នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៩ ពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តភ្ជាប់ទៅខេត្តប៉ៃលិន នៅថ្ងៃទី២១ មិថុនា លោក ហ៊ុន សែន បាននិយាយអំពីប្រទេសកម្ពុជា អាចមានអស្ថិរភាពនយោបាយ ហើយប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ ប្រសិនបើគណបក្សលោកចាញ់ឆ្នោតក្នុងពេលបោះឆ្នោតខាងមុខនេះ
ហ៊ុន សែន ខ្លាចពីការចាញ់ឆ្នោត ដើរគំរាបពលរដ្ឋគ្រប់ទីកន្លែង
ជាថ្មីម្ដងទៀត លោក ហ៊ុន សែន ប្រកាសថា ប្រទេសកម្ពុជា អាចនឹងមានភាពវឹកវរ ឬមានភាពចលាចលនៅក្នុងសង្គម បើសិនជាគណបក្សប្រជាជនកម្ពុជា ពិតជាត្រូវចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតនាថ្ងៃទី២៨ កក្កដា ខាងមុខនេះ។ ក៏ប៉ុន្តែ បញ្ហានេះត្រូវបានមន្ត្រីមកពីគណបក្សសង្គ្រោះជាតិ អះអាងថា វានឹងមិនអាចទៅរួចដូចសម្ដីលោក ហ៊ុន សែន បាននិយាយនោះឡើយ។
លោក ហ៊ុន សែន ៖ «បើបោះមេឃុំបោះរើសមេឃុំខុស គ្រាន់តែឥទ្ធិពលលើសេវាទេ លើសេវាសាធារណៈនៅក្នុងឃុំហ្នឹង។ ហើយមេឃុំហ្នឹងគេអាចងាយដូរទេ។ បក្សកាន់អំណាច បក្សណាដែលមានមេឃុំហ្នឹង ឬជំទប់ហ្នឹងធ្វើមិនល្អ គេអាចឲ្យគាត់លាលែងចេញ ហើយគេដាក់ឲ្យមនុស្សមកជំនួសបានភ្លាម។ ប៉ុន្តែ បោះឆ្នោតពេលខាងមុខ គឺបោះឆ្នោតជ្រើសរើសបក្សនយោបាយ ជ្រើសរើសនាយករដ្ឋមន្ត្រីតែម្ដង។ ពាក់ព័ន្ធនឹងការក្រឡាប់ចាក់នៃនយោបាយក្នុងប្រទេស និងក្រៅប្រទេស អន្តរាយភ្លាមតែម្ដង។ អ៊ីចឹងទេ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងបោះឆ្នោតពេលខាងមុខ ទោះបីខ្ញុំករុណាខ្ញុំមិនឈរឈ្មោះនៅក្នុងខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែខ្ញុំករុណាខ្ញុំ ជាតួអង្គបេក្ខជននាយករដ្ឋមន្ត្រី ហាក់ដូចជាបេក្ខភាពសម្រាប់មួយប្រទេសអ៊ីចឹង»។
ក៏ប៉ុន្តែ បញ្ហានេះត្រូវបានច្រានចោលដោយគណបក្សសង្គ្រោះជាតិ។ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិ ហៅការថ្លែងសារនយោបាយរបស់លោក ហ៊ុន សែន នៅពេលនេះថា គឺជាការអស់ជម្រើស និងអស់សង្ឃឹមក្នុងការប្រកួតប្រជែង។ លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា នេះជាមធ្យោបាយតែមួយគត់របស់លោកនាយករដ្ឋមន្ត្រី ដែលជ្រើសរើសការប្រកាសអាសន្ននៅក្នុងសង្គម ថានឹងមានអស្ថិរភាពនយោបាយ ដើម្បីគំរាមពលរដ្ឋនៅក្នុងប្រទេស។ លោកគិតថា ព្រោះអនុប្រធានគណបក្សប្រជាជនកម្ពុជា ដឹងយ៉ាងច្បាស់ថា ពលរដ្ឋកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាម និងព្រួយបារម្ភខ្លាចមានវិបត្តិជាថ្មីឡើងវិញ ទើបលោក ហ៊ុន សែន ប្រើសារគំរាមបែបនេះ៖ «ប្រជាពលរដ្ឋខ្មែរលោកធ្លាប់រងគ្រោះដោយក្រុមខ្មែរក្រហមរបបកម្ពុជាប្រជាធិបតេយ្យ។ ដល់អ៊ីចឹងទៅ លោកធុញទ្រាន់នឿយណាយមែនទែនពីចំណុចដែលខ្ញុំបានលើកហ្នឹង»។
អ្នកស្រី ជា វណ្ណាត អ្នកវិភាគសង្គមឯករាជ្យ យល់ឃើញថា ដោយសារកម្ពុជា នៅពុំទាន់មានភាពចាស់ទុំផ្នែកនយោបាយនៅឡើយ ហេតុនេះការសម្រេចចិត្តរបស់មេដឹកនាំមួយអាចទំនងនឹងកើតឡើង។ ក៏ប៉ុន្តែ អ្នកស្រីកត់សម្គាល់ថា ក្នុងប្រទេសដែលមានប្រជាធិបតេយ្យពេញលេញ មេដឹកនាំនីមួយៗគិតគូរយ៉ាងល្អិតល្អន់មុននឹងធ្វើសេចក្ដីសម្រេចបញ្ចេញសារនយោបាយជាសាធារណៈ អំពីគោលនយោបាយរបស់ខ្លួន៖ «ហើយបើសិនជាថាអ្នកនយោបាយធំៗលោកមានប្រសាសន៍ថា ខាងមុខច្បាស់ជាអ៊ីចឹង អាហ្នឹងគឺច្បាស់ជាអ៊ីចឹងហើយ។ បើថាទេ ខាងមុខមិនអ៊ីចឹងទេ។ អាហ្នឹងខាងមុខច្បាស់ជាមិនអ៊ីចឹងទេ។ ឥឡូវដូចថា យើងតែងតែថា បើស្អីដែលយើងតាំងចិត្តថាយើងធ្វើបាន អាហ្នឹងយើងធ្វើបានហើយ។ ប៉ុន្តែ យើងមិនទាន់ធ្វើផង ថាយើងធ្វើមិនបានទេ អាហ្នឹងយើងធ្វើឥតបានទេ ព្រោះយើងថាមុនមិនទាន់នឹងធ្វើផង យើងថាមុនហើយ យើងថាធ្វើមិនបានហើយ។ អាហ្នឹងប្រាកដជាធ្វើមិនបានហើយ»។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនឹងលុបបំបាត់គម្រោងអភិវឌ្ឍន៍នានា ដោយរួមទាំងឈប់ធ្វើបុណ្យក៏ដោយ ក៏ប៉ុន្តែលោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ការអភិវឌ្ឍជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល គឺពុំមែនជារឿងបុគ្គលនោះទេ។ ហើយរដ្ឋាភិបាលថ្មីទំនងជាមានការអភិវឌ្ឍលឿនជាងរដ្ឋាភិបាលបច្ចុប្បន្នថែមទៀត។
កន្លងមក ក្រុមអ្នកវិភាគសង្គម និងនយោបាយ បានរិះគន់ថា អ្នកនយោបាយមកពីគណបក្សកាន់អំណាច មិនបានបង្ហាញគោលនយោបាយសង្គមកិច្ច និងសេដ្ឋកិច្ច ដែលខ្លួនបម្រុងធ្វើក្នុងពេលឈ្នះឆ្នោតទេ ប៉ុន្តែតែងតែនិយាយអំពីសង្គ្រាម និងភាពចលាចល បើសិនជាខ្លួនមិនបានឈ្នះឆ្នោត ហើយកាន់អំណាច ដើម្បីបំភាន់ និងបំភ័យប្រជាពលរដ្ឋឲ្យមានការភ័យខ្លបខ្លាចបោះឆ្នោតគាំទ្រខ្លួន៕
No comments:
Post a Comment
yes