លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា
និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងក្លាយ
ជាគោលដៅវាយប្រហារ
ការបោះឆ្នោត កាលពីលើកមុនៗមានអំពើហិង្សាខាងនយោបាយជាច្រើន។ ប៉ុន្តែឥឡូវនេះ ហាក់បីដូចជាមានការផ្លាស់ប្តូរទៅជាការវាយប្រហារទៅលើអត្តចរិតរបស់អ្នកនយោបាយវិញ បើទោះបីជាករណីខ្លះហាក់បីដូចជាត្រូវបានគេប្រឌិតឡើងក៏ដោយ។
ភ្នំពេញៈ ក្នុងខែមិថុនាឆ្នាំ ១៩៩៨ ក្នុងរយៈពេលឆ្ពោះទៅរកការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស សាកសព លោក ថុង សុផល សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានរកឃើញនៅបាតព្រែកស្ងួតមួយ នៅខេត្តកណ្តាល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានឲ្យដឹងថា សាកសពលោកសុផល ត្រូវគេកាត់ម្រាមដៃ និងកាត់ត្រចៀកឆ្វេងដាច់បាត់ហើយសាច់ជើងរបស់គាត់ត្រូវបានចៀរចេញទុកនៅតែឆ្អឹង។ លោក សុផល ហាក់ដូចជាបានស្លាប់ដោយសារតែបុកចំក្បាល។ នគរបាលនៅពេលនោះ បានសម្រេចថា ករណីស្លាប់នេះគឺជាការធ្វើអត្តឃាត ដែលជាករណីស្លាប់មួយនៃករណីសម្លាប់អ្នករាជានិយម៤ ករណីក្នុងខែនោះ។
១៥ ឆ្នាំ ក្រោយមក ខណៈដែលកម្ពុជាកំពុងឈានជិតដល់ការបោះឆ្នោតជាថ្មី ពុំមានរបាយការណ៍អំពីការសម្លាប់ដោយសារមូលហេតុនយោបាយ ដូចជាការធ្វើទារុណកម្មធ្ងន់ធ្ងរ ដែលបានឆ្លងកាត់ដោយលោក ថុង សុផល ទៀតឡើយ។ ទោះជាយ៉ាងណាដោយមានភាពចម្រូងចម្រាសថ្មីៗជុំវិញថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ វាចាប់ផ្តើមមើលទៅ ហាក់ដូចជានយោបាយកម្ពុជា បានរកឃើញវិធីសម្លាប់ថ្មីកាន់តែជឿនលឿន គឺការប៉ុនប៉ងវាយប្រហារលើអត្តចរិតវិញម្តង។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា៖ «ខ្ញុំគិតថា ការប្រើអំពើហិង្សា មានផលប៉ះពាល់បកមកវិញ ហើយប៉ះពាល់ដល់ភាពគួរឲ្យជឿជាក់បាន របស់គណបក្សកាន់អំណាចហើយមានសម្ពាធកាន់តែច្រើនពីខាងក្នុង និងខាងក្រៅ ដើម្បីបញ្ចប់អំពើហិង្សាបែបនេះ»។ឥឡូវនេះ កម្ពុជា បានឈានដល់ដំណាក់កាលបង្កើតឲ្យមានការខ្វែងគំនិតគ្នាជា សាធារណៈ... ប្រឆាំងនឹងបក្សប្រឆាំង និងព្រមទាំងចំណាត់ការផ្លូវច្បាប់»។
