សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 31, 2013

ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​បន្ទាយមានជ័យ​ប្រឈម​មិន​អាច​ទៅ​បោះឆ្នោត

ប្រជាពលរដ្ឋ​ចំនួន​ជាង ១០០​គ្រួសារ រស់នៅ​ភូមិ​មួយ​ក្នុង​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ កំពុង​ប្រឈម​ទៅ​នឹង​ការ​ខក​ខាន​ពុំ​បាន​បោះឆ្នោត ដោយសារ​តែ​ពួក​គាត់​ពុំ​មាន​ឯកសារ​សម្គាល់​ខ្លួន​គ្រប់គ្រាន់ សម្រាប់​យក​ទៅ​ប្រើប្រាស់​បាន។
ការ​ពុំ​មាន​ឯកសារ​នេះ គឺ​បង្ក​ឡើង​ដោយ​អាជ្ញាធរ​ភូមិ ដែល​មាន​ការ​រើសអើង និង​ប្រកាន់​បក្ខពួក និង​ខឹង​សម្បារ​ចំពោះ​អ្នក​ភូមិ​ដែល​បាន​នាំ​គ្នា​បង្កើត​ជា​សហគមន៍​ការពារ​ដីធ្លី​។
អ្នក​ភូមិ​ក្ដឹបថ្ម ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ប្រតិកម្ម​ចំពោះ​មេ​ភូមិ​របស់​ខ្លួន ដោយ​ចោទ​ថា មេ​ភូមិ​រូប​នោះ​មាន​ការ​រើសអើង ហើយ​បដិសេធ​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ចំនួន ១៤៩​គ្រួសារ ដែល​ជា​អ្នក​រស់នៅ​ក្នុង​ភូមិ​ស្រប​ច្បាប់។ តំណាង​អ្នក​ភូមិ​ក្ដឹបថ្ម ឈ្មោះ ប៊ុត ជ្រឹង អាយុ ៥១​ឆ្នាំ ថ្លែង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្ដឹបថ្ម កាល​ពី​ឆ្នាំ​២០០០ អ្នក​ខ្លះ​បាន​នាំ​គ្នា​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​អត្រានុកូលដ្ឋាន ហើយ​អ្នក​ខ្លះ​បាន​ធ្វើ​សៀវភៅ​គ្រួសារ ប៉ុន្តែ​មាន​អ្នក​ភូមិ​មួយ​ចំនួន​ទៀត ពុំ​បាន​ធ្វើ​ទេ ដោយសារ​ជាប់​រវល់​ធ្វើ​ការ និង​នាំ​គ្នា​ប្រកប​របរ​រកស៊ី​នៅ​ឆ្ងាយ​ពី​ភូមិ។
ចំណែក​អ្នក​ភូមិ​ដែល​មាន​ឯកសារ​ស្រប​ច្បាប់​នៅ​ក្នុង​ភូមិ ត្រូវ​ការ​ខ្ចី​លុយ​ពី​អង្គការ ក៏​នាំ​គ្នា​ទៅ​សុំ​ការ​បញ្ជាក់​ពី​មេ​ភូមិ។ ប៉ុន្តែ លោក ជឹម សុជាតិ ជា​មេ​ភូមិ​ក្ដឹបថ្ម បដិសេធ​មិន​ទទួល​ស្គាល់ ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​នោះ​ពុំ​មែន​ជា​អ្នក​រស់នៅ​ក្នុង​ភូមិ​នោះ​ឡើយ៖ «គាត់​និយាយ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ក្ដឹបថ្ម នោះ មិន​មែន​ជា​កូន​ភូមិ​កូន​ស្រុក​របស់​គាត់​ទេ តែ​ប្រជាពលរដ្ឋ​បាន​ទៅ​តវ៉ា​ជាមួយ​គាត់ ចុះ​អត្តសញ្ញាណ​ប័ណ្ណ ប័ណ្ណ​អត្រានុកូលដ្ឋាន ដែល​ចេញ​ពី​មេ​ភូមិ​ទៅ មិន​ទទួល​ខុស​ត្រូវ ថា​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទេ? គាត់​ថា គាត់​អត់​មាន​ទទួល​ទេ គាត់​ចេះ​តែ​ធ្វើ​ទៅ​អត្តសញ្ញាណ​ប័ណ្ណ យើង​ត្រូវ​ការ​លុយ​ពី​អង្គការ ទទួល​យក​អី គាត់​ថា​អត់​ទទួល​យក​ទេ។ គាត់​និយាយ​ថា ធ្វើ​នៅ​តំណាង​សហគមន៍ ហើយ​តំណាង​សហគមន៍​គ្នា​មាន​សិទ្ធិ​ទៅ​ធ្វើ​ខ្ចី​លុយ​អង្គការ​បាន»។
