
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា ការរិៈគន់ពីអន្តរជាតិច្រើន ហើយការមិនអើពើ
របស់រដ្ឋាភិបាលក្នុងការកែទម្រង់នោះ នឹងនាំឲ្យមានការប៉ះពាល់ដល់វិនិយោគទុន
វ៉ាស៊ីនតោន៖
ប៉ុន្មានថ្ងៃក្រោយពីក្រសួងការបរទេសស.រ.អា.បានដាក់ប្រទេសកម្ពុជាស្ថិតក្នុងប្រទេសដែលមានបញ្ហារំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ
ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិនិងអន្តរជាតិមួយចំនួនបានព្រមានថា
ការមិនព្រមកែទម្រង់បញ្ហារំលោភសិទ្ធិមនុស្សនឹងប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សពិភពលោក
ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន
ក្រសួងការបរទេសស.រ.អា.បាននិយាយថា
បញ្ហារំលោភសិទ្ធិមនុស្សកើតចេញពីប្រព័ន្ធតុលាការដែលស្ថិតនៅក្រោមសម្ពាធនយោបាយ
អំពើពុករលួយ ការសម្លាប់ក្រៅច្បាប់ ការរិតត្បិតសេរីភាពបញ្ចេញមតិ
ការរិតត្បិតសិទ្ធិជួបប្រជុំតវ៉ា ការរិតត្បិតមន្ត្រីសង្គមស៊ីវិល
ការចាប់ខ្លួនដោយខុសច្បាប់ ការជម្រិតយកចម្លើយក្នុងបន្ទប់ឃុំឃាំង
ការមិនដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តខុសឬ និទណ្ឌភាពជាដើម។
«ប្រព័ន្ធយុត្តិធម៌ ដែលទន់ខ្សោយ
ហើយដែលពេលខ្លះខកខានមិនកាត់ទោសដោយយុត្តិធម៌ ត្រឹមត្រូវ
ឬតាមច្បាប់នីតិវិធីនោះ បានបន្តធ្វើឲ្យកើតមានបញ្ហាដល់សិទ្ធិមនុស្ស»។
របាយការណ៍នោះបាននិយាយថា
គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាច និងកាន់កាប់ស្ថាប័នទាំងបីគឺនីតិបញត្តិ
នីតិប្រតិបត្តិ តុលាការ និងស្ថាប័នជាតិដទៃទៀត
ដែលអំណាចភាគច្រើនប្រមូលផ្តុំនៅលើដៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ប្រព័ន្ធតុលាការស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងពុករលួយ
ដោយសារតែខ្វះធនធានហិរញ្ញវត្ថុ និងធនធានមនុស្សបន្ថែមលើការសម្លាប់ក្រៅច្បាប់
ការរំលោភបំពានដីធ្លី ការចាប់ខ្លួនដោយសេរី និងខុសច្បាប់
ការរិតត្បិតសេរីភាពបញ្ចេញមតិ
ការរិតត្បិតសិទ្ធិប្រមូលផ្តុំដោយការដាក់ទោសព្រហ្មទណ្ឌរឿងផ្តល់ព័ត៌មានមិនពិត
និងបរិហារកេរ្តិ៍ និងបទញុះញង់ជាដើម។
ក្រៅពីនេះមានការជម្រិតយកចម្លើយដោយមន្ត្រីសន្តិសុខក្នុងបន្ទប់ឃុំឃាំង
ការរំលោភ និងជួញដូរស្ត្រី និងកុមារ បញ្ហាខ្វះការអប់រំ
ការកើតមានអំពើហិង្សាក្នុងគ្រួសារនិងបញ្ហានិទណ្ឌភាពជាដើម។
របាយការណ៍ដដែលបានលើកយកករណីសម្លាប់អ្នកការពារបរិស្ថានម្នាក់គឺលោកឈុត
