លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃប្រចាំឆ្នាំ
ក្នុងរយៈពេល២ខែចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំថ្លែងទៅកាន់ព្រះសង្ឃយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន ខណៈនៅទូទាំងកម្ពុជា មានព្រះសង្ឃចំនួន ៥៣.២៥៧ អង្គ។
ក្នុងសុន្ទរកថា ដែលផ្សព្វផ្សាយជាសាធារណៈ លោក ហ៊ុន សែន បានថ្លែងកោតសរសើរម្តងហើយម្តងទៀត ចំពោះបព្វជិតសាសនាព្រះពុទ្ធនៅក្នុងប្រទេស។
លោកថែមទាំងធានាថា អ្នកស្មោះស្ម័គ្រនឹងគណបក្សលោកបានរួមចំណែកជាទឹកប្រាក់រាប់សែនដុល្លារអាមេរិកដល់គម្រោងកសាងវត្តអារាម រហូតលោកចូលរួមបើកសម្ពោធវត្តជាច្រើនផង។
ផ្តើមក្នុងសុន្ទរកថារាល់លើក លោកតែងតែរំឭកបែបប្រយោល តែញឹកញាប់និងមានភាពច្បាស់លាស់ថា មានតែគណបក្សកាន់អំណាចទេដែលអាចគាំពារព្រះសង្ឃផ្នែកហិរញ្ញវត្ថុក្នុងការធានាវឌ្ឍនភាពដល់វត្តអារាមសម្រាប់ព្រះសង្ឃគង់អាស្រ័យ។
ក្នុងសុន្ទរកថាឯពិធីកាត់ឫសសីមាវត្តមួយកាលពីចុងខែមេសាលោកបានថ្លែងទៅកាន់ព្រះសង្ឃថា ៖ «មានតែសមាជិកគណបក្សប្រជាជនកម្ពុជាទេ ជាអ្នកលះបង់ដ៏ធំក្នុងការកសាងវត្តនៅទូទាំងប្រទេសហេតុនេះទើបគេនិយាយថា ព្រះសង្ឃបោះឆ្នោតឲ្យតែគណបក្សប្រជាជនកម្ពុជា(CPP)»។
ជាច្រើនទសវត្សរ៍ហើយ គណបក្សប្រជាជនបានចាំវិធីទាក់ទាញព្រះសង្ឃឲ្យមកខាងគណបក្សខ្លួន ដោយរុញច្រានសំឡេងប្រឆាំងនិងដំឡើងឋានៈមន្ត្រីសង្ឃដែលមានមេត្រីភាពចំពោះរដ្ឋាភិបាលនិង គណបក្ស។ ថ្ងៃនេះ ព្រះសង្ឃក្នុងប្រទេសកម្ពុជាសំឡេងភាគច្រើនស្ទើរតែគាំទ្រគណបក្សកាន់អំណាច។ ក្នុងវត្តគ្រប់គ្រងដោយសង្ឃគាំទ្រគណបក្សនេះមានការពង្រឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើកិច្ចសន្ទនាជាសាធារណៈ។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ប្រធានបទដែលហាមប្រាមក្នុងសាសនារួមទាំងការប្រៀនប្រដៅរបស់ព្រះពុទ្ធផ្ទាល់ផង។
លោកស្រីបន្តថា៖ «សូម្បីព្រះពុទ្ធប្រៀនប្រដៅឲ្យមានយុតិ្តធម៌សង្គម។ ដំបូន្មាននេះក៏មិនអាចលើកមកប្រៀនប្រដៅបានដែរ។ ព្រះសង្ឃមិនអាចលើកឡើងថាយើងចង់បានយុតិ្តធម៌សង្គម ឬចង់បានសមភាពសង្គមទេ បញ្ហានេះព្រះសង្ឃស្ទើរតែមិនអាចលើកមកប្រៀនប្រដៅបានឡើយ»។
«សង្ឃដីកាដែលជាប់សង្ស័យសង្ឃអង្គនោះនឹងត្រូវកត់សម្គាល់ដោយមន្ត្រីព្រះសង្ឃ។ បន្ទាប់មក លោកអាចនឹងត្រូវចេញពីវត្ត ឬនៅតែឯង ហើយពុំមានមធ្យោបាយដើម្បីផ្ញើសារនេះទេ»។
លោកស្រីបន្តថា បញ្ហាបង្ហាញច្បាស់ពីថ្នាក់កំពូលសង្ឃពីសម្តេចព្រះសង្ឃរាជ ទេព វង្សផ្ទាល់។
