សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 27, 2013

ព្រៃ​ស្រោង​ជាង​៧០​ហិកតារ​ត្រូវ​គេ​កាប់​រាន​នៅ​រតនគិរី

ព្រៃ​ស្រោង និង​ជា​ព្រៃ​ឈើ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​ស្គាល់​ទុក​ជា​ព្រៃ​សហគមន៍​អភិរក្ស និង​ការពារ​ជាង ៧០​ហិកតារ ថ្មី​ទៀត ត្រូវ​បាន​គេ​កាប់​រាន​អស់។ ក្រុម​សហគមន៍​អ្នក​ការពារ​ព្រៃ​នោះ អះអាង​ថា បាន​រាយការណ៍ និង​ប្ដឹង​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​ច្រើន​លើក ឲ្យ​ជួយ​ទប់ស្កាត់ ប៉ុន្តែ​មិន​ឃើញ​បាន​លទ្ធផល​អ្វី​ឡើយ។


ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ភូមិ​ស៊ូ ឃុំ​ស៊ឺង ស្រុក​បរកែវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៣ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចាត់​វិធាន​ការ​ជា​បន្ទាន់ ទៅ​លើ​មនុស្ស ៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​ឈើ​សហគមន៍​ការពារ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ខុស​ច្បាប់។
សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​សហគមន៍​ធ្វើ​ដំណើរ​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​សុក្រ ទី២៤ ខែ​ឧសភា សុំ​ឲ្យ​មន្ត្រី​សមាគម​ជួយ​អន្តរាគមន៍​ពាក្យ​ប្ដឹង​អ្នក​ភូមិ ទៅ​ស្ថាប័ន​អយ្យការ​ស៊ើប​អង្កេត​រក​អ្នក​បំផ្លាញ​ព្រៃ​ឈើ​នេះ មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។
យោង​តាម​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ បាន​ប្ដឹង​មនុស្ស ៦​នាក់​ថា​ជា​អ្នក​កាប់​រាន​ព្រៃ​សហគមន៍​អស់​គ្មាន​សល់ តាំង​ពី​ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន។ មនុស្ស​ទាំង ៦​នាក់ រួម​មាន មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស៊ឺង លោក សុខ មុត និង​អតីត​យោធា​ស្រុក លោក ទី ផល្លី រួម​ទាំង​ប្រជាពលរដ្ឋ​ភូមិ​ចែត្រ ៤​នាក់ គឺ​លោក រម៉ាស យ៉ាល់ លោក រម៉ាស បាន លោក រម៉ាម មេន និង​លោក រម៉ាស ទឿង។
ប្រធាន​សហគមន៍​លោក ក្លោង សាង មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​បាន​រាយការណ៍ និង​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​មូលដ្ឋាន​ឃុំ​ស្រុក​ចំនួន​បី​លើក​រួច​ហើយ ប៉ុន្តែ​មិន​ឃើញ​សមត្ថកិច្ច​ណា​អាច​បញ្ឈប់​សកម្មភាព​កាប់​ព្រៃ​សហគមន៍​នេះ​បាន​ឡើយ។ លោក​បន្ត​ថា ព្រៃ​ឈើ​ជាង ៧០​ហិកតារ នេះ មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​គូស​ផែនទី និង​ចេញ​លិខិត​ទទួល​ស្គាល់​ជា​ព្រៃ​ការពារ​របស់​សហគមន៍​ផ្លូវ​ការ៖ «សហគមន៍​ទប់​អត់​ឈ្នះ បើ​ឃុំ​ជួយ​ក៏​ទប់​អត់​ឈ្នះ​ដែរ ចាប់​ម៉ាស៊ីន ហើយ​ក៏​ទប់​អត់​ឈ្នះ​ដែរ»។
