សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 25, 2013

CCHR អំពាវនាវ​អ្នក​កាសែត​ចូលរួម​យុទ្ធនាការ​សេរីភាព​សារព័ត៌មាន


ពេល​កំណត់​ទទួល​ប្រវត្តិរូប​របស់​អ្នក​កាសែត​សម្រាប់​បង្ហោះ​តាម​​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្រាប់​ទិវា​សេរីភាព​សារព័ត៌​មាន​ពិភព​លោក គឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា នេះ​ហើយ។ ដើម្បី​អបអរ​ទិវា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ធ្វើ​យុទ្ធនាការ​មួយ ​គ្រោង​នឹង​បង្ហោះ​ឈ្មោះ និង​ប្រវត្តិរូប​អ្នក​កាសែត ២០​នាក់​លើ​គេហទំព័រ និង​​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​អ្នក​កាសែត​ទាំង​នោះ​ បាន​សរសេរ​ផ្សព្វផ្សាយ​ច្រើន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន និង​អភិបាល​កិច្ច​ល្អ ជាដើម ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​អ្នក​កាសែត​​ជាមួយ​សង្គម។
ក្នុង​យុទ្ធនាការ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ចាប់​ផ្ដើម​បង្ហោះ​ជីវប្រវត្តិ​អ្នក​កាសែត​ម្នាក់​ម្ដងៗ លើ​​គេហទំព័រ​ និង​ហ្វេសប៊ុក ចាប់​តាំង​ពី​ថ្ងៃ​ទី៣ ឧសភា នេះ​ត​ទៅ​ហើយ។
ស្រប​ពេល​កំណត់​ទទួល​ពាក្យ​សល់​តែ​មួយ​ថ្ងៃ​ទៀត​នោះ អ្នក​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស កញ្ញា ស៊ន រ៉ាមណា នៅ​ថ្ងៃ​ទី២៤ មេសា បាន​រំលឹក​ដល់​អ្នក​យក​ព័ត៌មាន​ទាំងអស់ ទាំង​វិទ្យុ ទូរទស្សន៍ អ្នក​កាសែត និង​សូម្បី​តែ​ប្លុកឃើ ឲ្យ​អ្នក​កាសែត​រួសរាន់​ដាក់​ពាក្យ​មក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​បាន​ច្រើន​ថែម​ទៀត ព្រោះ​ថា ​បេក្ខភាព​នៅ​មិន​ទាន់​គ្រប់​ចំនួន​កំណត់​នៅ​ឡើយ៖ «អ្នក​សារព័ត៌មាន​ចាប់​អារម្មណ៍ គាត់​អាច​ផ្ញើ​អ៊ីម៉ែល​មក ramanasorn@cchrcambodia.org ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ ០១៧ ៦៥ ៥៥ ៩១ សម្រាប់​ព័ត៌មាន​បន្ថែម»

កញ្ញា​បញ្ជាក់​ថា មូលហេតុ​ដែល​កំណត់​ចំនួន​អ្នក​កាសែត ២០​នាក់​នោះ គឺ​ដើម្បី​ឲ្យ​ត្រូវ​ចំនួន​ឆ្នាំ​លើក​ទី២០ នៃ​ការ​ប្រារព្ធ​ទិវា​នេះ។
កាល​ពី​ថ្ងៃ​ទី១២ មេសា ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ ដែល​បាន​លះបង់​សរសេរ និង​ផ្សព្វផ្សាយ​រឿង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន និង​អភិបាល​កិច្ច​ល្អ និង​រឿង​ដទៃ​ទៀត​ដែល​ទាក់ទង​បរិស្ថាន និង​កាប់​បំផ្លាញ​ព្រៃ​ឈើ ឲ្យ​ដាក់​ប្រវត្តិរូប​មក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សង្គម​បាន​ស្គាល់។
អ្នក​សម្រប​សម្រួល​កម្មវិធី​ទូរទស្សន៍​សហរដ្ឋអាមេរិក វីអូអេ (VOA) លោក សាយ មុន្នី ដែល​លោក​ថា បុគ្គលិក​ វីអូអេ ក៏​បាន​ដាក់​ពាក្យ​ចូលរួម​យុទ្ធនាការ​នោះ​ដែរ បាន​ហៅ​យុទ្ធនាការ​នេះ​ថា ​ជា​ការ​លើក​ទឹក​ចិត្ត​អ្នក​កាសែត​ដែល​កំពុង​ប្រឈម​គ្រោះ​ថ្នាក់​សព្វថ្ងៃ។
ចំពោះ​ការ​ដាក់​បង្ហាញ​ប្រវត្តិរូប​អ្នក​កាសែត​ជា​សាធារណ​នេះ មាន​អ្នក​កាសែត​ជាច្រើន​ថ្លែង​ថា ជា​រឿង​គ្រោះ​ថ្នាក់​បំផុត ដោយ​ពួក​គេ​អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា សព្វថ្ងៃ​នៅ​មាន​កម្រិត។
បណ្ណាធិការ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) លោក អ៊ិង ប៊ុនថន ដែល​បាន​ដាក់​ប្រវត្តិរូប​ក្នុង​យុទ្ធនាការ​នោះ បាន​យល់​ស្រប​ចំពោះ​ការ​ព្រួយ​បារម្ភ​នេះ។ តែ​លោក​ថា បើ​អ្នក​កាសែត​នៅ​តែ​ខ្លាច ក៏​មិន​អាច​ធ្វើ​ឲ្យ​សង្គម​ផ្លាស់​ប្ដូរ​បាន​ដែរ។
ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សាមិទ្ធិ បញ្ជាក់​ថា យុទ្ធនាការ​នេះ​គឺ​គ្រាន់​តែ​ជា​ការ​បន្ថែម​មួយ​បង្កើន​ទំនាក់ទំនង​រវាង​អ្នក​កាសែត និង​អតិថិជន​មួយ​កម្រិត​ទៀត ព្រោះ​អី​អ្នក​កាសែត​ជាច្រើន មាន​ប្លុកឃើ និង​គណនេយ្យ​ហ្វេសប៊ុក ច្រើន​ហើយ។
ទោះ​យ៉ាង​ណា មាន​អ្នក​កាសែត​ពីរ​នាក់​ប៉ុណ្ណោះ​បាន​ចុះ​បញ្ជី​ក្នុង​យុទ្ធនាការ​នេះ ក្នុង​ចំណោម​អ្នក​កាសែត​ប្រហែល ៦​ពាន់​នាក់​នៅ​កម្ពុជា។
​ទាក់ទង​នឹង​​ចំនួន​បេក្ខភាព​នៅ​មិន​ទាន់​គ្រប់ ហើយ​ពេល​កំណត់​សល់​តែ​មួយ​ថ្ងៃ​ទៀត​នោះ កញ្ញា ស៊ន រ៉ាមណា បញ្ជាក់​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ទាក់ទង​អ្នក​កាសែត​ជាច្រើន​នាក់​ទៀត​ដោយ​ផ្ទាល់ ឲ្យ​ដាក់​ប្រវត្តិរូប​បន្ថែម​ទៀត ព្រោះ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ស្គាល់​អ្នក​កាសែត​ដែល​មាន​ស្នាដៃ​ទាំង​នោះ​ខ្លះ​ហើយ៕

No comments:

Post a Comment

yes