួញ​ឈើ​តាម​ច្រក​កំពង់សោម នោះ មាន​អ្នក​ចែក​រំលែក​ជាង ៦​ពាន់​នាក់ និង​អ្នក​ចូល​ចិត្ត​ជាង ១​ពាន់​នាក់។
ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​រិះគន់​សង្គម​ភាគ​ច្រើន មិន​បង្ហាញ​អត្តសញ្ញាណ​ពិត​ប្រាក​ទេ។ ពួក​គេ​ទំនង​ជា​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។
ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សញ្ញា​នៃ​ការ​រិះគន់​សង្គម​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​បន្ត​ថា ពលរដ្ឋ​អាច​ប្រើ​ហ្វេសប៊ុក ដើម្បី​លើក​ឡើង​ពី​បញ្ហា​អសកម្ម​នានា ងាយ​ស្រួល​ជាង​ការ​ប្រឈម​តាម​រយៈ​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​កាសែត ឬ​តវ៉ា​ដោយ​ផ្ទាល់ ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ផ្ទាល់​ខ្លួន។ លោក​បញ្ជាក់​ថា ការ​តវ៉ា​ផ្ទាល់​តែង​រង​ការ​គាប​សង្កត់​គ្រប់​បែប​យ៉ាង​ពី​សំណាក់​សមត្ថកិច្ច ដូច​ជា​រង​នូវ​អំពើ​ហិង្សា និង​ចាប់​ដាក់​គុក​ជាដើម។
លោក អំ សំអាត៖ «តាម​រយៈ​ការ​ជួបជុំ យើង​ឃើញ​ថា​នៅ​មាន​កម្រិត ពិសេស​យើង​ឃើញ​មាន​ច្បាប់​បាតុកម្ម ត្បិត​ជា​កម្រិត​ទៅ​ហើយ​សម្រាប់​សេរីភាព​បញ្ចេញ​មតិ ទាំង​សារព័ត៌មាន ទាំង​អី​ហ្នឹង នៅ​មាន​កម្រិត​នៅ​ឡើយ។ ចឹង​ហើយ​បាន​យើង​ឃើញ​មាន​ថា​ឥឡូវ​មាន​ឱកាស​ល្អ​មួយ​ដែល​ប្រើ​បណ្ដាញ​សង្គម​អ៊ីនធឺណិត​ហ្នឹង»
លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ថា អាជ្ញាធរ​អាច​នឹង​ចាត់​វិធានការ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ដែល​ហ៊ាន​រិះគន់​សង្គម ពិសេស​រិះគន់​បក្ស​កាន់​អំណាច។
ទន្ទឹម​នឹង​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ រំឭក​ថា កាល​ពី ៣​ឆ្នាំ​មុន អ្នក​ប្រើ​ហ្វេសប៊ុក មិន​ហ៊ាន​រិះគន់​សង្គម​ខ្លាំងៗ​ដូច​ពេល​នេះ​ទេ។ លោក​បន្ត​ថា ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​រិះគន់​នេះ បណ្ដាល​មក​ពី​ពលរដ្ឋ​ចាប់​ផ្ដើម​យល់​ពី​តួនាទី​របស់​ខ្លួន​ជា​បណ្ដើរៗ និង​មើល​ឃើញ​បញ្ហា​អសកម្ម​ផ្សេងៗ តែ​មិន​ហ៊ាន​និយាយ​ដោយ​ផ្ទាល់។ លោក​បន្ត​ថា ការ​ប្រើ​ហ្វេសប៊ុក នេះ នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ស្ថានភាព​នយោបាយ​កម្ពុជា ថែម​ទៀត។
