សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 25, 2013

អ្នក​ភូមិ​តវ៉ា​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី​រឿង​អាជ្ញាធរ​រឹប​អូស​យក​ដី

130524_07
អ្នក​ភូមិ​អង្គុយ​រង់​ចាំ​ដំណោះ​ស្រាយ​ នៅ​ក្រោម​ដើម​ពោធិ៍មុខ​វត្ត​បទុមវតី
ពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់​តំណាង​ឲ្យ ១៣៧ គ្រួសារ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បន្ទាប់​ពី​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ជាង ៥០០ ហិកតា ត្រូវ​បាន​អាជ្ញាធរ ដក​ហូត​យក​ទៅ​ឲ្យ​អ្នក​ចំណូល​ថ្មី។
ប្រជា​ពលរដ្ឋ​ទាំង​នេះ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វត្ត​បទុមវតី ជិត​ភូមិ​គ្រិះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ហើយ​ក្រុម​ការងារ​របស់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ចុះ​មក​ទទួល​យក​ញត្តិ​របស់​ពួក​គាត់​ដើម្បី​ដាក់​ជូន​ថ្នាក់​លើ​ពិនិត្យ​រក​ដំណោះស្រាយ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​នាំ​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​មុខ​វត្ត​បទុមវតី​ម្តង​ទៀត​តែ​មិន​មាន​វត្តមាន​មន្ត្រី​ណា​ម្នាក់​មក​ជួប​ជាមួយ​ពួក​គាត់​ទៀត​ឡើយ។
លោក​អ៊ុល យ៉ាន់ អាយុ ៥១​ឆ្នាំ​បាន​ថ្លែង​ថា អាជ្ញាធរ​ឃុំ និង​ស្រុក បាន​ឃុប​ឃិត​គ្នា​រំលោភ​យក​ដី​ស្រែ​ដី​ចម្ការ​របស់​ពួក​គាត់​ចំនួន ៥២៧ ហិកតា​ស្ថិត​នៅ​ក្នុង​ឃុំ​បឹងប្រាំ ឃុំ​អម្ពិល​៥ដើម ស្រុក​បវេល និង​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ហើយ​វាស់​វែង​ដី​ទាំង​នោះ​ចែក​ឲ្យ​ពលរដ្ឋ​ចំណូល​ថ្មី​នៅ​ក្នុង​ឆ្នាំ ២០១៣​នេះ​។ លោក​អ៊ុល យ៉ាន់​បញ្ជាក់​ថា៖«យើង​ខ្ញុំ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ធ្វើ​សមាហរណកម្ម​ពី​ការ​គ្រប់​គ្រង​របស់​ខ្មែរ​ក្រហម ចូល​មក​ក្នុង​រដ្ឋាភិបាល ហើយ​បាន​ចូល​កាន់​កាប់​ដី​ទាំង​នោះ​ចាប់​ពី​ឆ្នាំ ១៩៩៨ មក។ ប៉ុន្តែ​មេឃុំ​បាន​ដក​ហូត​និង​ឲ្យ​ក្រុម​និស្សិត​វាស់​វែង​ដី​នេះ​ឲ្យ​អ្នក​ចំណូល​ថ្មី​ទៅ​វិញ»។