ក្នុងឆ្នាំ ២០០២ សម្តេចសង្ឃរាជ ទេព វង្ស បានហាមព្រះសង្ឃមិនឲ្យបោះឆ្នោត នាឆ្នាំ ២០០៣ វាជាសេចក្តីសម្រេចដែលធ្វើឲ្យព្រះសង្ឃជាច្រើនខឹងសម្បា។ តែ ទោះជាយ៉ាងណាក្នុងឆ្នាំ ២០០៨ សេចក្តីសម្រេចនោះបានកែវិញជាមួយនឹងការព្រមានពីព្រះអង្គជាថ្មីថា ព្រះសង្ឃមិនត្រូវចូលរួមក្នុងបាតុកម្មនយោបាយឡើយ។
ព្រះសង្ឃដែលមានថេរដីកាអំពីតួនាទីព្រះសង្ឃក្នុងនយោបាយបានពន្យល់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោកមិនស្ងប់ទេនៅពេលលើកពីប្រធានបទនេះឬក៏បដិសេធថា លោកគ្មានចំណេះដឹងពីយុត្តិធម៌ និងសមភាពសង្គមបែបនេះ។
អតីតសង្ឃមួយអង្គសរសេរមក ភ្នំពេញ ប៉ុស្តិ៍ ដោយមិនបញ្ចេញព្រះនាម និងមិនបានគិតថាព្រះសង្ឃគួរមានសិទិ្ធបោះឆ្នោតបានថ្លែងថា លោកទទួលបានជម្រើសតិចតួច គឺត្រូវធ្វើតាមខ្សែបន្ទាត់នយោបាយរបស់គណបក្ស។
លោកបញ្ជាក់ក្នុងសំណេរថា៖ « ខ្ញុំពិតជាបានបោះឆ្នោតនៅក្នុងអាណត្តិមុន ហើយខ្ញុំបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាតាមបញ្ជាចៅអធិការវត្ត»។ លោកគិតថា នយោបាយបក្សបានជ្រាបចូលក្នុងជួរមេដឹកនាំសង្ឃតាមវត្តដែលឃ្លាតចាកពីគោលដៅរបស់ព្រះពុទ្ធសាសនា គឺ«ផ្លូវកណ្តាល» ហើយបានធ្វើឲ្យកេរ្តិ៍ឈ្មោះពុទ្ធសាសនាធ្លាក់ចុះ។
លោកលើកដែរថា ៖ «ព្រះសង្ឃមួយចំនួនចូលចិត្តសុន្ទរកថាអ្នកនយោបាយ ប៉ុន្តែព្រះសង្ឃដែលមិនចូលចិត្តហាក់រងសម្ពាធមកលើពួកគេ ព្រោះអ្នកនយោបាយចង់ចំណេញពីប្រជាជន ពីព្រះសង្ឃ ប៉ុន្តែ គេមិនបានគិតពីផលប្រយោជន៍ជាតិទេ»។
វាមិនត្រឹមតែសុន្ទរកថាទេ ដែលដាក់សម្ពាធមកលើព្រះសង្ឃនៅកម្ពុជានោះ។ បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសឆ្នាំ ១៩៩៨ ព្រះសង្ឃស្ថិតក្នុងចំណោមមេដឹកនាំបាតុកម្មប្រឆាំងនឹងលទ្ធផលដែលធ្វើឡើង បន្ទាប់ពីមានការសម្លាប់ក្រៅប្រព័ន្ធតុលាការជាច្រើនករណី កាលពីមួយឆ្នាំមុនគឺឆ្នាំ ១៩៩៧ ដែលក្រុមមនុស្សខ្លះជឿថា ជារដ្ឋប្រហាររៀបចំដោយគណបក្សប្រជាជនកម្ពុជា។
តាមគណៈកម្មការ សិទិ្ធមនុស្សអាស៊ីថា នគរបាលបានបាញ់មកលើព្រះសង្ឃ ៦០អង្គ ដែលនិមន្តតវ៉ាតាមផ្លូវនិងអំពាវនាវឲ្យមានសន្តិភាព។ ព្រះសង្ឃ១អង្គនិងជនស៊ីវិលម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។ តាមតួលេខស្ថានទូតអាមេរិកនៅពេលនោះ មួយឆ្នាំក្រោយមក ព្រះសង្ឃបួនអង្គស្ថិតក្នុងចំណោមជនរងគ្រោះប្រមាណ៥៣នាក់ដែលបាត់ខ្លួនដោយសារបញ្ហានយោបាយ។
នៅឆ្នាំ២០០៣ បន្ទាប់ពីសម្តេចសង្ឃរាជហាមព្រះសង្ឃមិនឲ្យបោះឆ្នោត ចៅអធិការវត្តលង្ការ សម ប៊ុនធឿន ត្រូវបានគេបាញ់សម្លាប់ដោយអាថ៌កំបាំង និងពុំបានវែកមុខឃាតករឃើញឡើយ។