វុទ្ធី ការសម្លាប់កុមារីនៅខេត្តក្រចេះពេលមានការតវ៉ារឿងដីធ្លី
ការបាញ់កម្មករបីនាក់នៅស្រុកបាវិត
ខេត្តស្វាយរៀងដែលគេសង្ស័យថាប្រព្រឹត្តដោយលោកឈូក បណ្ឌិត
អភិបាលស្រុកជាដើម។
លោកអ៊ូ វីរៈ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកថា របាយ
ការណ៍សិទ្ធិមនុស្សរបស់ស.រ.អា.ជារឿងសំខាន់បំផុតមួយដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។
លោកថ្លែងថា ការកែប្រែ
ឬមិនកែប្រែគឺអាស្រ័យទៅលើឆន្ទៈរបស់រដ្ឋាភិបាលផងនិងឆន្ទៈរបស់ប្រជាពលរដ្ឋផង។
«តែបើរដ្ឋាភិបាលអត់ចង់ធ្វើទេ
អាហ្នឹងសេ្រចទៅលើប្រជាពលរដ្ឋក្នុងការបង្ហាញនូវឆន្ទៈប្រាប់ទៅអ្នកនយោបាយថា
ខ្លួនចង់បានប្រព័ន្ធយុត្តិធម៌មួយដែលត្រឹមត្រូវ
ដែលជួយការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដូចជាដីធ្លី ហើយចង់បានអំពើយុត្តិធម៌នៅក្នុងសង្គមរបស់យើង
ជាទូទៅ។ អាហ្នឹងជារឿងដែលសំខាន់បំផុត»។
លោកអ៊ូ វីរៈដែលអះអាងថា អ្វីដែលអង្គការលោកលើកឡើងក្តី
អង្គការផ្សេងទៀតលើកឡើងក្តីនិងស.រ.អា.លើកឡើងក្តីគឺមិនមែនជាការស្តីបន្ទោសដល់រដ្ឋាភិបាលទេ
តែជាការចង់ឃើញកំណែទម្រង់បញ្ហារំលោភសិទ្ធិមនុស្សដែលរដ្ឋាភិបាលអាចធ្វើបាន
ហើយមានមិត្តជាច្រើនរង់ចាំជួយ។
លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការលីកាដូ
បានអះអាងថា
របាយការណ៍នេះបានឆ្លុះបញ្ចាំងការណ៍ពិតមួយចំនួនស្តីពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា
ជាពិសេសបញ្ហាតុលាការ ដែលស្ថិតនៅក្រោមឥទ្ធិពលមន្ត្រីមានអំណាច។
«អញ្ចឹងហើយរបាយការណ៍ទាំងអស់នេះយើងគិតថា
រាជរដ្ឋាភិបាលគួរតែ ពិចារណា
ហើយរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងឡើងវិញដើម្បីកុំឲ្យមានការរិះគន់
ឬការចោទប្រកាន់ពីសំណាក់មតិអន្តរជាតិ ជាបន្តទៅទៀត»។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា
ការរិៈគន់ពីអន្តរជាតិច្រើន
ហើយការមិនអើពើរបស់រដ្ឋាភិបាលក្នុងការកែទម្រង់នោះ
នឹងនាំឲ្យមានការប៉ះពាល់ដល់វិនិយោគទុន ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ
ប៉ះពាល់ដល់ជំនួយ ដូចជាការប្រកាសបង្កកជំនួយកន្លងទៅដោយធនាគារពិភពលោក
ហើយនឹងធ្វើឲ្យមានការដាក់ចំណាត់ថ្នាក់ទាបសម្រាប់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
របាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសស.រ.អា.បានបញ្ជាក់ទៀតថា
គណបក្សប្រជាជនគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទាំងអស់