ប្រជាពលរដ្ឋ ១៤៩​គ្រួសារ នៅ​ក្នុង​សហគមន៍​ក្ដឹបថ្ម នោះ អះអាង​ថា លោក​មេ​ភូមិ​បាន​បដិសេធ​មិន​ទទួល​ស្គាល់ ដោយសារ​តែ​មាន​ការ​អន់​ចិត្ត​ចំពោះ​អ្នក​ភូមិ​ដែល​រួបរួម​គ្នា​បង្កើត​ជា​សហគមន៍​ការពារ​ដីធ្លី។ កន្លង​ទៅ​នេះ លោក​មេ​ភូមិ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ូលិស​ថា ប្រជាពលរដ្ឋ​នោះ​ជា​អ្នក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​ក្ដឹបថ្ម។ ហើយ​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​អាច​ធ្វើ​ឯកសារ និង​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​បាន។
អ្នក​ភូមិ​ឈ្មោះ ច័ន្ទ វេច អាយុ ៥២​ឆ្នាំ បញ្ជាក់​ថា រូប​លោក និង​គ្រួសារ រស់នៅ​ភូមិ​ក្ដឹបថ្ម ឃុំ​គោករមៀត មុន​ពេល​លោក ជឹម សុជាតិ ឡើង​ធ្វើ​ជា​ភូមិ។ ប៉ុន្តែ​នៅ​ពេល​គ្រួសារ​លោក​ទៅ​សុំ​ធ្វើ​សៀវភៅ​គ្រួសារ លោក​មេ​ភូមិ​បដិសេធ​មិន​ព្រម​ធ្វើ​ឲ្យ ដោយ​និយាយ​ថា ជា​ប្រជាពលរដ្ឋ​នៅ​ដី​ថ្មី៖ «សមត្ថកិច្ច​គេ​ចុះ​ទៅ​ភូមិ​ឃុំ ពេល​ចុះ​ទៅ គេ​អត់​ធ្វើ​ឲ្យ គេ​មិន​ទទួល​ស្គាល់​ថា​ពួក​ខ្ញុំ​ជា​ពួក​ដី​ថ្មី គេ​មិន​ធ្វើ​ឲ្យ អត់​ច្រើន​ណាស់​អត់​សៀវភៅ​គ្រួសារ ចង់​ធ្វើ​ប្លង់​ដី​យក​លុយ​យក​កាក់​គេ ពេល​អង្គការ​ចុះ​មក​តែ​យើង​អត់ យ៉ាប់​ដែរ»។
អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ យឹម វិត អាយុ ៣៩​ឆ្នាំ ថ្លែង​ថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក ជឹម សុជាតិ ជា​មេ​ភូមិ​ក្ដឹបថ្ម បដិសេធ​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដូច្នេះ ដោយសារ​តែ​ករណី​ទំនាស់​ដីធ្លី។ ក្រុម​អ្នក​ភូមិ​បាន​អំពាវនាវ​សុំ​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត ជួយ​អន្តរាគមន៍ ព្រោះ​ថា​ការ​បដិសេធ​មិន​ទទួល​ស្គាល់​របស់​មេ​ភូមិ គឺ​ជា​រឿង​ចំឡែក។
វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក ជឹម សុជាតិ ជា​មេ​ភូមិ​ក្ដឹបថ្ម ដើម្បី​បំភ្លឺ​ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​នេះ​ទេ។
ប៉ុន្តែ លោក គង់ ពៅ ជា​មេ​ឃុំ​គោករមៀត បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ព័ត៌មាន​ជុំវិញ​បញ្ហា​របស់​អ្នក​ភូមិ​ក្ដឹបថ្ម នេះ​ហើយ។ លោក​ថា ក្នុង​រយៈពេល​កន្លង​មក ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ អ្នក​ខ្លះ​ពុំ​មាន​លិខិត​បញ្ជាក់​ការ​ផ្ទេរ​លំនៅឋាន។ តាម​គោលការណ៍​របស់​អាជ្ញាធរ​ភូមិ​ឃុំ ទាមទារ​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​ធ្វើ​លិខិត​ផ្ទេរ​កន្លែង​ស្នាក់នៅ ទើប​អាច​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បាន៖ «ខ្ញុំ​មិន​ទាន់​ថា​យ៉ាង​ម៉េច​ទេ ចាំ​មើល​ខ្ញុំ​សិក្សា​ផ្ទាល់​ជាមួយ​ថ្នាក់​ភូមិ ហើយ​ប៉ុស្តិ៍​រដ្ឋបាល ខ្ញុំ​ឲ្យ​គាត់​ចុះ​ឆែក​មើល​ឯកសារ ដើម្បី​ឲ្យ​ភូមិ​ហ្នឹង​ធ្វើ​ការ ឲ្យ​គាត់​បាន​ទទួល​ប្រាក់​កម្ចី​ពី​ធនាគារ​បាន​ស្រួល​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី ពាក់ព័ន្ធ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ បើ​កាល​ណា​ខ្ញុំ​ដឹង​មាន​អា​ហ្នឹង ហើយ​ភូមិ​មិន​ធ្វើ ខ្ញុំ​ធានា​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ»។
ចំណែក​ឯ លោក ប៊ុត ជ្រឹង ប្រធាន​សហគមន៍​ក្ដឹបថ្ម បញ្ជាក់​ថា ដី​នោះ​ពី​មុន​មក​គ្រប់គ្រង​ដោយ​ទាហាន​អភិវឌ្ឍន៍។ ក្រោយ​មក ទាហាន​បាន​ប្រគល់​ដី​នៅ​ភូមិ​ក្ដឹបថ្ម ទំហំ ៥៦០​ហិកតារ ឲ្យ​អ្នក​ភូមិ​កាន់​កាប់​បង្កបង្កើន​ផល ប៉ុន្តែ​ដី​នោះ​កើត​មាន​ទំនាស់​រហូត។ លុះ​ដល់​ឆ្នាំ​២០០៨ អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​សើរើ​ទំនាស់​ដី​ទំហំ ៥៦០​ហិកតារ ដែល​បាត់បង់​នោះ​ឡើង​វិញ ហើយ​បាន​រក​ឃើញ​ដី​នៅ​សល់​ទំហំ​ជាង ១១៤​ហិកតារ (១១៤,៥៨​ហិកតារ) ចែក​ជូន​ប្រជាពលរដ្ឋ ៨៣​គ្រួសារ។ ប៉ុន្តែ អ្នក​ភូមិ​បាន​យក​ដី​នោះ​ទៅ​បែង​ចែក​គ្នា​ឡើង​ទៅ​ដល់ ១២៩​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី ៤​រ៉ៃ។ ក្នុង​ចំណោម​ដី​ជាង ១១៤​ហិកតារ ដែល​អ្នក​ភូមិ​កំពុង​កាន់​កាប់​នោះ មាន​ដី ៨​ហិកតារ កំពុង​កើត​មាន​ទំនាស់​ជាមួយ​ក្រុម​ឈ្មួញ និង​ដី​មួយ​ចំនួន​ទៀត​កំពុង​មាន​ទំនាស់​ជាមួយ​អ្នក​ភូមិ​ដូច​គ្នា។
លោក​បន្ត​ថា រឿង​រ៉ាវ​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​មេ​ភូមិ​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​ភូមិ​ដែល​បាន​រស់នៅ​យូរ​ឆ្នាំ មុន​ពេល​ដែល​លោក​មេ​ភូមិ ជឹម សុជាតិ ឡើង​កាន់​តំណែង​មក​ម៉េ្លះ៖ «គ្រាន់​តែ​មនុស្ស​នៅ​ក្នុង​សហគមន៍​យើង​មិន​មែន​កូន​ចៅ​គាត់​ទេ ហើយ​ប្រជាពលរដ្ឋ​បាន​សួរ​ទៀត​ថា ហេតុ​អី​បាន​ជា​មិន​មែន​ជា​កូន​ចៅ ព្រោះ​សហគមន៍​ច្រើន​ប្រជុំ​ណែនាំ​ប្រាប់​ថា យើង​ជា​សហគមន៍​ក្ដឹបថ្ម ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ភូមិ អ៊ីចឹង​មេ​ភូមិ​ជា​ម៉ែឪ​របស់​យើង»។
