លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋឲ្យបាន ២ម៉ឺននាក់ ទូទាំងប្រទេស ដើម្បីស្នើឲ្យរដ្ឋសភាប្រគល់អភ័យឯកសិទ្ធិជូនតំណាងរាស្ត្រ ២៨រូប របស់គណបក្សប្រឆាំងឡើងវិញ ឲ្យបានមុនយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនានេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់នៅព្រឹកថ្ងៃអង្គារនេះថា គិតត្រឹមតែមួយថ្ងៃចន្ទម្សិលមិញនេះប៉ុណ្ណោះ គណបក្សសង្គ្រោះជាតិ ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានចំនួនជាង៣ពាន់នាក់។ លោកបន្ថែមថា ក្រុមការងាររបស់លោក នឹងបន្តប្រមូលឲ្យបានគ្រប់ចំនួន ២ម៉ឺនស្នាមមេដៃ ដើម្បីដាក់ជូនរដ្ឋសភាមុនការឃោសនាបោះឆ្នោតខាងមុខនេះ ៖ "នៅក្នុងខេត្ដកំពង់ស្ពឺទាំងមូលយើងគ្រោង នឹងបាន៣ពាន់នាក់ ឥឡូវបាន៣ពាន់នាក់តាមការគ្រោងទុកហើយបាទ យើងនឹងធ្វើបន្ដកិច្ចការហ្នឹង ធ្វើរហូតទាល់តែសេចក្ដីសម្រេចដកតួនាទី តំណាងរាស្ដ្រត្រូវបានគេលុបចោល ឥឡូវនឹងប្រមូលតាមបណ្ដាខេត្ដ ដោយសារតែយើងកំពុងជាប់រវល់នៅក្នុងយុទ្ធនាការឃោសនាផង ដូច្នេះយើងមានបញ្ហាពេលវេលា ប៉ុន្ដែទោះយ៉ាងណាក៏ដោយ យើងសង្ឃឹមថានឹងធ្វើឲ្យបានក្នុងពេលឆាប់ៗនេះ ធ្វើម៉េចឲ្យបានមុនថ្ងៃបោះឆ្នោត" ។
មិនអាចសុំការអត្ថាធិប្បាយ ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប លោក ឈាង វុន និងលោក ងួន ញិល ដែលជាមន្ត្រីជាន់ខ្ពស់រដ្ឋសភា និងមានឥទ្ធិពលលើការសម្រេចចិត្តបណ្តេញ តំណាងរាស្ត្រគណបក្សប្រឆាំងនោះបាននៅឡើយទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋដាក់ទៅរដ្ឋសភា ដើម្បីស្នើឲ្យរដ្ឋសភាផ្តល់អភ័យឯកសិទ្ធិដល់តំណាងរាស្ត្រទាំង ២៨រូបនោះ មិនមានប្រសិទ្ធិភាពទេ ព្រោះច្បាប់កម្ពុជាមិនចែង ៖ "ខ្ញុំថាដូចច្បាប់ខ្មែរអត់មានចែងត្រង់ហ្នឹង ដូច្នេះខ្ញុំថាធ្វើចេះតែបាន ប៉ុន្ដែប្រហែលជាអត់មានប្រសិទ្ធភាពទេ" ។
ប៉ុន្តែ លោក យឹម សុវណ្ណ អះអាងថា ការបញ្ឈប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចេញពីអភ័យឯកសិទ្ធិ គឺជាទង្វើមួយខុសនឹងច្បាប់ធម្មនុញ្ញ ជាហេតុធ្វើឲ្យរដ្ឋធម្មនុញ្ញ អធម្មនុញ្ញភាព ៖ "បញ្ឈប់ការងារអ្នកតំណាងរាស្រ្ដ ដែលជា កិច្ចការនេះគឺជាកិច្ចការរំលោភរដ្ឋធម្មនុញ្ញ ហើយដែលធ្វើឲ្យសភា ក្លាយទៅជាអធម្មនុញ្ញភាព ក្លាយទៅជាអ្វីដែលសភាកំពុងមាននេះគឺខុសច្បាប់ អញ្ចឹងត្រូវតែទទួលយកអ្នកតំណាងរាស្ដ្រ ទៅធ្វើការនៅក្នុងរដ្ឋសភាវិញ ពីព្រោះគេមិនអាចមនុស្សពីរ បីនាក់ នៅក្នុងបន្ទាប់ប្រជុំ ប្រជុំគ្នាដើម្បីដកតួនាទី និងភារកិច្ចរបស់គណបក្សសង្រ្គោះជាតិ មានតែការដឹកនាំតាមរបៀបផ្ដាច់ការទេ ដែលធ្វើបែបនេះបាន ដូច្នេះប្រជាពលរដ្ឋអ្នកបោះឆ្នោតឲ្យអ្នកតំណាងរាស្ដ្រ ទាំង២៨រូបហ្នឹង គឺមិនទទួលបានជាដាច់ខាត" ។
គួរបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស និងតំណាងរាស្ត្រគណបក្សសមរង្ស៊ី សរុបចំនួន២៨រូប ត្រូវបានរដ្ឋសភាបណ្តេញចេញពីតួនាទី កាលពីដើមខែមិថុនានេះ ដោយសំអាងថា ពួកគេ បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់ថា រដ្ឋសភាកម្ពុជានៅគ្រានេះ កំពុងដាក់ឲ្យស្ថិតក្នុងវិបត្តិធម្មនុញ្ញភាព ឬមិនស្របរដ្ឋធម្មនុញ្ញ ឬសភាត្រូវបានរំលាយមុនចប់អាណត្តិ៕
No comments:
Post a Comment
yes