តួលេខខែធ្នូ ឆ្នាំ២០០៦របស់លោក Josehp Mussomeli ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅពេលនោះកត់សម្គាល់ថា មុនព្រះអង្គត្រូវគេបាញ់តេជគុណ សម ប៊ុនធឿន«បានលើកទឹកចិត្តព្រះសង្ឃឲ្យចុះឈ្មោះបោះឆ្នោតផ្ទុយពីបម្រាមរបស់សម្តេចសង្ឃរាជ។
សម្តេចសង្ឃ ទេព វង្ស បានលើកឡើងច្បាស់ថា មានប្រធានបទដែលព្រះសង្ឃមិនគួរពិភាក្សាជាសាធារណៈ។ បន្ទាប់ពីព្រះអង្គដាក់កំហិតក្នុងឆ្នាំ២០០៦ ហាម មិនឲ្យព្រះសង្ឃទៅបោះឆ្នោត។ សម្តេចសង្ឃ ទេព វង្ស មានសង្ឃដីកាទៅកាន់ព្រះសង្ឃក្នុងប្រទេសមិនឲ្យចូលរួមក្នុងការប្រមូលផ្តុំដើម្បីគណបក្សនយោបាយទេ ហើយជំរុញឲ្យព្រះសង្ឃដឹងគុណមេដឹកនាំគណបក្សប្រជាជនកម្ពុជាចំពោះការជួយសង្គ្រោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមដែលបានបង្កើតសាសនា វត្តអារាម និងឲ្យមានព្រះសង្ឃឡើងវិញ។
សម្តេចសង្ឃរាជមិនចម្លែកជាងសង្ឃដទៃនោះទេ ក្នុងការជាប់ពាក់ព័ន្ធនៅក្នុងនយោបាយព្រោះកាលពីអំឡុងឆ្នាំ១៩៨១ ព្រះអង្គត្រូវបោះឆ្នោតឲ្យធ្វើជាអនុប្រធានរដ្ឋសភា ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា។
ព្រះអង្គត្រូវតែងតាំងជាព្រះសង្ឃថ្នាក់កំពូលនៅវត្តមហាមន្រ្តី នៅឆ្នាំដដែលនោះហើយនៅឆ្នាំ២០០៦ បានក្លាយជាព្រះសង្ឃទី១មានឋានៈជាសម្តេចសង្ឃរាជ។
ប៉ុន្មានខែក្រោយលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្រ្តី ត្រូវបានតែងតាំងជាអ្នកប្រឹក្សាកំពូលក្នុងសន្និបាតវិន័យធរសង្ឃ ដែលទើបបង្កើតឡើងបែបជាតុលាការសង្ឃដែលរៀបចំដើម្បីដោះស្រាយវិវាទក្នុងវិស័យព្រះពុទ្ធសាសនា។
ក្នុងសារមួយនៅឆ្នាំ២០០៦ លោក Mussomeli បានកត់សម្គាល់ថា «វាពុំមានភ័ស្តុតាងបង្ហាញថា លោកត្រូវបានបំបួសដើម្បីធ្វើជាព្រះសង្ឃទេ»។ លោកបន្តថា៖ «សម្ព័ន្ធភាពលោក ហ៊ីង ប៊ុនហៀង ក្នុងបញ្ហានោះមិនអាចដឹងច្បាស់ទេ។ យើងបានពិនិត្យលើប្រភពមួយចំនួនដែលជឿថា គណបក្សប្រជាជនកម្ពុជាមានបំណងរក្សាការគ្រប់គ្រងរឹងមាំចំពោះនយោបាយនៅក្នុងវិស័យសាសនាព្រះពុទ្ធក៏ដូចស្ថាប័នដទៃៗទៀតនៅកម្ពុជា»។
ល្បិចនេះជាឧបាយមួយយ៉ាងរលូនដែលវត្តជាង៤៥០០ ក្នុងប្រទេសកម្ពុជាក្លាយជាផ្នែកដ៏សំខាន់មួយក្នុងជីវភាពរបស់ប្រជាជននៅតំបន់ជនបទ(៩៥ភាគរយនៃប្រជាជនទាំងអស់ជាអ្នកកាន់ព្រះពុទ្ធសាសនា)។