នាប៉ុន្មានថ្ងៃថ្មីៗនេះ លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ ដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បី បានស្ថិតក្នុងភាពចម្រូងចម្រាស មិនមែនតែ១ ទេ គឺពីរករណីដាច់ដោយឡែកពីគ្នា ដែលករណីទាំងពីរបានផ្ទុះទៅជារឿងក្តីតុលាការ។ ក្នុងករណីទីមួយ អតីតប្រធានគណបក្សសិទិ្ធមនុស្សរូបនេះ ត្រូវបានចោទប្រកាន់ថា គាត់បាននិយាយថា គុកទួលស្លែង គឺជាគុកសិប្បនិម្មិត រៀបចំដោយវៀតណាម។
ប៉ុន្មានថ្ងៃក្រោយមក ស្រ្តីម្នាក់ ដែលអះអាងថា ខ្លួនជាស្រីកំណាន់របស់លោកកឹម សុខាបានបង្ហាញខ្លួន នៅក្នុងពិធីប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិដោយទាមទារប្រាក់ចិញ្ចឹមកូន សម្រាប់អ្វីដែលស្ត្រីរូបនេះថា ជាកូនស្មុំរបស់អ្នកទាំងពីរ។ ប៉ុន្មានថ្ងៃក្រោយមក ស្រ្តីរូបនោះ បានអះអាងថា ម្តាយរបស់អ្នកស្រីត្រូវអង្គរក្សលោក កឹម សុខា វាយ ហើយបានដាក់ពាក្យបណ្តឹងប្រឆាំងលោកកឹម សុខា ទៅតុលាការខេត្តព្រៃវែង។ ពាក្យបណ្តឹងនេះធ្វើឡើងស្របនឹងពាក្យបណ្តឹងដែលដាក់ប្តឹងដោយលោក ជុំ ម៉ី អ្នករស់រានមានជីវិតពីគុកទួលស្លែងដែលបានអះអាងថា ការបដិសេធមិនទទួលស្គាល់ដោយលោក កឹម សុខា ពីបញ្ហាគុកទួលស្លែង គឺស្មើនឹងការបរិហារកេរ្តិ៍។
លោក ឡៅ ម៉ុងហៃ បានបន្ថែមថា៖ «ចូរមើលរឿងក្តីលោក សម រង្ស៊ី។ លោកបានប្រព្រឹត្តល្មើស ហើយតុលាការបានជំនុំជម្រះគាត់ ហើយដាក់ពន្ធនាគារគាត់ដែរទេ ហើយគាត់បានគេចចេញពីប្រទេស»។ លោកកត់សម្គាល់ថា គណបក្សប្រជាជនថា ខ្លួនមិនពាក់ព័ន្ធនឹងប្រព័ន្ធតុលាការទេ វាជាប្រព័ន្ធឯករាជ្យ។ លោកបានបន្ថែមទៀតថា៖ «ជាការពិតពួកគេគ្មានឯករាជ្យទេ។ ចៅក្រមភាគច្រើន ជាសមាជិកគណបក្សកាន់អំណាច។ សូមមើលកិច្ចពិភាក្សាលើកញ្ចក់ទូរទស្សន៍ មានគណៈវិនិច្ឆ័យដែលធ្វើការជាមួយនឹងរដ្ឋាភិបាលដែលព្យាយាមបញ្ជាក់ពីភាពត្រឹមត្រូវនៃចំណាត់ការប្រឆាំងនឹងលោក កឹម សុខា។ វាហាក់បីដូចជាប្រព័ន្ធទាំងមូលកំពុងឆ្ពោះទៅទិសដៅតែមួយ»។
ក្នុងករណីទាំងពីរ លោក កឹម សុខា បានបដិសេធ ដោយអះអាងដំបូងថា រដ្ឋាភិបាលដែលបានចេញផ្សាយខ្សែអាត់សំឡេងរបស់លោកអំពីគុកទួលស្លែង បានកាត់តសំឡេងខុសពីបរិបទដើមហើយក៏បានបដិសេធផងដែរថា លោកមិនដែលបានស្គាល់ស្រ្តីដែលអះអាងថា ជាស្រីកំណាន់របស់លោកនោះទេ។
