កម្មករ ១២នាក់ ក្នុងចំណោមកម្មករទាំង ១៣នាក់ដែលបោះបង់ការងារនៅប្រទេសថៃ
ហើយត្រឡប់មកស្រុកវិញ នាមណ្ឌលថែទាំសុខភាពកុមារ ខេត្តកោះកុង
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣
របាយការណ៍ប្រចាំឆ្នាំស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្សាយនៅថ្ងៃពុធ បានដាក់ប្រទេសកម្ពុជា នៅចំណាត់ថ្នាក់លេខរៀងទីពីរ ដែលចាត់ទុកថា ជាប្រភពកន្លែងឆ្លងកាត់ និងគោលដៅនៃការជួញដូរមនុស្ស និងការប្រើប្រាស់ពលកម្មដោយបង្ខំ។
របាយការណ៍បង្ហាញថា ពលរដ្ឋកម្ពុជា ទាំងប្រុសស្រី និងកុមារ បានស្វែងរកការងារធ្វើនៅប្រទេសក្នុងតំបន់មួយចំនួន ដូចជាថៃ ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី នៅតាមរោងចក្រ និងឧស្សាហកម្មផ្សេងៗ ប៉ុន្តែបានក្លាយទៅជាជនរងគ្រោះនៃការជួញដូរមនុស្ស និងបង្ខំពលកម្ម។
ចំណែកនៅក្នុងប្រទេសកម្ពុជា វិញ ស្ត្រី និងក្មេងស្រីខ្មែរ និងជនជាតិវៀតណាម ត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តមួយចំនួន ដូចជាខេត្តសៀមរាប បន្ទាយមានជ័យ កោះកុង និងខេត្តព្រះសីហនុ។ ពួកគេបានក្លាយជាជនរងគ្រោះនៃការជួញដូរផ្លូវភេទនៅតាមទីកន្លែងរកស៊ីផ្លូវភេទ និងកន្លែងកម្សាន្តផ្សេងៗទៀត។
នាយកការិយាល័យត្រួតពិនិត្យ និងប្រឆាំងការជួញដូរមនុស្ស នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត ល្វីស ស៊ីដឺបាកា (Luis CdeBaca) ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ថ្លែងថា តាមការពិនិត្យមើលផ្ទាល់ទៅលើការផ្ដន្ទាទោស (ជនល្មើស) និងការផ្តល់កិច្ចគាំពារជនរងគ្រោះជាដើម ឃើញថាការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា កំពុងតែធ្លាក់ចុះក្នុងស្ថានភាពកាន់តែអាក្រក់។
លោកឯកអគ្គរដ្ឋទូត ល្វីស ស៊ីដឺបាកា៖ «…One of the things that we have seen is that there is almost a thousand victims identified. Almost all of the victims’ care is done by the non-governmental organizations. And often non-governmental organizations are funded by foreign donors. We think that it is necessary in Cambodia is for the Cambodian government to take victims’ care on its own, to start assuming some of that burden as well… = …ចំណុចមួយក្នុងចំណុចជាច្រើន ដែលយើងបានពិនិត្យឃើញ គឺមានជនរងគ្រោះជិត ១ពាន់នាក់ ដែលគេបានរកឃើញ។ ក្នុងនោះកិច្ចគាំពារដល់ជនរងគ្រោះស្ទើរតែទាំងអស់ ផ្តល់ដោយអង្គការពុំមែនរដ្ឋាភិបាលនានា។ ជាញឹកញយ អង្គការពុំមែនរដ្ឋាភិបាលទទួលថវិកាពីម្ចាស់ជំនួយ។ យើងគិតថា ជាការចាំបាច់ នៅកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា ផ្តល់កិច្ចគាំពារដល់ជនរងគ្រោះ ហើយចាប់ផ្ដើមទទួលអម្រែកខ្លះក្នុងកិច្ចការនេះ…»។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គូសបញ្ជាក់ទៀតថា ការជួញដូរផ្លូវភេទ ពិសេសការលក់ដូរក្រមុំព្រហ្មចារិយរបស់ស្ត្រី និងកុមារី ក៏កំពុងក្លាយជាបញ្ហានៅប្រទេសកម្ពុជា។ បុរសខ្មែរជាប្រភពប្រើប្រាស់សេវាផ្លូវភេទកុមារមិនទាន់គ្រប់អាយុ។ ចំណែកអ្នកទទួលសេវា រួមមានបុរសនៅតាមប្រទេសមួយចំនួននៅតំបន់អាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលធ្វើដំណើរមកកម្ពុជា ដើម្បីស្វែងរកទេសចរណ៍ផ្លូវភេទលើកុមារ។
របាយការណ៍បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងបំបាត់ការជួញដូរផ្លូវភេទដែរ ប៉ុន្តែបានបរាជ័យក្នុងការនាំខ្លួនជនសង្ស័យមកកាត់ទោស និងផ្តល់កិច្ចការពារដល់ជនរងគ្រោះ។ បញ្ហានេះ បណ្ដាលមកពីអំពើនិទ្ទណ្ឌភាព និងការមិនបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕
No comments:
Post a Comment
yes