អ្នក​ភូមិ​ទាំង​នេះ ក៏​បាន​បង្ហាញ​ខ្សែ​វីដេអូ​ឃ្លីប​ដែល​ថត​ពី​សកម្មភាព​ដែល​ពួក​គាត់​ជា​ម្ចាស់​ដី​ឈ្លោះ​ប្រកែក​គ្នា និង​ប្រឆាំង​ជំទាស់​ទៅ​ការ​វាស់​វែង​ដី​ពួក​គាត់​ពី​សំណាក់​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​និង​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ឃុំ​ឡើង​ទៅ​ហើយ​ក៏​កំពុង​បិទ​ប្រកាស​ក្បាល​ដី​ទាំង​នោះ​ផង​ដែរ។
លោក​វ៉ន ធួក មេភូមិ​បឹង​ពពូល​ដែល​ត្រូវ​បាត់​ដី​ផង​ដែរ​នោះ​បាន​ថ្លែង​ថា៖«ពលរដ្ឋ​នាំ​គ្នា​តវ៉ា​តែ​ប៉ូលិស​ចោទ​ខ្ញុំ​ថា ជា​អ្នក​ដឹក​នាំ ហើយ​បាន​ហៅ​ខ្ញុំ​ឲ្យ​ផ្តិត​មេ​ដៃ​ឈប់​ដឹក​នាំ​ពលរដ្ឋ​តវ៉ា​ទៀត​។ បើ​មិន​អ៊ីចឹង​ទេ​គេ​នឹង​ចាប់​ដាក់​គុក​មិន​ខាន»។ ប្រជា​ពលរដ្ឋ​ទាំង​នេះ​មាន​ដី​ចាប់​ពី​១​ហិកតា​រហូត​ដល់​៥​ហិកតា​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ​ពេល​នេះ​អស់​ដី​មិន​ដឹង​សង្ឃឹម​អ្វី​ទៀត​នោះ​ទេ។
លោក អ៊ុល យ៉ាន់ បាន​ថ្លែង​ដូច្នេះ​ថា៖«រដូវ​ដាំ​ដុះ​បាន​ចូល​មក​ដល់​ហើយ​តែ​យើង​គ្មាន​ដី​ធ្វើ​ស្រែ​ទេ​។ បើ​មួយ​អាទិត្យ​ទៀត​នៅ​តែ​គ្មាន​ដំណោះស្រាយ​ពួក​យើង​មាន​តែ​ចូល​ទៅ​ធ្វើ​ស្រែ​លើ​ដី​ចាស់​នោះ​តែ​ម្តង​។ បើ​មាន​អំពើ​ហិង្សា​ដាក់​គ្នា​ក៏​មាន​ទៅ។ សុខ​ចិត្ត​ស្លាប់​រស់​លើ​ដី​ហើយ»។
ប៉ុន្តែ លោក ឈា នី មេ​ឃុំ​បឹង​ប្រាំ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពលរដ្ឋ​ទាំង​នេះ។ លោក​បាន​ថ្លែង​ថា៖«ពួក​គាត់​ខ្លះ​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ ហើយ​បាន​កាប់​រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុស​ច្បាប់»។ លោក​មេ​ឃុំ​បាន​បន្ថែម​ថា​កាល​ពី​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ចំនួន ៣៦៣៨ ហិកតា។ ដី​សម្បទាន​នេះ ជាន់​លើ​ដី ប្រជា​ពលរដ្ឋ​ដែល​បាន​កាន់​កាប់​ខុស​ច្បាប់​ទាំង​នោះ​។ លោក​បន្ត​ថា ដី​សម្បទាន​សង្គម​កិច្ច​ទំហំ ៣៦៣៨ ហិកតា​នេះ ត្រូវ​បាន​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​គ្រួសារ​កង​ទ័ព ដោយ​មាន​ទាំង​ធ្វើ​សាលា​រៀន​ផ្លូវ​ថ្នល់​និង​មន្ទីរពេទ្យ​ជា​ដើម អស់​សរុប ២៩៨០ ហិកតា។ សល់​ប៉ុន្មាន​បាន​វាស់​វែង​បែង​ចែក​ឲ្យ​ពលរដ្ឋ​អ្នក​តវ៉ា​ទាំង​នោះ​បាន​ខ្លះ​ប៉ុន្តែ​ពួក​គាត់​មិន​ពេញ​ចិត្ត ព្រោះ​ចង់​បាន​ច្រើន​ដែល​អាជ្ញាធរ​មិន​មាន​ដី​ចែក​ឲ្យ​ទៀត​ទេ៕

No comments:

Post a Comment

yes