វាគ្មានភ័ស្តុតាងពីភាគីទាំងសងខាង ក្នុងការបង្ហាញអំពីកំហុសដូចដែលបានកើតឡើង កាលពីឆ្នាំ ១៩៩៨ ចំពោះលោក ថុង សុផល ដែលត្រូវបានគេសម្លាប់នោះទេ។ ទោះជាយ៉ាងណា នោះពុំបានបញ្ឈប់គណបក្សប្រជាជនកុំឲ្យមានឱកាសវាយប្រហារលោក កឹម សុខា ឡើយដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានញុះលោក កឹម សុខា តាមរយៈសារព័ត៌មាន ដោយថា ប្រសិនបើលោក កឹម សុខា ពិតជាស្អាតស្អំ គាត់ត្រូវដាក់ពាក្យបណ្តឹងប្រឆាំងស្រ្តីរូបនោះទៅតុលាការ។
លោក ហ៊ុន សែន ក៏បានវាយប្រហារលោក គង់ គាំ ប្រធានស្តីទី នៃគណបក្សសម រង្ស៊ី នាប៉ុន្មានថ្ងៃថ្មីៗនេះផងដែរបន្ទាប់ពីរដ្ឋាភិបាល បានចេញផ្សាយសំឡេងរបស់គាត់ ដែលអះអាងថា រដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោក លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ ជារឿងរៀបចំឡើងដោយសម្តេចសីហនុផ្ទាល់។
លោកនាយករដ្ឋមន្រ្តី ថែមទាំងបានរំឭកឈ្មោះ សមាជិកគណបក្សប្រឆាំង ដែលបានប៉ុនប៉ងបង់ប្រាក់ឲ្យក្មេងស្រីអាយុ១៥ឆ្នាំ ម្នាក់ដើម្បីរួមភេទ ដោយលោក ហ៊ុន សែន បានគំរាមចេញផ្សាយរឿងនេះនៅក្នុងករណីមានការបដិសេធនោះ។
លោក Justin Di Lollo អតីតអ្នកប្រឹក្សានយោបាយ របស់រដ្ឋសភា និងរដ្ឋមន្រ្តីអូស្រ្តាលីក៏បានកត់សម្គាល់ដែរថា៖ «ក្រៅពីការសម្លាប់ ការបំភិតបំភ័យនិងរបាយការណ៍ក្លែងបន្លំ និងការទិញសំឡេងឆ្នោតជាទូទៅកន្លងមកវគ្គបោះឆ្នោតនៅកម្ពុជាឥឡូវនេះហាក់ដូចជានយោបាយទំនើបនៃប្រទេសអ៊ីតាលី»។
លោក Justin Di Lollo ដែលឥឡូវនេះជានាយកគ្រប់គ្រងនៃសមាគម Hawker Britton ដែលជាអង្គភាពផ្តល់ការពិគ្រោះយោបល់ថ្នាក់ជាតិបានឲ្យដឹងថា៖ «វាមានកលល្បិចនយោបាយដែលស្នើសុំឲ្យអ្នកនយោបាយឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន»។ លោកបានឲ្យដឹងទៀតថា៖ «ក្នុងនយោបាយកម្ពុជា ប្រសិនបើនេះមិនដែលកើតឡើងពីមុន វាអាចជាសញ្ញាអស់សង្ឃឹមឬគ្រោះថ្នាក់មានខ្ពស់។ អត្ថន័យនោះ មានន័យថា វាអាចត្រូវគេមើលឃើញជាភាពចាស់ទុំនៃនយោបាយកម្ពុជា»។
យោងតាមលោក Di Lollo ឲ្យដឹងថា យុទ្ធនាការបង្ខូចឈ្មោះ អាចជាសញ្ញានៃនិន្នាការនយោបាយកាន់តែធំ បើទោះបីជាមានកង្វះភ័ស្តុតាង ពីសងខាងក៏ដោយ។ លោកបានបញ្ជាក់ថា៖ «ប្រសិនបើមានការធ្វើសេចក្តីសម្រេច ហើយប្រសិនបើអ្វីដែលបានកើតឡើងទាំងនេះមិនពិត និងជាយុទ្ធសាស្រ្តនយោបាយនោះវាជាសញ្ញាបង្ហាញថា គណបក្សកាន់អំណាចពុំមានទំនុកចិត្តលើសមត្ថភាពខ្លួនឯងក្នុងការយកឈ្នះឆ្នោតដោយវិធីផ្សេងទៀតឡើយ»។
ដោយសំដៅទៅលើការចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាឯកពន្ធភាព និងអំពើពុករលួយ ដែលចោទប្រកាន់ទៅលើព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ ខុម ហ្វ្រែល បានថ្លែងថា ការចោទប្រកាន់បានធ្វើឲ្យវាលំបាកសម្រាប់អ្នកនយោបាយក្រៅគណបក្សកាន់អំណាចក្នុងការផ្តោតទៅលើបញ្ហា។ លោកបន្តថា៖ «ដោយសារអ្នកបោះឆ្នោតពួកគេមានមនោសញ្ចេតនា»។ «មានការចោទប្រកាន់ជាច្រើនអំពីព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ វាបានធ្វើឲ្យលំបាកសម្រាប់គាត់ដើម្បីពន្យល់អ្វីមួយដោយសារប្រព័ន្ធផ្សព្វផ្សាយត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាច ដូច្នេះពួកគេអាចបង្កើតព័ត៌មានដែលពួកគេចង់បាន»។
លោកបញ្ញា បានបន្ថែមថា៖ «ខ្ញុំយល់ឃើញថា វាមិនមែនជាអត្ថប្រយោជន៍ខ្លាំងណាស់ទេ»។ «វាមិនមានហេតុផលនោះទេ។ ពួកគេព្យាយាមធ្វើឲ្យមានមនោសញ្ចេតនាខ្លាំងឡើង»។
ទាក់ទិនទៅនឹងបញ្ហាថាតើការបំបែកស្មារតីចូលពាក់ព័ន្ធនឹងបញ្ហានោះឬអត់ លោក ឡៅ ម៉ុងហៃ មិនប្រាកដនោះទេ។ លោកបានថ្លែងដោយចង្អុលទៅការតវ៉ាកើនឡើង ពាក់ព័ន្ធនឹងការរំលោភយកដីធ្លី ដែលរីករាលដាលនៅតាមសហគមន៍ជាច្រើនថា៖ «វាទំនងជាថា មតិយោបល់សាធារណជនកាន់តែមានការយល់ដឹងអំពីអ្វីដែលកំពុងកើតមាន»។
ជាងនេះទៀត លោក ម៉ុងហៃបានថ្លែងថា ការវាយប្រហារផ្ទាល់ខ្លួននៅក្នុងនយោបាយកម្ពុជា មានផលប៉ះពាល់ផ្ទុយគ្នានៅក្នុងអតីតកាល។ លោកបានថ្លែងដោយសំដៅទៅលើកិត្តិយសរបស់លោក ខៀវ សំផន ដែលទទួលបានងារជា «បុគ្គលស្អាតស្អំ» ថា៖ «យើងមិនប្រាកដថា តើបញ្ហាឯកព័ន្ធភាពបែបនោះនិងអ្វីដែលនឹងត្រូវបានវាយតម្លៃ ឬអត់ដោយសាធារណជននោះទេ ប៉ុន្តែប្រវត្តិសាស្រ្តរបស់យើង នៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលគេជឿថា ស្មោះត្រង់ ស្អាតស្អំ និងធ្វើការងារដើម្បីប្រជាជនចំណាត់ការនោះ...វានឹងមានការអាណិតអាសូរ ដល់ជនរងគ្រោះ»។
លោកបានបន្ថែមទៀតថា៖ «ដូចលោក សម រង្ស៊ី។ បើទោះបីជាលោកនៅឆ្ងាយនៅបរទេសក្តីក៏នៅមានមនុស្សសួរថា «តើគាត់អាចត្រឡប់មកវិញបានឬអត់?»។លោកបន្តថា៖ «បើនិយាយអំពីយេស៊ូគ្រិស្ត ពួករ៉ូម៉ាំងបានសម្លាប់គាត់ ប៉ុន្តែក្រោយមកគាត់បានក្លាយជាវីរបុរស»៕
No comments:
Post a Comment
yes