
អ្នកស្រី យ៉ោម បុប្ផា និយាយទៅកាន់អ្នកកាសែត ក្នុងពេលនាំឡើងតុលាការ
បណ្ដាញអង្គការក្រៅរដ្ឋាភិបាល អន្តរជាតិមកពី៤០ប្រទេស បានធ្វើញត្តិគាំទ្រ និងអំពាវនាវសុំឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីក្នុងតំបន់បឹងកក់ដោយគ្មានលក្ខខណ្ឌ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការប្រគល់ញត្តិគាំទ្រពីបណ្ដាញអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលបានទាមទារឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា» កញ្ញា ឡុង គឹមហ៊ាង មន្ត្រីជាន់ខ្ពស់នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន(HRTF) បានថ្លែងថាបណ្ដាញអង្គការក្រៅរដ្ឋាភិបាល នៃបណ្ដាប្រទេសចំនួន៤០ ក្នុងពិភពលោក រួមមាន ចិន កូរ៉េ ថៃ ឥណ្ដូនេស៊ី ភូមា បែលហ្ស៊ិក បារាំង ដាណឺម៉ាក ហូឡង់ ក្រិក អ៊ីតាលី រុស្ស៊ី អង់គ្លេស អេស្ប៉ាញ...ជាដើមផងរួមទាំងសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាជាច្រើនទៀត បានធ្វើញត្តិជាច្រើនសន្លឹក ដែលមានខ្លឹមសារដូចៗគ្នាថា «សូមដោះលែង យ៉ោម បុប្ផា!» ។
កញ្ញាថ្លែងថា ញត្តិសុំឲ្យមានការដោះលែង អ្នកស្រី យ៉ោម បុប្ផា នេះ គឺជាសារដែលបង្ហាញថា «ពិភពលោកបាននិងកំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទៅលើការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា...ពលរដ្ឋខ្មែរពេលនេះមិនឯកោនោះទេ»។
លោក សួន ប៊ុនស័ក្តិ ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមសិទ្ធិមនុស្សកម្ពុជា (CHRAC) ក៏ប្រកាសប្រគល់ញត្តិទាំងនោះជូនទៅប្រជាសហគមន៍ស្ត្រីបឹងកក់ផងដែរ។
អ្នកស្រី ទេព វន្នី តំណាងប្រជាសហគមន៍បឹងកក់ បានថ្លែងថា ពួកគេនឹងយកញត្តិទាំងនោះទៅដាក់សុំកិច្ចអន្តរាគមន៍ដោះលែង អ្នកស្រី យ៉ោម បុប្ផា ពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងរដ្ឋសភាបន្តទៀត ឲ្យបានមុនថ្ងៃទី៥ ខែមិថុនា ជាថ្ងៃសាលាឧទ្ធរណ៍ បើកជំនុំជម្រះទោសគាត់។
អ្នកស្រីបញ្ជាក់ថា៖«ការជ្រើសរើសដាក់ញត្តិទៅស្ថាប័នកំពូលជាតិទាំងបី ក៏ព្រោះតែស្ថាប័នទាំងនេះមានតួនាទីការពារគាំទ្រ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា»។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសភ្លាមៗ កាលពីចុងខែកញ្ញា ឆ្នាំ២០១២ ហើយនៅដើមខែធ្នូសាលាដំបូងរាជធានីបានសម្រេចផ្ដន្ទាទោសគាត់ដាក់ពន្ធនាគារបីឆ្នាំ ពីបទចោទប្រើហិង្សាដោយចេតនា លើបុរសជាអ្នករត់ម៉ូតូឌុបពីរនាក់ធ្វើឲ្យរងរបួសជាទម្ងន់។ ក៏ប៉ុន្តែ អង្គការសង្គមស៊ីវិល ដែលតាមឃ្លាំមើលករណីនេះ ថាការសម្រេចនោះមានភាពមិនប្រក្រតី ដោយសារចម្លើយជនរងគ្រោះនិងសាក្សីដាក់បន្ទុកបញ្ជាក់ថា ក្នុងថ្ងៃកើតហេតុ [ថ្ងៃទី៧ ខែសីហា២០១២] អ្នកស្រី យ៉ោម បុប្ផា មិនបានចូលរួមនៅក្នុងការវាយប្រហារនោះទេ។
រីឯអង្គការលើកលែងទោសអន្តរជាតិ Amnesty International ក៏បានចេញសេចក្តីថ្លែងការណ៍ចាត់ទុកអ្នកស្រីយ៉ោម បុប្ផាជា «អ្នកទោសមនសិការ»។
ប្ដីអ្នកស្រី លោក លួស សាខន ប្រាប់ថា តាំងពីការចាប់ខ្លួនរហូតកាត់ទោសប្រពន្ធគាត់គឺធ្វើឡើងខុសពីនីតិវិធីច្បាប់។ លោកថា មុនចាប់ខ្លួនលោកនិងភរិយាត្រូវសមត្ថកិច្ចនគរបាលកោះហៅសួរដោយគ្មានហេតុផលមួយថ្ងៃៗ៤ទៅ៥ដង រហូតថ្ងៃចាប់ខ្លួនមានទូរស័ព្ទហៅទៅពីរឿងផ្សេង ទេ រួចក៏ត្រូវពួកគេចាប់ដាក់ឡានបញ្ជូនទៅប៉ុស្តិ៍ដោយគ្មានដីកានាំខ្លួនឬចាប់ខ្លួនពីតុលាការ ហើយថា ពួកគេធ្វើការប្រញាប់ប្រញាល់និងពង្វាងគាត់ពីប្រពន្ធមិនឲ្យជួបគ្នា និងបាត់កូនចៅទៀតផង។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះអ្នកស្រី យ៉ោម បុប្ផា ត្រូវឃុំខ្លួនចំនួន២៦១ថ្ងៃហើយ៕
No comments:
Post a Comment
yes