ហើយគ្មានបំណងឲ្យគណបក្សជំទាស់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបន្តនិយាយបង្ខូចកេរ្តិ៍ឈ្មោះលោកសម
រង្ស៉ីជាសាធារណៈ។ អង្គការជាតិ អន្តរជាតិប្រឈមមុខនឹងការគម្រាមកំហែងនិងចំណាត់ការផ្លូវច្បាប់
ហើយនឹងការរំខានដោយការិយាធិបតេយ្យ ដែលជាការរារាំងដល់ការជួបប្រជុំ។
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន
អ្នកនាំពាក្យមួយរូបនៃទីស្តីការ គណៈរដ្ឋមន្ត្រី បានអះអាងថា
របាយការណ៍សិទ្ធិមនុស្សរបស់ស.រ.អា.នេះឆ្លុះបញ្ចាំងពីអតីតកាលជាជាងអ្វីដែលរដ្ឋាភិបាលបានធ្វើឲ្យរីកចម្រើន។
«របាយការណ៍ហ្នឹងគ្រាន់តែជាការលើកឡើងនៃការចាប់អារម្មណ៍
នៃការយកចិត្តទុកដាក់របស់ស.រ.អា.ដែលជាដៃគូអភិវឌ្ឍជាមួយនឹងកម្ពុជា។
នេះជាចំណុចដែលយើងឃើញ។
ប៉ុន្តែរបាយការណ៍ទាំងអស់ហ្នឹងគ្រាន់តែបង្ហាញពីការដែលគេមើលឃើញទេ។
គេមិនបានបង្ហាញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពីមួយខែទៅមួយខែ
ពីមួយឆ្នាំទៅមួយឆ្នាំដែលធ្វើឲ្យមានការផ្លាស់ប្តូរនៃអ្វីដែលគេបានឃើញទេ។
ដូច្នេះអ្វីដែលជាការផ្លាស់ប្តូរ
របាយការណ៍ហ្នឹងតាមអត់ទាន់សភាពការណ៍ទេ។
ដូច្នេះអ្វីដែលគេដាក់ក្នុងរបាយការណ៍ហ្នឹងជាអ្វីដែលកន្លងមកហើយ»។
លោកអះអាងថា កម្ពុជាមានការប្រឹងប្រែងច្រើន
ដូចជាការចាប់ខ្លួនមន្ត្រីតុលាការដាក់គុក និងការកែទម្រង់ផ្នែកប្រព័ន្ធតុលាការដទៃទៀតដែលគេមិនបានដឹង។
ដោយឡែកលោកផៃ ស៊ីផានបានបញ្ជាក់ថា
វប្បធម៌នៃការគោរពសិទ្ធិមនុស្សត្រូវការពេលវេលា
ត្រូវការការយល់ដឹងច្បាប់ ត្រូវការការអនុវត្តន៍ច្បាប់
និងការចូលរួមប្រតិបត្តិច្បាប់។
ក៏ប៉ុន្តែចំពោះលោកប្រេដ៍ អាដាំ (Brad Adams) នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី
បានអះអាងថា
រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈស៊ើបអង្កេតរកយុត្តិធម៌តាមរបាយការណ៍របស់អង្គការស្ថាប័ននានាដែលបានចងក្រងដោយមានព័ត៌មានច្បាស់លាស់ជាមុនសិន
មុនពេលបដិសេធ។ ការស៊ើបអង្កេត
និងការទាមទារឲ្យត្រួតពិនិត្យរបាយការណ៍នានាគឺដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿចិត្ត។
«ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទសកម្ពុជានៅតែទន់ខ្សោយយ៉ាងខ្លាំងនៅឡើយ។
មានបញ្ហាសំខាន់ជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធតុលាការដែលរងឥទ្ធិពលនយោបាយយ៉ាងខ្លាំងក្លា។