ការ​បដិសេធ​មិន​ទទួល​ស្គាល់​របស់​មេ​ភូមិ បាន​ធ្វើ​ឲ្យ​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ជា​រឿង​បែង​ចែក​បក្ខពួក​របស់​អាជ្ញាធរ​ភូមិ។ លោក​បន្ត​ថា ក្នុង​នាម​ជា​ភ្នាក់ងារ​របស់​រដ្ឋ ពួក​គេ​មាន​កាតព្វកិច្ច​មើល​ការ​ខុស​ត្រូវ​ប្រជាពលរដ្ឋ ជា​ពិសេស គឺ​លោក​មេ​ភូមិ​ដែល​ជា​អ្នក​នៅ​ជិត​ដិត​ជាមួយ​ប្រជាពលរដ្ឋ​តែ​ម្ដង៖ «យើង​ឃើញ​ឯកសារ​ប្រជាពលរដ្ឋ​ខ្លះ​រស់នៅ​ដល់​ជិត ២០​ឆ្នាំ ហើយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ​ផង ហើយ​គាត់​ចាត់​ទុក​ថា អ្នក​នោះ​ឲ្យ​តែ​នៅ​ក្នុង​សហគមន៍​អី អ្នក​តវ៉ា​រឿង​ដីធ្លី គឺ​គេ​អត់​ធ្វើ​ឲ្យ ហើយ​ខាង​មន្ត្រី​មាន​សមត្ថកិច្ច​អះអាង​ថា រឿង​ទាំងអស់​ហ្នឹង​មេ​ភូមិ​ជា​អ្នក​ត្រូវ​ផ្ដល់​លេខ​ទិន្នន័យ​ឲ្យ​ពួក​គាត់ បើ​មេ​ភូមិ​ថា​អ្នក​នោះ​ឯង​មក​រស់នៅ​ថ្មី អត់​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ គឺ​គាត់​គេ​អត់​ធ្វើ​ឲ្យ»។
ការ​សិក្សា​បង្ហាញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​លិខិត​គ្រប់គ្រាន់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​រស់នៅ​ក្នុង​ភូមិ​នោះ​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩ មក​ម៉េ្លះ។ សមាគម​អាដហុក ចាត់​ទុក​ថា ករណី​នេះ​ជា​ការ​រើសអើង ហើយ​ល្បិច​ពន្យារ​ពេល​របស់​អាជ្ញាធរ​ភូមិ ដើម្បី​ធ្វើ​ឲ្យ​ខាត​បង់​ផល​ប្រយោជន៍​របស់​អ្នក​ភូមិ។ ទន្ទឹម​គ្នា​នេះ សមាគម​អាដហុក ជំរុញ​ឲ្យ​អាជ្ញាធរ​ភូមិ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដែល​រដ្ឋ​បាន​ប្រគល់​ឲ្យ ហើយ​បើ​ពុំ​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​ទាំង​នោះ​នឹង​រង​ផល​ប៉ះពាល់​ជា​ច្រើន ដោយសារ​ពុំ​មាន​សៀវភៅ​គ្រួសារ អត់​សំបុត្រ​កំណើត និង​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត។
ការ​រើសអើង​នេះ កើត​មាន​ឡើង​ដោយសារ​តែ​ទំនាស់​ដីធ្លី។ ដើម្បី​រួម​គ្នា​ការពារ​ដី​របស់​ខ្លួន​ដែល​រង​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុម​ទាហាន និង​ក្រុម​ឈ្មួញ​នោះ ក្រុម​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ចង​ក្រង​ជា​សហគមន៍​ឡើង។ ប្រជាពលរដ្ឋ ១៤៩​គ្រួសារ នៅ​ពេល​មាន​បញ្ហា​កើត​ឡើង តែង​តែ​នាំ​គ្នា​ពិគ្រោះ​ជាមួយ​សហគមន៍ មិន​សូវ​បាន​ពិគ្រោះ​ជាមួយ​លោក​មេ​ភូមិ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត លោក ជឹម សុជាតិ ដែល​ជា​មេ​ភូមិ​នោះ មាន​អតីត​ជា​មន្ត្រី​យោធា​ដែល​ធ្លាប់​មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​ភូមិ​ថែម​ទៀត៕

No comments:

Post a Comment

yes