លទ្ធភាពទាំងនោះបានធ្វើឲ្យអ្នកនយោបាយចូលប្រាស្រ័យទាក់ទងក្នុងសាសនាដោយមិនគិតកេរ្តិ៍ឈ្មោះប្រឡាក់ប្រឡូសមន្រ្តីបក្សនៅថ្នាក់មូលដ្ឋានឡើយ។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន សូប៊ែរ្តិ៍ ជាអ្នកវិភាគនយោបាយមួយរូបបានហៅកលឧបាយនេះថា ជា«អំពើបាបយ៉ាងធ្ងន់»លើការបង្ខំព្រះសង្ឃឲ្យពាក់ព័ន្ធនឹងវិស័យនយោបាយ សូម្បីតែលោកមិនពេញចិត្តក៏ដោយ។
លោកថ្លែងថា៖ «នេះជានិន្នាការថ្មីមួយដែលវិស័យនយោបាយព្យាយាមទទួលបានអ្វីមួយពីសាសនាជាពិសេសនៅទីជនបទ។ ព្រះសង្ឃនៅតែមានកិត្យានុភាពហើយនិងមានឥទ្ធិពល»។
លោកបន្តថា៖ «វាមានគុណូបការៈនៅពេលគាត់ [ហ៊ុន សែន] សម្ពោធសាលា។ នៅពេលគាត់ធ្វើដូច្នោះ សូម្បីតែប្រជាជនមិនចង់បានគាត់ ក៏ពួកគេមិនអាចបដិសេធកើតដែរ»។
ក្នុងសំណេរមួយនាឆ្នាំ២០០១ លោក Ian Harris ដែលជាសាស្រ្តាចារ្យសិក្សាផ្នែកព្រះពុទ្ធសាសនានៅសាកលវិទ្យាល័យ Cumbria បានបង្ហាញអំពីវិធីមួយទៀតដែលគណបក្សប្រជាជនកម្ពុជាធានាថា វត្តអារាមនានាដើរតាមខ្សែបក្សតាមរយៈការតែងតាំងគណៈកម្មាធិការវត្ត។
ក្នុងសំណេរលោក Harris បានថ្លែងថា៖ «វត្តនីមួយៗ មានស្ថាប័ននេះដែលអាចារ្យភាគច្រើន ធ្លាប់ជាអតីតព្រះសង្ឃ។ នៅដើមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាការតែងតាំងបែបនេះគឺដើម្បីធានាថា ការបរិច្ចាគទៅវត្តអារាមត្រូវបានបង្វែរមកក្នុងប្រយោជន៍ទូទៅមានការបង្កើតមន្ទីរពេទ្យ ផ្លូវថ្នល់ និងសាលារៀនជាដើម..»។
លោកបន្តថា ៖ «ថ្មីៗនេះ ពួកគេបានមានឥទ្ធិពលសំខាន់មួយក្នុងការរារាំងអ្នកប្រឆាំងពិសេសពីបុគ្គលដែលបានតែងតាំងដោយគណបក្សប្រជាជនកម្ពុជា»។
មាត្រា១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយកម្ពុជាហាមគណបក្សទាំងឡាយមិនឲ្យរៀបចំរចនាសម្ព័ន្ធនយោបាយរបស់ខ្លួននៅក្នុងស្ថាប័នសាសនាទេ។
ចាប់ពីឆ្នាំ១៩៩៨ ព្រះសង្ឃមួយចំនួនចាប់ហ៊ានលើកឡើងពីភាពអយុត្តិធម៌នៅក្នុងសង្គមជាពិសេស ចំពោះការគំរាមកំហែងផ្សឹក ឬការបម្រាមផ្សេងៗ។
ព្រះសង្ឃមួយចំនួនបានបង្ហាញអំពីចំណុចនោះកាន់តែច្បាស់ជាពិសេសព្រះតេជគុណ លួន សាវ៉ាត ដែលជាព្រះសង្ឃគេស្គាល់ច្រើននិងបានចំណាយពេលជាច្រើនឆ្នាំក្នុងការបង្ហាញអំពីករណីបំពានសិទ្ធិមនុស្សហើយដែលជាញឹកញាប់ត្រូវអាជ្ញាធរគិតថា ជាទង្វើប្រឆាំងនឹងអាជ្ញាធរ។
លោកស្រី ជា វណ្ណាត បានលើកដែរថា វាមិនជាភ្ញាក់ផ្អើលអីទេ បើព្រះសង្ឃមានថេរដីកាពីរឿងនយោបាយបច្ចុប្បន្ន។
លោកស្រីបន្តថា ៖ «ខ្ញុំមានអារម្មណ៍ថា គណបក្សប្រជាជនកំពុងខិតខំយ៉ាងខ្លាំងដោយមិនបានមើលរំលងអ្វីមួយឡើយ[ពីការបោះឆ្នោត] ជាពិសេសនៅក្នុងវិស័យសាសនាពួកគេរៀបចំខ្លួនបានយ៉ាងល្អ»៕
No comments:
Post a Comment
yes