សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 2, 2013

ក្រុមហ៊ុន​វិនិយោគ​កោះ​ពេជ្រ​វិនិយោគ​លើ​សាលា

ក្រុមហ៊ុន OCIC ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​បាន​វិនិយោគ​ជិត​៥​លាន​ដុល្លារ​លើ​ការ​សាង​សង់​សាលា​ចំណេះ​ទូទៅ​មួយ​ឈ្មោះ​ថា សាលា​អន្តរជាតិ​កាណាដា​ភ្នំពេញ (CISP)។
ក្រុមហ៊ុន​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពីថ្ងៃ​អង្គារ ដែល​មាន​ទី​តាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ។
ក្នុង​គោល​បំណង​ផ្តល់​ជូន​សេវា​អប់រំ​កម្រិត​ស្តង់ដារ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ដែល​មាន​ជីវភាព​ធូរធារ​និង​សិស្ស​បរទេស​ដែល​កំពុង​រស់​នៅ​ក្នង​ទី​ក្រុង​ភ្នំពេញ សាលា​អន្តរជាតិ CISP នេះ ត្រូវ​បាន​វិនិយោគ​និង គ្រប់​គ្រង​ដោយ លោក​ស្រី ពុង ការ៉ូលីន កូន​ស្រី​របស់ លោក ពុង ឃាវសែ ដែល​ជា​ពាណិជ្ឋករ​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា​។
លោក​ស្រី ដូណា ត្រា​ហ្វដ អគ្គ​នាយិកា សាលា​អន្តរជាតិ CISP ឲ្យ​ដឹង​ថា ការ​វិនិយោគ​សាលា​លំដាប់​អន្តរជាតិ​មួយ​នេះ​នៅ​កម្ពុជា គឺ​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​សម្រាប់​សិស្ស​ចាប់​ពី​អាយុ​១៨ ខែ ដល់​១៨ ឆ្នាំ ពោល​គឺ​ចាប់​ពី​មត្តេយ្យ​សិក្សា​ដល់​ថ្នាក់​ទី១២។ លោក​ស្រី​បន្ត​ថា​៖ «​យើង​មាន​គោល​បំណង​ដើម្បី​ផ្តល់​ប្រព័ន្ធ​អប់រំ​កម្រិត​ស្តង់ដារ​ដល់​សិស្សា​នុ​សិស្ស​ជាតិ​និង អន្តរជាតិ ដែល​មាន​ជាតិ​សាសន៍​ផ្សេងៗ​គ្នា។ យើង​ចង់​បណ្តុះ​គំនិត​ក្មេង​ឲ្យ​ស្រឡាញ់​ការ​សិក្សា​មាន​សមត្ថភាព​ឯករាជ្យ និង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បន្ត​ក្តី​សុបិន​និង​គោល​ដៅ​របស់​ពួក​គេ»។
អគារ​សាលា​នេះ​ត្រូវ​បាន​សាង​សង់​លើ​ផ្ទៃ​ដី​សរុប​ជាង​៣​ហិកតា​។ នេះ​បើ​តាម​លោក ទូច សំណាង អគ្គ​នាយក​រង ក្រុមហ៊ុន OCIC។
លោក​ឲ្យ​ដឹង​ថា​អគារ​សិក្សា​នេះ​មាន​កម្ពស់​៤ជាន់​នឹង​សាងសង់​រួច​រាល់​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៥។
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន OCIC អគារ​ថ្មី​នេះ​គឺជា​ការ​វិនិយោគ​ជំហាន​ទី​ពីរ​ហើយ​ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​វិនិយោគ​លើ​វិស័យ​សេវា​អប់រំ ខណៈ​ជំហាន​ទីមួយ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ហើយ​កំពុង​ដំណើរការ​ក្នុង​ទម្រង់​ជា​សាលា​មត្តេយ្យ​សិក្សា CISP នៅ​ក្នុង​បុរី​បាសាក់។
លោក ប៉ិច បូឡែន ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន Westline Education Group ដែល​វិនិយោគ​លើ​សាលា​ចំណេះ​ដឹង​ទូទៅ​វេស្ទឡាញ៍ មាន​ប្រសាសន៍​ថា សាលា​ឯកជន​កម្រិត​អន្តរជាតិ នៅ​ក្នុង​រាជធានី​កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
លោក​បន្ត​ថា ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាជន​ក្នុង​រាជធានី និង អត្រា​ប្រជាជន​វ័យ​ក្មេង​ច្រើន​ពិសេស​ក្មេងៗ​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា បាន​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សាលា​ដែល​មាន​ប្រព័ន្ធ​អប់រំ​លំដាប់​អន្តរជាតិ។ លោក​បន្ថែម​ថា៖ «វា​ជា​ការ​ល្អ​ក្នុង​វិស័យ​អប់រំ​ពេល​មាន​អ្នក​ផ្គត់​ផ្គង់​កាន់​តែ​ច្រើន​ចូល​មក ព្រោះ​ថា​ការ​ប្រកួត​ប្រជែង​នឹង​ជំរុញ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ហើយ​គុណភាព​កាន់​តែ​ល្អ​ឡើង។​ខ្ញុំ​មិន​បារម្ភ​ថា សាលា​ថ្មី​នេះ​ជា​គូ​ប្រកួត​ប្រជែង​ទេ»៕

No comments:

Post a Comment

yes