ប្រធាន​ភូមិ​ស៊ឺង លោក ទីង ខុនសែ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចូលរួម​ជាមួយ​សហគមន៍ ប្ដឹង​ទៅ​តុលាការ ពីព្រោះ​មន្ត្រី​អាជ្ញាធរ​មិន​មាន​លទ្ធភាព​ទប់ស្កាត់ ឬ​បង្ក្រាប​ករណី​នេះ​បាន។ លោក​បន្ត​ថា មន្ត្រី​ជំនាញ​ព្រៃ​ឈើ បាន​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ ប៉ុន្តែ​ព្រៃ​ការពារ​ទាំងអស់​ត្រូវ​គេ​កាប់​រំលំ គ្រោង​នឹង​ដុត​រាន​នៅ​ពេល​ខាង​មុខ​នេះ៖ «ព្រៃ​តំបន់​ការពារ​អភិរក្ស ព្រៃ​ស្រោង​ទៀត។ ភូមិ​គេ​ដោះស្រាយ​ហើយ។ ឃុំ និង​ឃុំ គេ​ដោះស្រាយ​ហើយ ប៉ុន្តែ​បុគ្គល ៦​នាក់​ហ្នឹង»។
ចំណែក​មេ​ឃុំ​ស៊ឺង លោក ប៉ែន សុផុន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ព្រៃ​សហគមន៍​ពិត​ជា​ត្រូវ​គេ​កាប់​រាន​អស់​មែន ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា បាន​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​អស់​ហើយ ពីព្រោះ​អាជ្ញា​ឃុំ​មិន​មាន​សមត្ថភាព​ទប់ស្កាត់​ករណី​នេះ​បាន៖ «គេ​កាប់​ឡើង​ខ្ទេច​អស់​តែ​ម្តង ខ្ញុំ​រាយការណ៍​ជូន​ស្រុក​អស់​ហើយ មិន​ដឹង​ម៉េច​ទៀត គាត់​ធ្វើ​ការ​យឺតយ៉ាវ»។
ឆ្លើយ​តប​បញ្ហា​នេះ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​រតនគិរី លោក ផាន់ ភិន មាន​ប្រសាសន៍​ថា មន្ត្រី​សង្កាត់​ព្រៃ​ឈើ​បាន​ធ្វើ​របាយការណ៍​ស្ដីពី​សកម្មភាព​កាប់​រាន​ព្រៃ​សហគមន៍ មក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​អស់​ហើយ។ លោក​បន្ត​ថា នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​ឈើ​នេះ៖ «សង្កាត់​ចុះ​ធ្វើ​ហើយ យើង​នឹង​ចាត់​ការ​តាម​លិខិត​របស់​រដ្ឋាភិបាល។ ការងារ​នឹង​ធ្វើ ចាំ​មេ​គាត់​មក»។
មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​រតនគិរី លោក មាន ព្រហ្មមុនី ចាត់​ទុក​ទង្វើ​នេះ​ជា​បទ​ល្មើស​បំផ្លាញ​ព្រៃ​ឈើ​ធ្ងន់ធ្ងរ​មួយ​ទៀត ក្នុង​ឆ្នាំ​២០១៣។ លោក​បន្ត​ថា មន្ត្រី​ព្រៃ​ឈើ និង​មន្ត្រី​មូលដ្ឋាន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ ដែល​បណ្ដែត​បណ្តោយ​ឲ្យ​ព្រៃ​ឈើ​ត្រូវ​គេ​កាប់​រាន​ដោយ​មិន​ចាត់​វិធាន​ការ​បង្ក្រាប​ឲ្យ​ទាន់​ពេល​វេលា៖ «យើង​សោកស្ដាយ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ ការ​ដោះស្រាយ​របស់​គាត់​ខ្វះ​ការ​ពង្រឹង​ច្បាប់ ទទួល​ខុស​ត្រូវ​ខ្ពស់ យឺតយ៉ាវ​មែន​ទែន។ សហគមន៍ គាត់​បាន​យល់​ថា សុខ​ចិត្ត​ធ្វើ​តាម​ខ្សែ​បណ្តោយ តាម​លំដាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​មក។ គាត់​សុខ​ចិត្ត​នៅ​ពន្យារពេល​ដល់​ថ្ងៃ​នេះ រហូត​អស់​ព្រៃ​រលីង»។
របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ឲ្យ​ដឹង​នៅ​ឆ្នាំ​២០១៣ នេះ​ថា ព្រៃ​ឈើ​សហគមន៍​ភូមិ​ឡំ ស្រុក​អូរយ៉ាដាវ រាប់​រយ​ហិកតារ ត្រូវ​ក្រុមហ៊ុន​សម្បទាន​ឈូស​ឆាយ និង​ឈើ​មាន​តម្លៃ​រាប់​ពាន់​ដើម​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ត្រូវ​គេ​កាប់​ដោយ​បំពាន​ច្បាប់ ហើយ​មិន​ទាន់​ឃើញ​ជន​ប្រព្រឹត្ត​ល្មើស​ណា​ម្នាក់​ត្រូវ​ផ្ដន្ទាទោស៕

No comments:

Post a Comment

yes