លោក អ៊ូ វីរៈ៖ «ប្រព័ន្ធ​សង្គម​ហ្នឹង​ស្រុក​ខ្មែរ​ល្បី​ជាង​គេ​មាន​តែ​ហ្វេសប៊ុក ទេ តាម​រយៈ​ហ្នឹង គាត់​យល់​ថា អត់​មាន​គ្រោះថ្នាក់​ទេ តែ​ឥឡូវ​នេះ មិន​ទាន់​មាន​ការ​រឹតត្បិត​ណា​មួយ​ទេ។ ខ្ញុំ​គិត​ថា ការ​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម​នេះ នឹង​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ខាង​មុខ ដោយសារ​អ្នក​ប្រើ​ហ្វេសប៊ុក ហ្នឹង មាន​ជាង ១​លាន​នាក់ ភាគ​ច្រើន​មាន​សិទ្ធិ​បោះឆ្នោត»
ទោះ​យ៉ាង​ណា​ក្តី នគរបាល​នៅ​ភ្នំពេញ ធ្លាប់​ចេញ​ដីកា​កោះ​ហៅ​គ្រូ​បង្រៀន​ម្នាក់​ទៅ​សួរ​នាំ​ពី​បទ​បរិហារកេរ្តិ៍ បន្ទាប់​ពី​លោកគ្រូ​ឈ្មោះ ហែល ភិរុណ បាន​សរសេរ​លើ​ហ្វេសប៊ុក រៀប​រាប់​ពី​សកម្មភាព​ដែល​នគរបាល​ចរាចរណ៍​ឃាត់​ម៉ូតូ​របស់​គាត់​ទុក ដោយសារ​ម៉ូតូ​គ្មាន​ស្លាក​លេខ។ សង្គម​ស៊ីវិល ក៏​ធ្លាប់​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​នេះ​ដែរ។
ក្រៅ​ពី​រិះគន់​សង្គម អ្នក​ប្រើ​ហ្វេសប៊ុក មក​ពី​គណបក្ស​កាន់​អំណាច​ក៏​ចូលរួម​ជ្រោមជ្រែង​ទង្វើ​ល្អៗ​របស់​មេ​ខ្លួន​ដែរ។ ប៉ុន្តែ ការ​សរសេរ​សរសើរ​មិន​មាន​ប្រជាប្រិយភាព​ដូច​វីដេអូ​គ្រោះថ្នាក់​ចរាចរណ៍ អំពើ​អសន្តិសុខ​សង្គម វីដេអូ​រិះគន់​សង្គម​ឡើយ។ នៅ​ប្រទេស​ចិន និង​វៀតណាម ការ​ប្រើ​ហ្វេសប៊ុក ត្រូវ​បាន​រឹត​បន្តឹង ហើយ​ម្ចាស់​ទំព័រ​មួយ​ចំនួន ក៏​ជាប់​ទោស​ដោយសារ​អត្ថបទ ឬ​វីដេអូ​របស់​ពួក​គេ​ដែរ។ ការ​ប្រើ​អ៊ីនធឺណិត នៅ​តំបន់​អារ៉ាប់ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ចំណែក​នៃ​បដិវត្តន៍​ដែរ។
តើ​សង្គម​កម្ពុជា នឹង​មាន​ការ​ប្រែប្រួល​បែប​ណា បើ​ការ​រិះគន់​តាម​ប្រព័ន្ធ​ហ្វេសប៊ុក កាន់​តែ​កើន​ឡើង​នោះ?
ទោះ​យ៉ាង​ណា អ្នក​ប្រើ​ហ្វេសប៊ុក មួយ​ចំនួន​ទៀត ក៏​ប្រើ​បណ្ដាញ​នេះ​ក្នុង​ផ្លូវ​មិន​ល្អ​ដែរ ដូច​ជា​ប្រើ​ជេរ​បញ្ចោរ​គ្នា ប្រើ​ដើម្បី​បង្ហោះ​រូបភាព​អាសអាភាស បង្ហោះ​រូបភាព​ឃោរឃៅ ប្រើ​ដើម្បី​ជួញ​ដូរ​ផ្លូវ​ភេទ បង្ហោះ​រូបភាព​សាហាវៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ទស្សនា និង​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​ជាដើម៕

No comments:

Post a Comment

yes