សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 16, 2013

បក្ស​សង្គ្រោះ​ជាតិ​បន្ត​ទាមទារ​ឲ្យ គ.ជ.ប កែ​ខ្លួន

130516_05a
លោក​កឹម សុខា នៅ​ក្នុង​​ការ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​
កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​មេសា​​​
គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី៥ ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជា​លើក​ចុង​ក្រោយ​កាល​ពី​ម្សិល​មិញ ជាមួយ​នឹង​ការ​កំណត់​យក​ថ្ងៃ​ទី២០​ខែ​ឧសភា​ជា​ថ្ងៃ​ធ្វើ​បាតុកម្ម​ជា​លើក​ទី២ ដើម្បី​ជំរុញ​ឲ្យ គ.ជ.ប អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។
លោក កឹម សុខា ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា គណបក្ស​របស់​លោក បាន​ធ្វើ​ការ​កែ​តម្រូវ​បញ្ជី​ឈ្មោះ​បេក្ខជន ទៅ​តាម​ការ​កំណត់​របស់​គ.ជ.ប រួច​រាល់​អស់​ហើយ ហើយ​ក៏​បាន​បញ្ជូន​ទៅ​កាន់ គ.ជ.ប រួច​រាល់​អស់​ហើយ​ដែរ​កាល​ពី​ព្រឹក​ម្សិលមិញ​។ លោក​បន្ត​ថា​៖ «​យើង​បាន​ដាក់​ចប់​រួច​រាល់​អស់​ហើយ ហើយ​យើង​នឹង​ធ្វើ​មហា​បាតុកម្ម​ជា​លើក​ទី២ នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា​នេះ​»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៧ព្រឹក នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ពី ៥០០០ ទៅ ៦០០០ នាក់​។ លោក​បាន​ថ្លែង​ថា​៖«យើង​ជំរុញ​ឲ្យ​គ.ជ.ប សើរើ ឡើង​វិញ​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត ពីព្រោះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ បាន​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​ប្រជាជន​រាប់​លាន​នាក់​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ​ហើយ​មហា​បាតុកម្ម​នេះ ក៏​ទាម​ទារ​ឲ្យ​អនុញ្ញាត​ឲ្យ​ឯកឧត្តម សម រង្ស៊ី បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​ឥត​លក្ខខណ្ឌ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​ខាង​មុខ»។
តាម​សេចក្តី​ជូន​ដំណឹង​មួយ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​សម្រេច​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត​នេះ​គឺ​ដោយ​សារ​តែ គ.ជ.ប មិន​បាន​ដោះស្រាយ​នូវ​ការ​ទាមទារ​របស់​ខ្លួន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មេសា។ ក្រៅ​ពី​ការ​លើក​ឡើង​របស់​លោក យឹម សុវណ្ណ ខាង​លើ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ ទាមទារ​ឲ្យ គ.ជ.ប អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​លោក ស៊ូរិយ៉ា ស៊ូប៊ែឌី អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទាក់​ទង​និង​ការ​បោះឆ្នោត ដោយ​ត្រូវ​រៀប​ចំ​សា​ជា​ថ្មី នូវ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ ២០១២ សម្រាប់​បម្រើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ ២០១៣ ដោយ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ NDI និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌​នៅ​កម្ពុជា Comfrell។
បើ​តាម​លោក​យឹម សុវណ្ណ បាតុកម្ម​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា បន្ទាប់​ពី​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ នឹង​មាន​ការ​ដង្ហែ​យក​ញត្តិ​ទៅ​ដាក់​ជូន​សហភាព​អឺរ៉ុប​និង​លោក ស៊ូរិយ៉ា ស៊ូប៊ែរឌី នៅ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​«​យើង​មិន​ទាន់​បាន​ដាក់​លិខិត​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ​ដោយ​សារ​ជា​ថ្ងៃ​ឈប់​សម្រាប់ យើង​នឹង​ដាក់​លិខិត​សុំ​ការ​អនុញាត​នៅ​ថ្ងៃ​ស្អែក​(ថ្ងៃ​ព្រហស្បតិ៍)»។
លោក ទេព នីថា អគ្គ​លេខាធិកា គ.ជ.ប បាន​ឲ្យ​ដឹង​ថា គ.ជ.ប បាន​ទទួល​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ការ​កែ​តម្រូវ​នោះ​រួច​រាល់​ហើយ​ហើយ គ.ជ.ប នឹង​ធ្វើ​ការ​ពិនិត្យ​សម្រេច​នៅ​ព្រឹក​នេះ​។
លោក បាន​បន្ត​ថា ទាក់​ទិន​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​នោះ​គឺ​វា​ជា​សិទ្ធិ​របស់​ពួក​គាត់​ពី​ព្រោះ​អនុសាសន៍​ដែល​ពួក​គាត់​បាន​លើក​ឡើង​នោះ​ពុំ​មាន​អ្វី​ថ្មី​នោះ​ទេ​ហើយ គ.ជ.ប​ក៏​បាន​ធ្វើ​ការ​បកស្រាយ​រួច​រាល់​ហើយ​ដែរ។ លោក​បាន​និយាយ​ថា​៖«​ការ​ធ្វើ​បាតុកម្ម​នោះ​គឺ​ពួក​គាត់​ចង់​ជួប​ជុំ​គ្នា​គាត់​ជា​ជាង​អ្វី​ដែល​គាត់​ដាក់​ញតិ្ត​មក គ.ជ.ប»។
លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ៕

No comments:

Post a Comment

yes