នៅពេលរដ្ឋាភិបាល ជាពិសេស នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនចង់ចាប់នរណាម្នាក់ អាជ្ញាធរត្រូវតែធ្វើតាម
ហើយបើសិនជាគេចង់ដាក់ទោសនរណាម្នាក់ ដូចជាលោកម៉ម សូណង់ដូ ឬពលរដ្ឋដែលពាក់ព័ន្ធការតវ៉ានៅបឹងកក់
តុលាការធ្វើបានយ៉ាងងាយតាមអ្វីដែលអ្នកនយោបាយប្រាប់ឲ្យធ្វើ»។
លោកបានរិៈគន់របាយការណ៍ក្រសួងការបរទេសស.រ.អា.ត្រង់ចំណុចមួយចំនួន
ដែលលោកចាត់ទុកថា ជារឿងមិនគ្រប់គ្រាន់។
«របាយការណ៍ក្រសួងការបរទេសល្អហើយ
តែហាក់ដូចជាមិនយោគយល់ដល់រដ្ឋាភិបាលកម្ពុជាលើបញ្ហាមួយចំនួន។
របាយការណ៍នេះបាននិយាយថា ការបោះឆ្នោតឆ្នាំ២០០៨មិនល្អ
មិនតាមបទដ្ឋានអន្តរជាតិ តែមានលក្ខណៈប្រសើរជាងឆ្នាំមុន។
ការណ៍ពិតមន្ត្រីសហភាពអឺរ៉ុប ដែលខ្ញុំបានជួប និយាយថា
ការបោះឆ្នោតឆ្នាំមុនជាការបោះឆ្នោតដ៏អាក្រក់។
ដូច្នេះហើយបានជាក្នុងការបោះឆ្នោតឆ្នាំ២១០៣
សហភាពអឺរ៉ុបមិនបញ្ជូនប្រតិភូសង្កេតការណ៍បោះឆ្នោតមកកម្ពុជា»។
លោកបានបន្ថែមថា
ក្រសួងការបរទេសធ្វើសេចក្តីសន្និដ្ឋានលឿនពេកដែលថា ឃាដកម្មលើលោកឈុត
វុទ្ធីមិនមែនជាឧក្រិដ្ឋកម្មគិតទុកជាមុនហើយមិនពាក់ពន្ធនឹងរឿងនយោបាយ
នៅពេលសំណុំរឿងនេះស្ថិតនៅក្រោមការសង្ស័យនៅឡើយ
ហើយគួរស.រ.អា.ប្រើភាសាខ្លាំងជាងរបាយការណ៍លើកនេះទាក់ទងនឹងការចេញសាលក្រមតុលាការដែលចៅក្រមសម្រេចមុនការកាត់ទោសនោះ។
ដោយឡែកក្រសួងការបរទេសស.រ.អា.គួរទាមទារឲ្យមានការដោះលែងលោកប៊ន សំណាង
លោកសុខ សំអឿន ឃាដករសប្បនិម្មិត និងឲ្យរដ្ឋាភិបាលស្វែងរកឃាដករពិត
ដែលបានបាញ់សម្លាប់លោកជា វិជ្ជា
មេដឹកនាំសហជីពដ៏ល្បីល្បាញកាលពីឆ្នាំ២០០៤។ ស.រ.អា.មិនគួរផ្លាស់ប្តូរជំហរទេ។
លោកប្រេដ៍
អាដាំបានអះអាងថា កម្ពុជាអាចកែប្រែស្ថានភាពសិទ្ធិមនុស្សបាន
ក្នុងរយៈពេលតែមួយយប់ទេ គឺចាប់ផ្តើមពីការធានាឯករាជ្យភាពរបស់តុលាការ
មន្ត្រីតុលាការមិនត្រូវជាសាមាជិកគណបក្សនយោបាយហើយផ្តល់ប្រាក់ខែដល់មន្ត្រីតុលាការឲ្យបានសមរម្យដើម្បីឲ្យរួចពីការហ៊ុំព័ទ្ធដោយអំពើពុករលួយ។
រដ្ឋាភិបាលត្រូវបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច
ហើយការផ្តល់ដីសម្បទានណាមួយត្រូវតែមានការចូលរួមត្រួតពិនិត្យដោយគណៈកម្មាការឯករាជ្យដែលមានសិទ្ធិអំណាចបដិសេធកុងត្រាបាន។
នេះប្រសិនបើជាដីប្រជាពលរដ្ឋរស់នៅទីនោះ។
ជាចុងក្រោយគឺដាក់ទោសដល់អ្នកប្រព្រឹត្តល្មើស
និងបញ្ឈប់ការការពារដល់ជនណាដែលប្រព្រឹត្តបទឧក្រិដ្ឋ
ឬត្រូវកាត់ទោសឲ្យមានយុត្តិធម៌ដើម្បីឲ្យពលរដ្ឋមានជំនឿថាអ្នកមានអំណាចមិនការពារអ្នកប្រព្រឹត្តបទឧក្រិដ្ឋ៕
No comments:
Post a Comment
yes